Connect with us

ព័ត៌មានជាតិ

អ្នក​ជំនាញ​ក្រុមហ៊ុន ម៉ុង ឫទ្ធី បង្ហើប​បច្ចេកទេស​ដាំ​ដុះ​ដូង​ប្រេង ៣ ឆ្នាំ បាន​ផល

បានផុស

នៅ

អ្នក​គ្រប់គ្រង​ក្រុមហ៊ុន ​ម៉ុង ឫទ្ធី បាន​បង្ហាញ​ពី​បច្ចេកទេស​នៃ​ការ​ដាំដុះ​ដំណាំ​ដូងប្រេង ដែល​ជា​ដំណាំ​កសិឧស្សាហកម្ម​ដ៏​សំខាន់ ដែល​ក្រៅ​ពី​អាច​កែច្នៃ​លក់​ក្នុងស្រុក ក៏​មាន​ទីផ្សារ​ទូលំទូលាយ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​។

លោក អ៊ិត ណុប នាយក​គ្រប់គ្រង​ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគ​ដាំដុះ​ដំណាំ​ដូង​ប្រេង​បាន​អះអាង​ថា ​ដំណាំ​ដូង​ប្រេង​បើ​ការ​ដាំដុះ​មាន​ការ​ថែ​ទាំ​បាន​ល្អ ក្នុង​រយៈពេល ៣ ឆ្នាំ​អាច​ប្រមូល​ផល​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ជំនាញដែលបម្រើការងារជិត ២០ ឆ្នាំនៅ​ក្រុមហ៊ុន ម៉ុង ឫទ្ធី​ បាន​បង្ហាញ​ពី​ដំណើរការ​នៃ​ការ​ដាំដុះ​ដំណាំ​ដូង​ប្រេង​ តាំង​ពី​ដំណាក់​កាល​បណ្តុះ​កូននិង​ការ​ដក​យក​ទៅ​ដាំ​នៅ​ក្នុង​ចម្ការ។

នៅ​ក្នុង​ដំណាក់កាលទី ១ ​ក្នុង​រយៈពេល ៣ ខែ គឺជា​ដំណាក់​កាល​ដែល​​កូន​ដូង​ប្រេង​ដុះ​លូតលាស់​បាន​ក្នុង​កម្ពស់ល្មម​ ខណៈ​ដំណាក់​កាល​ទី ២ បន្ទាប់ពី​រយៈ​ពេល ៣ ខែ កូនដូង​ត្រូវបាន​ផ្ទេរទៅដាំក្នុង​ថង់​ធំ​បន្ត​រយៈពេលប្រមាណជា ៩ ខែ ទៀត។

សរុប​រយៈ​ពេល​បណ្តុះ​ និង​ដកដាំ​គឺ​ចន្លោះពី ១០ ទៅ ១២ ខែ ទើប​កូនដូងប្រេង​មាន​កម្ពស់​គ្រប់​គ្រាន់ និង​អាចយកទៅដាំ​នៅលើ​ដីចម្ការបាន។ លោក អ៊ិត ណុប បញ្ជាក់។

ពាក់ព័ន្ធ​​ពូជ​ដូង​ប្រេង​ដែល​ដាំនៅចម្ការ​​ក្រុមហ៊ុន ​ម៉ុង ឫទ្ធី នៅក្នុង​​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក អ៊ិត ណុប បាន​បញ្ជាក់​ថា គឺ​ទិញ​​ពូជ​មកពី​ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូណេស៊ី និង​ ប្រទេស​កូស្តារីកា។

សម្រាប់​​បច្ចេកទេស​ដាំដុះនិងការថែទាំ ក្រុមហ៊ុន​ប្រើប្រាស់​គ្រឿងចក្រ (Excavator) ឈូស​ឆាយ ច្រូត​ដី និង​កាត់​ចិញ្ច្រាំ​ដើម​ចាស់ៗឱ្យទៅជាកម្ទេចតូចៗ ដោយ​ទុក​ឱ្យរលួយធ្វើជាជីកំប៉ុស្ត។ បន្ថែមពីនេះ ការដាំទៀត​សោត ត្រូវ​ប្រើប្រាស់ត្រាក់ទ័រដើម្បីខួងរណ្តៅ រួចដាក់​ជីទ្រាប់​បាត​មុន​នឹង​ដាំ​កូន​ដូង​ចូល។ លោក អ៊ិត ណុប បញ្ជាក់បន្ថែម។

ដោយសារមានសត្វកណ្តុរច្រើនបំផ្លាញកូនដូង និង​ដើម្បីការពារ​សត្វល្អិត​និង​សត្វកកេរ លោក អ៊ិត ណុប បាន​ប្រាប់​បច្ចេកទេស​បន្ត​ទៀត​ថា ក្រុមហ៊ុនក៏​​ត្រូវ​ប្រើប្រាស់​សំណាញ់​ការពារ​សត្វ​កណ្តុរ​រុំព័ទ្ធ​ជុំវិញ​កូន​ដូង និង​ប្រើប្រាស់​កាក​សំណល់​ដើម្បី​ជួយ​ដី​បន្ថែម។

ដូងប្រេង​ដាំនៅ​ចម្ការ​​ក្រុមហ៊ុន ម៉ុង ឫទ្ធី ខ្លះមាន​អាយុកាល​ប្រមាណ ៣០ ឆ្នាំ ដែលដើមចាស់ៗធ្វើ​ឲ្យ​​​ទិន្នផល​ធ្លាក់ចុះ ទើប​​ក្រុមហ៊ុន​មាន​ផែនការ​កាត់​សម្អាត​ដើម​ចាស់ៗចោល​ និង​ដាំ​​ថ្មីឡើងវិញ។

សម្រាប់ឆ្នាំ ២០២៦ ក្រុមហ៊ុន​គ្រោង​ដាំដុះថ្មីលើផ្ទៃដីប្រមាណ ៥៧៩ ហិកតា ខណៈ​ដើម្បី​ដាំដុះ​ឱ្យអស់ផ្ទៃដីប្រមាណ​ជាង​​ពីរ​ម៉ឺន​ហិកតា ក្រុមហ៊ុនត្រូវចំណាយ​ពេល​យ៉ាងតិច ១១ ឆ្នាំ។

លោក អ៊ិត ណុប បាន​គូស​បញ្ជាក់ថា ការចាប់ផ្តើម​​ដាំជុំទីពីរ​ ក្រុមហ៊ុន​​បាន​បង្កើន​ចំនួន​ដើម​ដូង​ប្រេងដោយ​ដាំ​ក្នុង​បរិមាណ ១៦០ ដើម ក្នុង ១ ហិកតា ​ខុស​ពីពេល​មុនដែលដាំត្រឹមតែ ១៣៦ ទៅ ១៤២ ដើម ក្នុង ១ ហិកតា​។

គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ ១៩៩៦ ក្រុមហ៊ុន ម៉ុង ឫទ្ធី បាន​វិនិយោគ​ដាំ​ដុះ​ដំណាំ​ដូង​ប្រេង​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២ ម៉ឺន​ហិកតា ស្ថិតនៅ ភូមិ​តាពៅ ឃុំតានៃ ស្រុក​ព្រៃ​នប់ ខេត្តព្រះសីហនុ នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៤ ត្រង់​ម្តុំ​គីឡូម៉ែត្រ​លេខ ១៧០។

បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​រោងចក្រ​ផលិត​ប្រេងឆៅ Crude Palm Oil Mill ចំនួន ២ កន្លែង ដែល​មាន សមត្ថភាព​ផលិត​ផ្លែ​ដូង​ស្រស់ FFB សរុប​បាន​ចំនួន ៩៥តោន/ម៉ោង ស្មើនឹង ២.០៩០តោន/ថ្ងៃ និង​អាច​ផលិត​ប្រេងឆៅ CPO បាន ៩.១៩៦ តោន/ខែ។

នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន​ក៏​បាន​ពង្រីក រោងចក្រថ្មីមួយទៀត​ជា​រោងចក្រ​ផលិត​ប្រេង​ដូង​សាច់​ក្នុង Kernel Crashing Plant ដែល​មាន​សមត្ថភាព​កៀបគ្រាប់ដូង​ប្រេង​បាន ៦០តោន/ថ្ងៃ និង​អាច​ផលិត​ប្រេង Kernel Oil បាន ២៧ ទៅ ៣០តោន/ថ្ងៃ៕

បើតាមប្រភពក្រុមហ៊ុន ម៉ុង ឫទ្ធី ទិន្នផល​ប្រេងដូងដែល​ចម្រាញ់បាន​ត្រូវលក់នៅក្នុងស្រុកប្រមាណ ២០% និងនាំចេញទៅទីផ្សារ​អន្តរជាតិ​ប្រមាណជា ៨០% ដែល​ភាគច្រើនលក់ទៅប្រទេសឥណ្ឌា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម