Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គំរាមទៀតហើយថា អ៊ីរ៉ង់ នឹងគ្មានសេសសល់អ្វីទេ!

បានផុស

នៅ

ម្តងហើយម្តងទៀត ចាប់តាំងពីផ្ទុះសង្គ្រាមខែកុម្ភៈមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែងគំរាមទៅអ៊ីរ៉ង់ ទាំងការនិយាយដោយផ្ទាល់ និងបង្ហោះសារលើបណ្តាញសង្គម ហើយពេលនេះ លោកសម្លុតទីក្រុងតេហេរ៉ង់ទៀតហើយថា ពួកគេ នឹងគ្មានសល់អ្វីទេ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ប្រមុខសេតវិមាន វ័យ ៧៩ឆ្នាំរូបនេះ សរសេរថា៖ «សម្រាប់អ៊ីរ៉ង់ ពេលវេលាកំពុងដើរទៅមុខហើយ ហើយពួកគេ គួរតែធ្វើសកម្មភាពឲ្យបានលឿន បើមិនដូច្នេះទេ នឹងមិនមានអ្វីសេសសល់ សម្រាប់ពួកគេឡើយ។ ពេលវេលាគឺជាមាសប្រាក់!»។

ការគំរាមថ្មីនេះ កើតឡើងក្រោយកិច្ចចរចាសន្តិភាព ត្រូវជាប់គាំង ហើយវាត្រូវបានគេមើលឃើញថា លោកត្រាំ ប្រហែលជា ចាប់ផ្តើមបើកការវាយប្រហារអ៊ីរ៉ង់ឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

នេះក៏ប្រហែលជាដោយសារលោកត្រាំ ក្តៅស្លឹកត្រចៀកផងដែរ ព្រោះកាលពីសប្តាហ៍មុន ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានទម្លាយរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា អាមេរិក និងអ៊ីរ៉ង់ ធ្លាប់ឯកភាព​​គ្នា លើកិច្ចព្រមព្រៀងជាច្រើនរួចមកហើយ ប៉ុន្តែខាងអ៊ីរ៉ង់ឯណោះ តែងតែបដិសេធ ហើយបែរជា​មិនព្រមទទួលស្គាល់ ទៅវិញ។

ក្នុងបទសម្ភាសន ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃសុក្រ ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៦ លោក ត្រាំ ថ្លែងថា៖ «យើង ពិតជាបានឈានដល់ ការព្រមព្រៀងគ្នាយ៉ាងច្បាស់លាស់ហើយ ប៉ុន្តែឲ្យតែពេលណា ពួកគេយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដល់ថ្ងៃបន្ទាប់មក ពួកគេធ្វើដូចជា យើងមិនធ្លាប់បាននិយាយជជែកគ្នាពីរឿងហ្នឹងអ៊ីចឹង»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

មេដឹកនាំអាមេរិក អះអាងទៀតថា ក្នុងកិច្ចព្រមព្រៀងនោះ គឺមានរួមបញ្ចូលទាំង ការដែលអ៊ីរ៉ង់ ត្រូវប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចទាំងអស់ ឲ្យមកអាមេរិកផងដែរ។ ដើម្បីធានាថា សារធាតុអ៊ុយរ៉ាញ៉ូមទាំងនោះ មិនត្រូវបានគេលួចកាយយកចេញ មុនពេលកិច្ចព្រមព្រៀងត្រូវបានសម្រេចជាផ្លូវការ លោក ត្រាំ បញ្ជាក់ថា អាមេរិក កំពុងតែដាក់តំបន់នោះ ក្រោមការតាមដានយ៉ាងតឹងរ៉ឹងបំផុត ដោយមានកាមេរ៉ារហូតដល់ទៅ ៩គ្រឿងរបស់កងទ័ពអវកាសអាមេរិក ចាប់ហ្ស៊ូមមើលចំទីតាំងនោះ មិនឲ្យដាច់ពី​ភ្នែកឡើយ។

យ៉ាងណា លោក ត្រាំ ទម្លាយទៀតថា មូលហេតុដែលធ្វើឲ្យការចរចា មានភាពរអាក់រអួល និងជួបបញ្ហាជាបន្តបន្ទាប់បែបនេះ គឺដោយសារតែមានជម្លោះផ្ទៃក្នុង និងភាពមិនច្បាស់លាស់ នៅក្នុងជួរថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម