Connect with us

ព័ត៌មានជាតិ

របាយការណ៍ WFP៖ កម្ពុជា​បង្ហាញ​ជំហរ​រឹងមាំ​ក្នុង​ការ​គ្រប់គ្រង​កម្មវិធី​អាហារ​តាម​សាលារៀន​

បានផុស

នៅ

របាយការណ៍​ចុង​ក្រោយ​វាយ​តម្លៃ​ពាក់​កណ្តាល​អាណត្តិ​ (Midterm Evaluation Report) ដែល​ទើប​ចេញ​ផ្សាយ​ដោយ​កម្មវិធី​ស្បៀង​អាហារពិភពលោក (WFP) បាន​ឱ្យ​ដឹង​ថា​កម្ពុជា​មាន​ជំហរ​រឹង​មាំ​ក្នុង​ការ​គ្រប់គ្រង​កម្មវិធី​អាហារ​តាម​សាលារៀន​ ខណៈ​ដែល​ជំនួយ​ស្បៀងអាហារ​អន្តរជាតិ McGovern-Dole របស់​ក្រសួង​កសិកម្ម​សហរដ្ឋអាមេរិក (USDA) សម្រាប់ឆ្នាំ២០២២-២០២៧ កំពុង​ឈាន​ចូល​ពាក់​កណ្ដាល​អាណត្តិ​ចុង​ក្រោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍​នោះ​ WFP ថា​ពេល​នេះ​កម្ពុជា​កំពុង​ជំរុញ​ល្បឿន​ក្នុង​ការ​ទទួល​យក​ការ​ផ្ទេរ​ការ​គ្រប់គ្រង​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​មក​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ដែល​អាច​មើល​ឃើញ​តាម​រយៈ​ការ​បង្កើន​ថវិកា​ជាតិ​ និង​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​កម្មវិធី​នៅ​តាម​សាលា​រៀន​របស់​ខ្លួន​។

ការ​សម្រេច​បាន​ការ​អនុម័ត​ជា​ផ្លូវ​ការ​នូវ​គោលនយោបាយ​ជាតិ​ស្ដីពី​ការ​ផ្ដល់​អាហារ​តាម​សាលារៀន ២០២៤-២០៣៥ គឺ​ជា​ផែន​ទី​ចង្អុល​ផ្លូវ​ដ៏​សំខាន់​មួយ​ ហើយ​ការ​​បង្កើត​នូវ​រចនា​សម្ព័ន្ធ​អភិបាលកិច្ច​អន្តរក្រសួង​​មួយ​ដែល​ចង​ក្រង​ក្រសួង​ស្ថាប័នជាតិ​១១​ ដើម្បី​ធានា​ដល់​និរន្តរភាព​នៃ​កម្មវិធី​នេះ​ផង​ដែរ​។


ក្នុង​របាយការណ៍​នោះ​សរសេរ​បន្ថែម​ផង​ដែរ​ថា៖ «រដ្ឋាភិបាល​បាន​គោរព​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ធនធាន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​អាហារ​ដល់​សាលារៀន​ដែល​បាន​​ប្រគល់​ជូន​។ រហូត​មក​ដល់​ពេល​នេះ ថវិកា​បាន​គ្រប​ដណ្តប់​តែ​លើ​ការ​ទិញ​ស្បៀង​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ ២០២៦ វា​នឹង​ពង្រីក​វិសាល​ភាព​គ្រប​ដណ្តប់​លើ​ការ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​រួម​ចំណែក​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​របស់​ចុងភៅ​ផង​ដែរ​»

គិត​ត្រឹម​ដំណាក់កាល​ពាក់​កណ្តាលអាណត្តិនេះ កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​ការ​គ្រប់គ្រង​របស់ USDA និង WFP ទៅឱ្យរដ្ឋាភិបាលបានចំនួន ១៩៦ សាលារួចហើយ ក្នុង​ចំណោម​សាលា​គោលដៅ​សរុបក្នុង​គម្រោង​ចំនួន ៥១០ ខណៈ​ដែលការផ្ទេរទាំងស្រុង ១០០ ភាគរយ ត្រូវបាន​រំពឹង​ថា​នឹង​បញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ។

ទោះ​ជា​យ៉ាងណា​ WFP ក៏​មើល​ឃើញ​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ​បន្ទាប់​ពី​ការ​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋ​នេះ​គឺ​ទាក់ទង​នឹង​ កង្វះ​ថវិកា​សម្រាប់​ការ​តាម​ដាន (M&E) លើ​ថវិកា​ដែល​រដ្ឋ​ទម្លាក់​មក​ផ្គត់ផ្គង់​ក្នុង​កម្មវិធី​នេះ ការ​ផ្លាស់​ប្ដូរ​បុគ្គលិក​ថ្នាក់​ក្រោម​ជាតិ​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​និរន្តរភាព​នៃ​ការ​បណ្តុះបណ្តាល​សមត្ថភាព​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ (SFIS)។


បច្ចុប្បន្ន តួនាទីរបស់ WFP ប្រចាំ​កម្ពុជា​បាន​កែប្រែ​ទម្រង់​យ៉ាង​ខ្លាំង ដោយ​ដក​ខ្លួន​ចេញ​ពី​ការ​ចែក​ស្បៀង​ផ្ទាល់ ហើយ​ងាក​មក​ធ្វើ​ជា​អ្នក​ផ្តល់​ប្រឹក្សា​បច្ចេកទេស​កម្រិតខ្ពស់ និង​បណ្តុះបណ្តាល​មន្ត្រី​រាជការ​វិញ ដើម្បី​ធានា​ថា​ពេល​ដែល​ជំនួយ​បរទេស​អស់​ទាំង​ស្រុង​ មន្ត្រី​ខ្មែរ​នៅ​តែ​មាន​សមត្ថភាព​គ្រប់គ្រង​ប្រព័ន្ធ​ភស្តុភារ​ដ៏​ស្មុគស្មាញ​នេះ​បាន​ដោយ​ខ្លួន​ឯង។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ គម្រោង​កម្មវិធី​តាម​សាលា​រៀន​ដែល​ជា​ជំនួយ​របស់​ក្រសួង​កសិកម្ម​សហរដ្ឋអាមេរិក​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៧​ខាង​មុខ ក្នុង​កញ្ចប់​ជំនួយ​២១លានដុល្លារ ដែល​អនុវត្ត​ក្នុង​សាលារៀន​ចំនួន​៥១០​ក្នុង​ខេត្ត​ចំនួន​៣​គឺ​កំពង់ឆ្នាំង កំពង់ធំ និង​សៀមរាប ដែល​មាន​កុមារ​ទទួល​ផល​សរុប​ចំនួន​ ៩៤ ០១៨នាក់។

បច្ចុប្បន្ន​មាន​កុមារ​ជាង​៣០​ម៉ឺននាក់​ នៅ​សាលា​ ១ ១១៤ កំពុង​ទទួល​បានអត្ថប្រយោជន៍​ពី​​កម្មវិធី​ដូច​គ្នា​នេះ​ទូ​ទាំង​ប្រទេស ខណៈ​រដ្ឋាភិបាល​បាន​ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការសកម្មភាពអនុវត្តគោលនយោបាយស្តីពី ការផ្តល់អាហារតាមសាលារៀន ឆ្នាំ២០២៤–២០៣០» កាល​ពី​ចុង​ខែ​មីនា​កន្លង​ទៅ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម