Connect with us

ព័ត៌មានអន្ដរជាតិ

វ៉េណេស៊ុយអេឡា ថា មិនព្រម​ធ្វើ​ជា «រដ្ឋទី៥១» របស់អាមេរិក តាម​បំណងរបស់លោក ត្រាំ ទេ

បានផុស

នៅ

ទោះបីជាមានការលើកឡើងពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ ក៏រដ្ឋាភិបាលថ្មីរបស់ប្រទេសវ៉េណេស៊ុយអេឡា បានប្រកាសយ៉ាងច្បាស់ៗថា ខ្លួនមិនដែលគិតចង់ក្លាយជា «រដ្ឋទី៥១» របស់សហរដ្ឋអាមេរិកនោះឡើយ។

អ្នកស្រី Delcy Rodriguez (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការ​ផ្សាយ​របស់ The Hill កាលពី​ថ្ងៃទី​១១ ខែ​ឧសភា អ្នកស្រី Delcy Rodriguez ដែលជាប្រធានាធិបតីស្ដីទីនៃប្រទេសវ៉េណេស៊ុយអេឡា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងឡាអេថា ក្នុងនាមជាប្រជាជាតិមួយ វ៉េណេស៊ុយអេឡា តែងតែស្រឡាញ់ និងឱ្យតម្លៃបំផុតលើឯករាជ្យភាព និងវីរភាពរបស់ដូនតាខ្លួន ដូច្នេះការក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក គឺជារឿងដែលមិនអាចទៅរួច។

ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់នេះ បានកើតឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបង្ហើបប្រាប់សារព័ត៌មាន Fox News ថា លោកកំពុងពិចារណាយ៉ាងហ្មត់ចត់ ក្នុងការបញ្ចូលវ៉េណេស៊ុយអេឡាឱ្យទៅជារដ្ឋទី៥១ របស់អាមេរិក។ ចាប់តាំងពីសហរដ្ឋអាមេរិកបានចាប់ខ្លួនអតីតមេដឹកនាំលោក នីកូឡាស ម៉ាឌូរ៉ូ កាលពីដើមឆ្នាំ២០២៦ មក លោក ត្រាំ តែងតែបង្ហាញមោទកភាព ចំពោះការមានឥទ្ធិពលលើប្រទេស ដែលសម្បូរទៅដោយប្រេងកាតមួយនេះ ហើយថែមទាំងបានបង្ហោះសារបែបលេងសើចលាយឡំការចង់បាននៅលើបណ្តាញសង្គម Truth Social ទៀតផង។

ដ្បិត​​បដិសេធរឿងចូលជាសមាជិករដ្ឋរបស់អាមេរិក ប៉ុន្តែអ្នកស្រី Rodriguez បានបញ្ជាក់ថា រដ្ឋាភិបាលរបស់អ្នកស្រី កំពុងសហការយ៉ាងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន តាមរយៈរបៀបវារៈការទូត និងសេដ្ឋកិច្ច។ ចាប់តាំងពីឡើងមកដឹកនាំបន្តពីលោក ម៉ាឌូរ៉ូ អ្នកស្រី Rodriguez បានធ្វើកំណែទម្រង់ជាច្រើន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុនអាមេរិក ចូលមកវិនិយោគលើវិស័យរ៉ែ និងប្រេងកាតយ៉ាងទូលំទូលាយ ដែលចំណុចនេះហើយទើបធ្វើឱ្យលោក ត្រាំ តែងតែពោលពាក្យសរសើរអ្នកស្រីមិនដាច់ពីមាត់។

ក្រៅពីបញ្ហាសេដ្ឋកិច្ច អ្នកស្រីប្រធានាធិបតីស្ដីទីរូបនេះ ក៏បានជំរុញឱ្យមានការដោះលែងអ្នកទោសនយោបាយរាប់រយនាក់ផងដែរ ខណៈ​បច្ចុប្បន្ននៅសល់ប្រមាណ ៥០០នាក់ទៀតក្នុងពន្ធនាគារ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិក និងវ៉េណេស៊ុយអេឡា បានចាប់ផ្តើមមានភាពកក់ក្តៅឡើងវិញ បន្ទាប់ពីបានកាត់ផ្តាច់អស់រយៈពេល ៧ឆ្នាំ។ ទោះជាយ៉ាងណា ក្រុមប្រឆាំងនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា នៅតែបន្តទាមទារឱ្យមានការបោះឆ្នោតជាតិមួយឱ្យបានត្រឹមត្រូវ ដើម្បីកំណត់អនាគតប្រទេសជាតិឱ្យកាន់តែច្បាស់លាស់៕

លោក ត្រាំ (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម