Connect with us

ព័ត៌មានជាតិ

ព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរជាងមុន  ក្រោយការវះកាត់បាន១សប្ដាហ៍មកនេះ

បានផុស

នៅ

ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី  បន្ទាប់ពីគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរយៈពេលមួយសប្តាហ៍នេះ បានប្រសើរបន្តិចជាងមុន ក្រោយទទួលការព្យាបាលព្រះរោគដោយការវះកាត់ធំ ដោយសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសដ៏ជំនាញ និងក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ពោរពេញដោយបទពិសោធបច្ចេកទេសខ្ពស់ជាច្រើនឆ្នាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំងចេញនាព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងព្រះបរមរាជវាំង គូសបញ្ជាក់ថា៖«វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយព្យួរសេរ៉ូម ឆ្លុះអេក្ខព្រះទរ ព្រះបាទ និងថ្វាយព្រះឱសថបំបាត់ការឈឺចាប់ ព្រះឱសថផ្សះមុខរបួសវះកាត់តាមពេលវេលាកំណត់ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ »។

បើតាមក្រសួងព្រះបរមរាជវាំង វេជ្ជបណ្ឌិតបានបន្តក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រកម្ពុជា សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ដើម្បីពិនិត្យតាមដាន និងទទួលថែទាំព្រះរាជសុខភាពជាបន្តបន្ទាប់នៅក្នុងមន្ទីរពេទ្យ។

ព្រះមហាក្សត្រកម្ពុជា ព្រះអង្គមានព្រះរោគ​មហារីកនៅ​ក្រពេញប្រូស្តាត (Prostate Cancer) ដោយក្រុមវេជ្ជបណ្ឌិតចិន តម្រូវព្រះអង្គទទួលការព្យាបាលព្រះរោគដោយការវះកាត់។ ព្រះមហាក្សត្រកម្ពុជា  ទទួលបានការវះកាត់ដោយជោគជ័យពីក្រុមវេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យប៉េកាំង នៅព្រឹកថ្ងៃទី២០ ខែមេសា។

នៅថ្ងៃទី១៧ ខែមេសា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងកូនប្រុសពីររូប គឺឯកឧត្ដម ហ៊ុន ម៉ានិត និងឯកឧត្ដម ហ៊ុន ម៉ានី បានធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះទីរដ្ឋធានីប៉េកាំង ក្នុងគោលដៅតែមួយគត់ គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះ  ព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសូមថ្លែងអំណរព្រះគុណ និងអរគុណថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងប្រជាជាតិកម្ពុជាដែលតែងតែបានថ្វាយព្រះពរ និងបួងសួងសូមឱ្យព្រះអង្គ បានឆាប់ជាសះស្បើយពីព្រះរោគជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម