Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ជំរុញឱ្យប៉ាគីស្ថានជួយធ្វើអន្តរាគមន៍ និងសម្រួលភាពតានតឹង នៅច្រកសមុទ្រ Hormuz

បានផុស

នៅ

នៅក្នុងកិច្ចសន្ទនាដ៏សំខាន់មួយតាមទូរសព្ទ កាលពីថ្ងៃអង្គារ ទី​១២ ខែ​ឧសភា កន្លងទៅ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានលើកទឹកចិត្តដល់ប្រទេសប៉ាគីស្ថាន ឱ្យបន្តដើរតួនាទីជាអ្នកសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាដ៏ក្តៅគគុក នៅតំបន់ច្រកសមុទ្រ Hormuz។

លោក Ishaq Dar និង​លោក វ៉ាង យី (រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ Anadolu នា​ថ្ងៃទី​១៣ ឧសភា នេះ ការជំរុញរបស់​ចិន កើតឡើង ខណៈពេលដែលប៉ាគីស្ថាន កំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការរៀបចំឱ្យមានកិច្ចចរចាដោយផ្ទាល់ជាលើកទីពីរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះ ដែលកំពុងអូសបន្លាយ។

ការពិភាក្សារវាងលោក វ៉ាង យី និងសមភាគីប៉ាគីស្ថាន លោក Ishaq Dar ធ្វើឡើង ចំពេលដែលពិភពលោក កំពុងរង់ចាំមើលដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង។ ក្នុងដំណើរទស្សនកិច្ចនោះ លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង អំពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងបញ្ហាទ្វេភាគីសំខាន់ៗផ្សេងទៀត ដែលកំពុងជះឥទ្ធិពលដល់ស្ថិរភាពសកលលោក។

ភាគីទាំងពីរ បានសង្កត់ធ្ងន់ថា ការរក្សាបទឈប់បាញ់ឱ្យបានយូរអង្វែងរវាងអាមេរិក និងអ៊ីរ៉ង់ គឺជាកត្តាចាំបាច់បំផុត រួមទាំងការធានាឱ្យបាននូវការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយរលូន ព្រោះវាជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។ លោក វ៉ាង យី ក៏បានបង្ហាញនូវការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាន ដែលបានព្យាយាមផ្សារភ្ជាប់ទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ដើម្បីស្វែងរកសន្តិភាពក្នុងតំបន់។

គួររំលឹកផងដែរថា ប៉ាគីស្ថាន ធ្លាប់បានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់រយៈពេលពីរសប្តាហ៍ កាលពីដើមខែមេសា ប៉ុន្តែការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដកន្លងមក នៅមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅឡើយទេ។ បច្ចុប្បន្ន ភាគីជម្លោះទាំងពីរ កំពុងតែផ្លាស់ប្តូរលក្ខខណ្ឌគ្នាទៅវិញទៅមក ដើម្បីស្វែងរកចំណុចកណ្តាលមួយ ក្នុងបំណងបើកការចរចាជាថ្មី ដែលអាចនឹងជួយស្រោចស្រង់ដល់ការផ្គត់ផ្គង់ថាមពលពិភពលោក និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ដែលកំពុងរងផលប៉ះពាល់។

ក្រៅពីបញ្ហាសន្តិសុខតំបន់ ប្រទេសទាំងពីរ ក៏បានឆ្លៀតឱកាសនេះ ពិភាក្សាគ្នាអំពីការរៀបចំខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងចិន និងប៉ាគីស្ថាន ព្រមទាំងប្តេជ្ញានឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរនាពេលអនាគត៕

ប្រែសម្រួល៖​ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម