Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ ឱកាសខ្ពស់ណាស់ ដែល​សម្រេច​បាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ក្រោយ​ប្រកាស​ផ្អាកវាយអ៊ីរ៉ង់

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា មានឱកាសខ្ពស់ណាស់ ដែលសហរដ្ឋអាមេរិក អាចសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយ​​អ៊ីរ៉ង់ ដើម្បីរារាំង​ប្រទេស​នេះ​ពីការផលិតអាវុធនុយក្លេអ៊ែរ ដោយការលើកឡើងនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានប្រកាសផ្អាកគម្រោងវាយប្រហារផ្នែកយោធា ដើម្បីទុកពេលឱ្យកិច្ចចរចាបន្តទៅមុខ។ នេះ​បើយោង​តាម​​សារព័ត៌មាន TRT World ចុះ​​ផ្សាយ​​ថ្ងៃទី​១៩ ខែ​​ឧសភា ឆ្នាំ​២០២៦។

លោក ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បានប្រាប់​ថា រូបលោកនឹងមានក្តីរីករាយយ៉ាងខ្លាំង ប្រសិនបើភាគីទាំងពីរ អាចរកដំណោះស្រាយរួមមួយបាន ដោយមិនចាំបាច់មានការទម្លាក់គ្រាប់បែក វាយប្រហារគ្នាយ៉ាងចាស់ដៃនោះទេ។ យ៉ាង​​ណាមិញ មេដឹកនាំអាមេរិករូបនេះ ក៏បានព្រមានផងដែរថា សហរដ្ឋអាមេរិក នៅតែត្រៀមខ្លួនជាស្រេច ក្នុងការបើកការវាយប្រហារទ្រង់ទ្រាយធំ បើការចរចា មិនអាចឈានទៅដល់កិច្ចព្រមព្រៀងណាមួយទេនោះ។

ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានលោក ដូណាល់ ត្រាំ បង្ហោះរៀបរាប់នៅលើបណ្តាញសង្គម Truth Social ដោយលោកបានបង្ហើបឱ្យដឹងថា រូបលោកទទួលបានការស្នើសុំដោយផ្ទាល់ ពីមេដឹកនាំសំខាន់ៗនៃបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក នៅតំបន់មជ្ឈិមបូព៌ា រួមមាន ព្រះចៅអធិរាជនៃប្រទេសកាតា ព្រះរាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត និងប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម។ មេដឹកនាំនៃបណ្តាប្រទេសឈូងសមុទ្រទាំងនោះ បានសុំឱ្យលោកពន្យារពេលនៃការវាយប្រហារយោធាលើប្រទេសអ៊ីរ៉ង់ ដែលពីដំបូងឡើយត្រូវបានគ្រោងទុកធ្វើឡើងនៅថ្ងៃអង្គារនេះ ដោយសារតែបច្ចុប្បន្ន «ការចរចាប្រកបដោយភាពម៉ឺងម៉ាត់ និងហ្មត់ចត់កំពុងតែប្រព្រឹត្តទៅ» ហើយពួកគេមានជំនឿចិត្តថា កិច្ចព្រមព្រៀងតាមផ្លូវការទូតនៅតែអាចទៅរួច។

ដើម្បីបង្ហាញការគោរពដល់មេដឹកនាំនៃបណ្តាប្រទេសឈូងសមុទ្រទាំងនោះ លោក ត្រាំ បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ប្រធានអគ្គសេនាធិការចម្រុះ ឧត្តមសេនីយ៍ Daniel Caine ព្រមទាំងមេបញ្ជាការយោធាអាមេរិកទាំងអស់ ឱ្យដកថយ និងផ្អាកប្រតិបត្តិការយោធា ដែលបានគ្រោងទុកនោះជាបណ្តោះអាសន្នសិន។ លោក ត្រាំ បានសង្កត់ធ្ងន់ថា លក្ខខណ្ឌស្នូល និងសំខាន់បំផុតនៃកិច្ចព្រមព្រៀងថ្មីនេះ គឺត្រូវតែមានការហាមឃាត់ដាច់ខាតមិនឱ្យប្រទេសអ៊ីរ៉ង់មានឱកាសទទួលបាន ឬអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលនេះជាចំណុចគន្លឹះដែលអាមេរិកមិនអាចរំលងបានឡើយ នៅក្នុងការចរចាដែលកំពុងតែបន្តធ្វើឡើងនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម