Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសថា​ បទឈប់​បាញ់​ជាមួយ​ អ៊ីរ៉ង់ ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព «សង្គ្រោះបន្ទាន់ យ៉ាងធ្ងន់ធ្ងរ» 

បានផុស

នៅ

បន្ទាប់ពីទីក្រុងតេហេរ៉ង់ ឆ្លើយតបសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក ហើយដាក់លក្ខខណ្ឌ ៨ចំណុចមកវិញ ដើម្បីបញ្ចប់សង្គ្រាមតែត្រូវប្រមុខសេតវិមាន ទាត់ចោលនោះ ពេលនេះ លោក ដូណាល់ ត្រាំ និយាយថា៖ បទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតក្នុង ស្ថានភាព «សង្គ្រោះបន្ទាន់ យ៉ាងធ្ងន់ធ្ងរ» ហើយចាត់ទុកឯកសារនៃសំណើរបស់អ៊ីរ៉ង់ ថាជា «ក្រដាសសំរាម»។

លោក ដូណាល់ ត្រាំ នៅក្នុងការិយាល័យ រាងពងក្រពើ (រូប៖ Reuters)

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងការិយាល័យរាងពងក្រពើ កាលពីល្ងាចថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន ថ្លែងថា៖ «បទឈប់បាញ់ នៅតែមានប្រសិទ្ធភាព ប៉ុន្តែវាមានសភាពខ្សោយរហូតដល់មិនគួរឲ្យជឿ។ ខ្ញុំអាចនិយាយបានថា បទឈប់បាញ់នេះ កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់យ៉ាងធ្ងន់ធ្ងរ វាប្រៀបដូចជា នៅពេលដែលគ្រូពេទ្យដើរចូលមក ហើយប្រាប់ថា លោក! មនុស្សជាទីស្រឡាញ់របស់លោក មានឱកាសរស់ តែប្រហែល ១% ប៉ុណ្ណោះ»។

លោកបន្តថា៖ «ក្រុមមេដឹកនាំអ៊ីរ៉ង់ គឺជា មនុស្សដែលគ្មានកិត្តិយសទាល់តែសោះ។ មើលចុះ ខ្ញុំធ្លាប់មានកិច្ចការជាមួយពួកគេ ៤ ឬ ៥ ដងរួចមកហើយ តែពួកគេ តែងតែផ្លាស់ប្តូរចិត្តរហូត។ ក្រដាសសំរាមដែលពួកគេផ្ញើមកឲ្យយើងនោះ ខ្ញុំមិនទាន់ទាំងអានវា ចប់ផង»។

លោក ដូណាល់ ត្រាំ នៅក្នុងការិយាល័យ រាងពងក្រពើ (រូប៖ Reuters)

ប្រតិកម្មរបស់លោកត្រាំ កើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក រូបនេះច្រានចោល លក្ខខណ្ឌ ៨ចំណុចរបស់អ៊ីរ៉ង់ ក្នុងការពន្លត់ភ្លើងសង្គ្រាមជាមួយ អាមេរិក ដែលកំពុងបន្តឆាបឆេះ នៅតំបន់មជ្ឈិមបូព៌ា។

លក្ខខណ្ឌទាំង ៨ចំណុចនោះ មានដូចជា៖ បញ្ចប់សង្គ្រាមជាបន្ទាន់, ធានាថា អ៊ីរ៉ង់ នឹងមិនរងការវាយប្រហារម្ដងទៀត, ដកទណ្ឌកម្ម របស់សហរដ្ឋអាមេរិកចេញ, បញ្ចប់ការប្រយុទ្ធគ្នា នៅគ្រប់សមរភូមិ, អ៊ីរ៉ង់ ត្រូវគ្រប់គ្រងច្រកសមុទ្រ Hormuz, កងទ័ពជើងទឹកអាមេរិក ត្រូវបញ្ចប់ការបិទខ្ទប់ផ្លូវទឹក, លុបចោលទណ្ឌកម្មរបស់អាមេរិក លើវិស័យប្រេងក្នុងរយៈពេល ៣០ ថ្ងៃ និង ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលបង្កក ត្រូវបញ្ចេញមកវិញ។

យ៉ាងណាក្តី ជុំវិញលក្ខខណ្ឌទាំងនេះ ត្រូវបានលោក ត្រាំ បដិសេធភ្លាមៗ ដោយប្រកាសថា មិនអាចទទួលយកបានសោះឡើយ។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ ប្រមុខសេតវិមាន អះអាងថា៖ «ខ្ញុំ ទើបតែអាន ការឆ្លើយតបពីអ្នកដែលហៅថា “តំណាង” របស់អ៊ីរ៉ង់។ ខ្ញុំមិនចូលចិត្តទេ – គឺមិនអាចទទួលយកបាន ទាំងស្រុងតែម្តង»៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម