Connect with us

ព័ត៌មានអន្ដរជាតិ

​រដ្ឋាភិបាល​កោះ Greenland ប្រកាស​មិនលក់​ដាច់​ខាត​ ប៉ុន្តែ​ មើល​ឃើញ​វឌ្ឍនភាពក្នុងកិច្ចចរចាជាមួយ អាមេរិក

បានផុស

នៅ

រដ្ឋាភិបាលកោះ Greenland បានថ្លែងកាលពីថ្ងៃចន្ទទី១៨ ខែឧសភា ថា កិច្ចចរចាកម្រិតជាន់ខ្ពស់ជាមួយសហរដ្ឋ អាមេរិក ជុំវិញអនាគតនៃដែនដី​កោះ​​មួយនេះ សម្រេចបាននូវ​វឌ្ឍនភាព​​​ ប៉ុន្តែបានសង្កត់ធ្ងន់ថា កោះដ៏ធំសម្បើមដែលប្រធានាធិបតី ដូណាល់ ត្រាំ ចង់បាននោះ នឹងមិនត្រូវលក់ជាដាច់ខាត។

នាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីជំនួបរវាង លោក Jeff Landry ប្រេសិតពិសេសរបស់អាមេរិក ដែលត្រូវបានតែងតាំងដោយលោក ត្រាំ កាលពីឆ្នាំមុន ដើម្បីជំរុញការគ្រប់គ្រងរបស់អាមេរិកលើកោះ Greenland បានធ្វើដំណើរមកដល់ទីក្រុង Nuuk របស់​កោះ Greenland​ កាលពីថ្ងៃអាទិត្យ ហើយបានជួបពិភាក្សាការងារកាលពីថ្ងៃចន្ទ ជាមួយនាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen និងរដ្ឋមន្ត្រីការបរទេស លោក Mute Egede ។

បន្ទាប់ពីជំនួបនោះ លោកនាយករដ្ឋមន្ត្រី Nielsen បានប្រាប់អ្នកយកព័ត៌មានថា «យើងជឿជាក់ថាមានវឌ្ឍនភាព ហើយពីខាងភាគី Greenland យើងកំពុងផ្តោតលើការស្វែងរកដំណោះស្រាយមួយដែលល្អសម្រាប់យើងទាំងអស់គ្នា ហើយអ្វីដែលសំខាន់បំផុតនោះគឺ ការគំរាមកំហែងនៃការកាត់យកទឹកដី ការកាន់កាប់ ឬការទិញយកកោះ និងប្រជាជន មិនត្រូវឲ្យកើតឡើងនោះទេ»។

លោក Nielsen បានបន្តថា Greenland បានមើលឃើញពីវឌ្ឍនភាពនៅក្នុងកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែ ថ្នាក់ដឹកនាំរបស់កោះនេះនៅតែបន្តរក្សាជំហររឹងមាំលើអធិបតេយ្យភាព។

ដោយឡែក រដ្ឋមន្ត្រីការបរទេស លោក Mute Egede បានអះអាងថា Greenland មាន «បន្ទាត់ក្រហម» យ៉ាងច្បាស់លាស់ ហើយនឹងមិនលក់ទឹកដីរបស់ខ្លួនក្នុងទម្រង់ណាមួយឡើយ។ យើងនឹងកាន់ កាប់កោះ Greenland ជារៀងរហូត។

ទោះបីជាទទួលស្គាល់ពីវឌ្ឍនភាពនៅក្នុងកិច្ចសន្ទនាក៏ដោយ ក៏ថ្នាក់ដឹកនាំកោះ Greenland នៅតែសង្កត់ធ្ងន់ថា រាល់ដំណោះស្រាយនាពេលអនាគតទាំងអស់ ត្រូវតែគោរពតាមអធិបតេយ្យភាព និងការសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជនក្នុងស្រុក ព្រមទាំងបដិសេធរាល់គំនិតទាំងឡាយណាដែលចាត់ទុកទឹកដីជាទំនិញសម្រាប់ជួញដូរ។

ទោះជាយ៉ាងណាក៏ដោយ ខាងភាគីលោក Landry មិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយឡើយបន្ទាប់ពីជំនួបនោះទេ។ កាលពីមុន រូបលោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ដំណើរកម្សាន្តនេះគឺដើម្បី «ស្តាប់ និងស្វែងយល់តែប៉ុណ្ណោះ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម