Connect with us

ព័ត៌មានជាតិ

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ឆ្លើយ​តប​នឹង​ហេតុការណ៍​ទាហាន​ថៃ​ផ្ទុះ​អាវុធ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា

បានផុស

នៅ

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា​ជំរុញ​ដល់​កម្ពុជា​និង​ថៃ​ក្នុង​ការ​រក្សា​ឱ្យ​បាន​នូវ​បទ​ឈប់​បាញ់​បន្ទាប់​ពី​ហេតុ​ការណ៍​ទាហាន​ថៃ​ផ្ទុះ​អាវុធ​ក្នុង​ពេល​ដែល​កម្ពុជា​សម្របសម្រួល​ក្រុម​អនុព័ន្ធ​យោធា​បរទេស​ចុះ​សង្កេតការណ៍​នៅ​ច្រក​អូរស្មាច់​ ខេត្ត​ឧត្តរមានជ័យ​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឆ្លើយ​តប​មក​កម្ពុជា​ថ្មី​តាមរយៈ​សារ​អេឡិចត្រូនិក​អ៊ីមែល​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៦​នេះ ស្ថានទូត​អូស្ត្រាលី​បាន​បញ្ជាក់​ថា​ អនុព័ន្ធ​យោធា​របស់​ខ្លួន​ពិត​ជា​បាន​ចូលរួម​សង្កេត​ការណ៍​តាម​ការ​សម្រប​សម្រួល​របស់​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ ខែ​មេសា​ មែន​ ខណៈ​ស្ថានទូត​បាន​បន្ត​ជំរុញ​ឱ្យ​កម្ពុជា​និង​ថៃ​រក្សា​ឱ្យ​បាន​នូវ​បទ​ឈប់​បាញ់​ដោយ​ស្មោះ​ត្រង់​។

ស្ថានទូត​អូស្ត្រាលី​បាន​បញ្ជាក់​ថា​៖ «អូស្ត្រាលី​បន្ត​ជំរុញ​ឲ្យ​កម្ពុជា និង​ថៃ​អនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ដោយ​ស្មោះត្រង់ និង​ធ្វើការ​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​សន្តិភាព​យូរអង្វែង»​


គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​១០​និង​៣៥នាទី​ព្រឹក​ក្នុង​ពេល​ដែល​កម្ពុជា​​​កំពុង​សម្របសម្រួល​ក្រុម​អនុព័ន្ធ​យោធា​បរទេស​ប្រចាំ​កម្ពុជា​ចុះ​សង្កេត​ការណ៍​នៅ​ច្រក​អូរស្មាច់​ ខេត្ត​ឧត្តរមានជ័យ​ ទាហាន​ថៃ​បាន​ផ្ទុះ​អាវុធ​ដោយ​បាញ់​កាំ​ភ្លើង​ M79 និង​M16 ចំនួន​៩​គ្រាប់​ និង​ត្រូវ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ​ចាត់​ទុក​ជា​សកម្មភាព​ដែល​​ផ្ទុយ​នឹង​ស្មារតី​នៃ​បទ​ឈប់​បាញ់ និង​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​​គ្នា​ក្នុង​ការ​កាត់​បន្ថយ​ភាព​តាន​តឹង និង​លើ​កម្ពស់​សន្តិភាព សន្តិសុខ និង​ភាព​ស្ងប់ស្ងាត់​នៅ​តាម​បណ្ដោយ​ព្រំដែន​។

កម្ពុជា​បាន​បញ្ជាក់​ថា​​ខ្លួន​នៅ​តែ​ប្តេជ្ញា​ចិត្ត​គោរព​ និង​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តី​ថ្លែង​ការណ៍​រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ច​ព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្រប​តាម​ច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម