Connect with us

ព័ត៌មានជាតិ

ខណៈសន្តិសុខសមុទ្រមានការគំរាមកំហែងកាន់តែខ្លាំង កម្ពុជា​ប្ដេជ្ញាចិត្តគោរពច្បាប់អន្តរជាតិ និងពង្រឹងសន្តិសុខលម្ហសមុទ្រ

បានផុស

នៅ

ស្ថិតក្នុងបរិបទដែលសន្តិសុខសមុទ្រមានការគំរាមកំហែងកាន់តែខ្លាំងឡើង កម្ពុជាជំរុញការលើកកម្ពស់ការដោះស្រាយដោយសន្តិវិធីចំពោះជម្លោះដែលបានកើតឡើង តាមរយៈកិច្ចសន្ទនា ខណៈកម្ពុជាក៏បង្ហាញការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះការគោរពច្បាប់អន្តរជាតិ និងចូលរួមពង្រឹងសន្តិសុខលម្ហសមុទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាការថ្លែងរបស់លោកទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា ដែលជាប្រេសិតពិសេសតំណាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើកឡើងក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ដីពីសុវត្ថិភាព និងការការពារផ្លូវទឹកនៅក្នុងដែនសមុទ្រ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

ពីទីស្នាក់ការកណ្តាលក្រុមប្រឹក្សាសន្តិសុខ នាទីក្រុងញូវយ៉ក លោក សុក ស៊ីផាន់ណា បានលើកឡើងអំពីសារសំខាន់នៃផ្លូវទឹកសមុទ្រដែលមានសុវត្ថិភាពចំពោះសន្តិភាព សន្តិសុខអន្តរជាតិ ស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកបានគូសរំលេចពីការផ្ដល់សច្ចាប័នរបស់កម្ពុជាលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) និងកិច្ចព្រមព្រៀងស្តីពីជីវចម្រុះសមុទ្រនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ដែលបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសណ្តាប់ធ្នាប់សមុទ្រដែលមានមូលដ្ឋានលើច្បាប់ និងការគ្រប់គ្រងធនធានមហាសមុទ្រដោយមានការទទួលខុសត្រូវ។

ក្នុងសុន្ទរកថា លោក សុក ស៊ីផាន់ណា ក៏បានលើកឡើងពីអាទិភាព៣របស់កម្ពុជាដើម្បីដោះស្រាយការគំរាមកំហែងដល់សន្តិសុខលម្ហសមុទ្រដែលកំពុងកើនឡើង ដោយទីមួយ ជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត។ ទីពីរ លោក ថា កម្ពុជាសង្កត់ធ្ងន់លើសារសំខាន់នៃការពង្រឹងការផ្ដល់ជំនួយបច្ចេកទេសដល់ប្រទេសឆ្នេរសមុទ្រកំពុងអភិវឌ្ឍ។ រីឯអាទិភាពទី៣នោះ ក្រុមប្រឹក្សាសន្តិសុខគួរតែបង្កើតអភិក្រមរួម និងបង្ការជាមុន ដែលពង្រឹងភាពធន់រយៈពេលវែង។

ឈរលើអាទិភាពខាងលើនេះ លោក បានគូសបញ្ជាក់ទៅកាន់តំណាងប្រទេសផ្សេងទៀតថា កម្ពុជាប្តេជ្ញាចិត្តគោរពច្បាប់អន្តរជាតិ លើកកម្ពស់កិច្ចសន្ទនាដោយសន្តិវិធី និងការពង្រឹងសន្តិសុខលម្អសមុទ្រ រួមទាំងតាមរយៈការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

លោក សុក ស៊ីផាន់ណា បន្តប្រាប់កិច្ចពិភាក្សាថា កម្ពុជាសូមគូសបញ្ជាក់ជាថ្មីការប្តេជ្ញាចិត្តចំពោះតម្លាភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយកម្ពុជាស្វាគមន៍ផងដែរនូវនាវាបរទេសជាមិត្តចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលត្រូវបានធ្វើទំនើបកម្មសម្រាប់គោលបំណងការហ្វឹកហាត់រួម ជំនួយមនុស្សធម៌ ការឆ្លើយតបគ្រោះមហន្តរាយនិងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម