Connect with us

ព័ត៌មានជាតិ

គិតត្រឹមខែមេសាឆ្នាំនេះ សមាជិក ប.ស.ស ចូលនិវត្តន៍ជាង៨ពាន់នាក់ ទទួលបានប្រាក់សោធន

បានផុស

នៅ

គិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិក ប.ស.ស ចូលនិវត្តន៍ជាង ៨ ៦០០នាក់ហើយ ទទួលបានប្រាក់សោធន ឬ ប្រាក់រ៉ឺត្រែត ពី ប.ស.ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៩ ខែឧសភា នេះថា គិតចាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន កាលពីចុងឆ្នាំ២០២២ រហូតមកដល់ត្រឹមខែមេសា ឆ្នាំ២០២៦ នេះប.ស.ស. បានផ្ដល់តាវកាលិករបបសន្តិសុខសង្គមផែ្នកប្រាក់សោធន មានចំនួន ៨ ៦២៩នាក់ ស្រី ៣ ៥៩៤នាក់ ដោយចំណាយអស់ទឹកប្រាក់ចំនួន ២៦,៧៤៤.០២លានរៀល ស្មើនឹងប្រមាណ ៦.៧ដុល្លា។

លោកបណ្ឌិត បានបន្តថា ប្រាក់សោធន បានរួមចំណែកធានាសន្តិសុខ និងស្ថិរភាពប្រាក់ចំណូល នៅពេលសមាជិក ប.ស.ស ចូលនិវត្តន៍ដូចមន្ត្រីរាជការដែរ ព្រមទាំងផ្តល់របបថែទាំសុខភាពដល់សោធនិក ដែលជាសមាជិក ប.ស.ស នៅពេលចាស់ទៅ។

លោកអគ្គនាយករង ប.ស.ស បានបន្តទៀតថា ការបង់ប្រាក់ភាគទានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនពីនិយោជក និង កម្មករ-និយោជិតនេះ តម្រូវឱ្យបង់ចំនួន ៤ ភាគរយ នៃចំនួនប្រាក់ឈ្នួលរបស់កម្មករ-និយោជិត ក្នុងនោះ និយោជក ត្រូវបង់ ២ ភាគរយ និង កម្មករ-និយោជិត បង់ ២ ភាគរយ។ នៅពេលកម្មករ និង និយោជិត ដល់អាយុ ៦០ ឆ្នាំ ដែលត្រូវចូលនិវត្ត នឹងទទួលបានប្រាក់សោធនដូចមន្ត្រីរាជការបម្រើការងារនៅតាមស្ថាប័នរដ្ឋដែរ ទៅតាមប្រាក់ឈ្នួលដែលម្នាក់ៗ ទទួលបាន។

លោកអគ្គនាយករង ប.ស.ស បានបញ្ជាក់ឱ្យដឹងថា ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬ ប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស ត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនរួមមាន បានចុះបញ្ជីនៅ ប.ស.ស ផ្នែកប្រាក់សោធន។បានបង់ភាគទានមក ប.ស.ស បានយ៉ាងតិច ១២ខែ និងត្រូវមានអាយុយ៉ាងតិច ៦០ឆ្នាំ និង ត្រូវភ្ជាប់ឯកសារសំខាន់ៗ មួយចំនួន រួមមាន ប័ណ្ណសមាជិក ប.ស.ស ច្បាប់ដើម អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម(មានសុពលភាព) ឬ លិខិតឆ្លងដែនសម្រាប់ជនបរទេស សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីចម្លងបញ្ជាក់សំបុត្រកំណើតកូន(បើមាន) និងត្រូវមានលេខគណនីធនាគារអេស៊ីលីដា ឬ លេខគណនីធនាគារកាណាឌីយ៉ា។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានអនុវត្តរបបសន្តិសុខសង្គមចំនួន៣ រួមមាន ទី១-របបសន្តិសុខសង្គមផ្នែកហានិភ័យការងារដែលបានអនុវត្តនៅខែវិច្ឆិកា ឆ្នាំ២០០៨ សម្រាប់វិស័យឯកជន និងវិស័យសាធារណៈ អនុវត្តនៅខែមករា ឆ្នាំ ២០២១។ ទី២-របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដែលបានអនុវត្តនៅខែកញ្ញា ឆ្នាំ ២០១៦ សម្រាប់វិស័យឯកជន និង វិស័យសាធារណៈ អនុវត្តនៅខែមករា ឆ្នាំ ២០១៨ និង ទី៣-របបសន្តិសុខសង្គមផ្នែកប្រាក់សោធនដែលបានដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ ២០២២៕


អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម