ព័ត៌មានជាតិ
ផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧ ព្រះអង្គបានបញ្ជាឲ្យកសាងទីក្រុងថ្មីមួយឈ្មោះថា អង្គរធំឬយសោធរបុរៈដែលមានផ្ទៃក្រឡាទំហំ ១២ គីឡូម៉ែត្រការ៉េ និងមានប្រាសាទបាយ័នជាចំណុចកណ្ដាល។
ដើម្បីភ្ជាប់រាជធានីទៅកាន់ខេត្តខណ្ឌ និងមជ្ឈមណ្ឌលផ្សេងៗនៃដែនដីអាណាចក្រខ្មែរ ព្រះអង្គបានរៀបចំបណ្ដាញផ្លូវគមនាគមន៍យ៉ាងខ្វាត់ខ្វែង ដែលបែងចែកជាពីរប្រភេទធំៗគឺ បណ្ដាញផ្លូវនៅក្នុងរាជធានី និងបណ្ដាញផ្លូវភ្ជាប់ទៅកាន់តំបន់ឆ្ងាយៗពីរាជធានី។

តាមរយៈគម្រោងសិក្សាស្រាវជ្រាវ Living Angkor Road Project ដែលអាជ្ញាធរជាតិអប្សរាសហការជាមួយអ្នកស្រាវជ្រាវបារាំងនិងជប៉ុន បានរកឃើញបណ្តាញផ្លូវសំខាន់ៗចំនួន ៧ ខ្សែ ដែលសាងសង់តភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនអាណាចក្រខ្មែរ។ នេះបើតាមលោក សូម សោភា មន្រ្តីអាជ្ញាធរជាតិអប្សរាវប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់បេតិកភណ្ឌក្នុងតំបន់រមណីយដ្ឋានអង្គរ។
លោក សូម សោភា បានលើកបង្ហាញពីខ្សែផ្លូវសំខាន់ៗ ដែលសាងសង់ក្នុងសម័យអាណាចក្រខ្មែរតភ្ជាប់ពីតំបន់រដ្ឋបាលរាជធានីទៅដែនដីឆ្ងាយៗដែលលាតសន្ធឹងរហូតដល់ប្រទេសចិន។
ខ្សែទី ១ (អង្គរ-ស្ដុកកក់ធំ)៖ ចេញពីអង្គរកាត់តាមបារាយណ៍ទឹកថ្លា ឆ្ពោះទៅកាន់ប្រាសាទស្ដុកកក់ធំ (បច្ចុប្បន្នស្ថិតនៅក្នុងខេត្តស្រះកែវប្រទេសថៃមានចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីព្រំដែន)។ ផ្លូវមួយខ្សែនេះនៅតែត្រូវបានអ្នកស្រុកក្នុងតំបន់ប្រើប្រាស់ និងមានការកែសម្រួលខ្លះៗរហូតដល់បច្ចុប្បន្ន។
ខ្សែទី២ (អង្គរ-ភិមាយ)៖ ចេញពីខ្លោងទ្វារខាងជើងឆ្ពោះទៅតំបន់ភិមាយ។ ផ្លូវនេះមានសភាពល្អនៅក្នុងទឹកដីកម្ពុជា ប៉ុន្តែនៅពេលឆ្លងកាត់ភ្នំដងរែកទៅភាគខាងជើងប្រទេសថៃ ភាគច្រើនបានបាត់បង់ដោយសារការអភិវឌ្ឍនានា។
ខ្សែទី៣ (អង្គរ-សំបូរព្រៃគុក)៖ ផ្លូវបុរាណនេះស្របតាមផ្លូវជាតិលេខ ៦ បច្ចុប្បន្ន កាត់តាមបារាយណ៍ បាគង និងរលួស រហូតដល់ប្រាសាទអណ្ដែត និងឆ្ពោះទៅប្រាសាទសំបូរព្រៃគុកក្នុងខេត្តកំពង់ធំ។
ខ្សែទី ៤ (អង្គរ-បេងមាលា)៖ ចេញពីអង្គរទៅទិសខាងកើត កាត់តាមប្រាសាទចៅស្រីវិបុល រហូតដល់បឹងមាលា។
ខ្សែទី ៥ (អង្គរ-បេងមាលា-បាកាន)៖ ជាផ្លូវបំបែកចេញពីបឹងមាលាឆ្ពោះទៅទិសខាងកើតត្រង់ រហូតដល់ប្រាសាទព្រះខ័នកំពង់ស្វាយ (អ្នកស្រុកហៅប្រាសាទបាកាន)។
ខ្សែទី៦ (កោះកេរ្តិ៍-វត្តភូ)៖ ជាផ្លូវមួយខ្សែទៀតដែលបែកចេញពីបឹងមាលាឆ្ពោះទៅប្រាសាទកោះកេរ្តិ៍ រួចតភ្ជាប់រហូតដល់ប្រាសាទវត្តភូនៅប្រទេសឡាវបច្ចុប្បន្ន។
ខ្សែទី៧ (បេងមាលា-កោះកេរ្តិ៍)៖ ភ្ជាប់ទៅតំបន់កោះកេរ្តិ៍ខេត្តព្រះវិហារ។


លោក សូម សោភា បានអះអាងថា ភាគច្រើនផ្លូវបុរាណទាំងនេះនៅសល់ស្លាកស្នាមរូបរាងរហូតដល់សព្វថ្ងៃ។ ជាក់ស្តែងផ្លូវជាតិលេខ ៦ បច្ចុប្បន្នក៏នៅតែរក្សាស្លាកស្នាមផ្លូវបុរាណ និងទីតាំងស្ពានចាស់ៗមួយចំនួនផងដែរ។
បន្ថែមពីនេះ បើតាមមន្រ្តីអាជ្ញាធរអប្សរា នៅតាមបណ្ដោយដងផ្លូវបុរាណគេតែងសង្កេតឃើញមានស្ពានដែលជាតម្រុយដ៏សំខាន់សម្រាប់កំណត់ខ្សែផ្លូវ រួមទាំងស្រះទឹក ទួលប្រាសាទ សាលាសំណាក់ និងមន្ទីរពេទ្យ ដែលជាទូទៅសំណង់ទាំងនេះមិននៅជាប់ផ្លូវផ្ទាល់នោះទេគឺមានចម្ងាយចន្លោះពី ៥០០ ម៉ែត្រ ទៅ ១ គីឡូម៉ែត្រពីតួផ្លូវ។
យោងតាមសិលាចារឹកនៅប្រាសាទតាព្រហ្មបង្ហាញថា នៅក្នុងសម័យអង្គរមានការសាងសង់សំណង់អរោគសាលា (មន្ទីរពេទ្យ) រហូតដល់ទៅ ១០២ កន្លែង ដែលក្នុងនោះជាង ៣០ កន្លែងស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជាបច្ចុប្បន្ន និងមួយចំនួនទៀតនៅក្នុងទឹកដីប្រទេសថៃ និងប្រទេសឡាវ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


