Connect with us

ព័ត៌មានជាតិ

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ពង្រឹងវិន័យការងារ និងរឹតបន្តឹងការបង្ក្រាប Online Scams និងបទល្មើសឆ្លងដែន

បានផុស

នៅ

លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តសម្រាប់ខែបន្ទាប់ ដោយផ្តោតសំខាន់លើការពង្រឹងវិន័យកងកម្លាំង ការគ្រប់គ្រងច្រកទ្វារព្រំដែន និងការបង្ការ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំនោះ លោកនាយប៉ុស្តិ៍បានផ្សព្វផ្សាយដល់កងកម្លាំងអំពីប្រកាសលេខ ៨៧៣ ប្រ.ក ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ព្រមទាំងសេចក្តីណែនាំ និងគោលការណ៍នានារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលពាក់ព័ន្ធនឹងការពង្រឹងរបៀបរបបការងារ ការគ្រប់គ្រងវត្តមាន ការអនុញ្ញាតថ្ងៃឈប់សម្រាក និងការគ្រប់គ្រងមន្ត្រីនគរបាលអន្តោប្រវេសន៍នៅតាមច្រកទ្វារអន្តរជាតិ និងព្រំដែនអន្តរជាតិ។ ជាមួយ​គ្នា​នោះ​លោកបានជំរុញឱ្យមន្ត្រីទាំងអស់គោរពបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព និងអនុវត្តឱ្យបានត្រឹមត្រូវនូវការប្រើប្រាស់ប្រព័ន្ធ BLTMS ដែលជាប្រព័ន្ធគ្រប់គ្រងអ្នកដំណើរលក្ខណៈតំបន់ និងទ្វេភាគី ព្រមទាំងប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា TMS Mobile ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងអ្នកដំណើរ និងមធ្យោបាយដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា ក៏បានណែនាំឱ្យកងកម្លាំងរៀបចំវេនប្រចាំការឱ្យបានម៉ឺងម៉ាត់​២៤ម៉ោង​លើ២៤ម៉ោង បង្កើនការល្បាតត្រួតពិនិត្យតាមគោលដៅ និងរឹតបន្តឹងការត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ។ អង្គប្រជុំបានសង្កត់ធ្ងន់លើការបន្តត្រួតពិនិត្យស្ត្រីជនជាតិខ្មែរអាយុចន្លោះពី ១៨ ដល់ ៣៥ ឆ្នាំ ដើម្បីបង្ការករណីចាញ់បោកមេខ្យល់នាំទៅធ្វើការនៅក្រៅប្រទេសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ ទន្ទឹមនឹងនោះ កម្លាំងត្រូវពង្រឹងការគ្រប់គ្រងមុខសញ្ញាអន្តោប្រវេសន៍ និងមុខសញ្ញានយោបាយឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ។ ហើយក៏បានណែនាំឱ្យមន្ត្រីទាំងអស់បង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន បទល្មើសជួញដូរមនុស្ស និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ជាពិសេស ត្រូវចូលរួមប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងហាមដាច់ខាតមន្ត្រីនគរបាលគ្រប់រូបមិនឱ្យពាក់ព័ន្ធ ឬចូលរួមផ្សព្វផ្សាយសកម្មភាពល្មើសច្បាប់ទាំងនេះឡើយ។
លើសពីនេះ មន្ត្រីត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវសកម្មភាពបំពានបូរណភាពទឹកដី និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដែលអាចកើតមានក្នុងភូមិសាស្ត្រគ្រប់គ្រង។

ក្នុងឱកាសនោះដែរ លោកនាយប៉ុស្តិ៍ក៏បានលើកទឹកចិត្តដល់មន្ត្រីដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យខិតខំរៀនសូត្រ និងពង្រឹងសមត្ថភាព ដើម្បីត្រៀមប្រឡងសមត្ថភាពលើច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធការងារជំនាញអន្តោប្រវេសន៍នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យទទួលបានលទ្ធផលល្អ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម