Connect with us

ព័ត៌មានជាតិ

កម្ពុជា និងវៀតណាម បង្ហាញការពេញចិត្តចំពោះសន្តិភាពតាមព្រំដែនប្រទេសទាំងពីរ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះសន្តិភាពតាមបណ្ដោយព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ខណៈដែលអាជ្ញាធរនៃប្រទេសទាំងពីរបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងកិច្ចសហប្រតិបត្តិការនៅតាមព្រំដែននេះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនា និងចលនាមហាជននៃបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងនៅក្នុងជំនួបទល់មុខជាមួយនឹងសម្ដេចតេជោកាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមនៅតាមព្រំដែន ជាកិច្ចការដ៏ល្អដែលប្រទេសទាំងពីរបានធ្វើការជាមួយគ្នា ដោយរក្សាបាននូវសន្តិសុខ និងសន្តិភាពនៅតាមព្រំដែនយ៉ាងរឹងមាំ។

លោក ត្រិញ វ៉ាន់ក្វៀត រំពឹងថា កម្ពុជា និងវៀតណាម នឹងបន្តនូវកិច្ចការនេះបន្ថែមទៀតឱ្យកាន់តែមានភាពឋិតថេរ សំដៅដល់ការផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននៅតាមព្រំដែនរវាងប្រទេសទាំងពីរ។

ទាក់ទងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃកិច្ចសហការនៅតាមព្រំដែននេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានសម្ដែងនូវការពេញចិត្ត ដោយសម្ដេច បានបញ្ជាក់ថា កន្លងមក កម្ពុជាតែងតែជំរុញឱ្យអាជ្ញាធរនៅតាមបណ្ដាខេត្តជាប់ព្រំដែន ធ្វើយ៉ាងណាបង្កើននូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម តាមព្រំដែនឱ្យមានភាពរឹងមាំ។

សម្ដេចតេជោ ក៏បានលើកឡើងពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចចង់ឃើញទំហំនៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឡើងដល់២០ពាន់លានដុល្លារ នាពេលខាងមុខ តាមអ្វីដែលប្រទេសទាំងពីរបានប្ដេជ្ញាជាមួយគ្នា។

ទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារនេះ តាមការប៉ាន់ប្រមាណរបស់សម្ដេចតេជោ គឺប្រទេសទាំងពីរមានលទ្ធភាពធ្វើទៅបាន ដោយសារពីមួយឆ្នាំទៅមួយឆ្នាំ កំណើននៃការនាំចេញក្នុងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់។ ជាក់ស្ដែងកាលពីឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាម បានកើនដល់ ១១ពាន់លានដុល្លារអាម៉េរិក។

ផ្អែកលើការប៉ាន់ប្រមាណនេះ ទាំងសម្ដេចតេជោ និងមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម សុទ្ធតែមានសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម នឹងអាចសម្រេចទៅបានតាមគោលដៅ២០ពាន់លានដុល្លារ នាពេលខាងមុខ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម