Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនចិនកាត់បន្ថយការចម្រាញ់ប្រេងជាង ១ លានបារ៉ែល/ថ្ងៃ ដោយសារជម្លោះមជ្ឈិមបូព៌ា

បានផុស

នៅ

ចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីរ៉ង់ផ្ទុះឡើង​មក រោងចក្រចម្រាញ់ប្រេងធំៗរបស់រដ្ឋចិន បានកាត់បន្ថយបរិមាណប្រេង​ចម្រាញ់ជាង ១ លានបារ៉ែល/ថ្ងៃ ដោយសារតែការរំខានផ្នែកផ្គត់ផ្គង់ប្រេងឆៅ​បណ្ដាលមក​ពី​ការបិទច្រកសមុទ្រហ័រមូហ្ស ​​និងការចុះខ្សោយនៃ​ប្រាក់ចំណេញពីការចម្រាញ់ប្រេង​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ព័ត៌មានពីប្រភពទីផ្សារ និងអ្នកវិភាគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុនធំៗដែលបាន​កាត់បន្ថយរួមមាន Sinopec, PetroChina, CNOOC និង Sinochem ដោយ​ក្រុមហ៊ុនទាំងអស់នេះ រួមចំណែករហូតដល់ ៦០% នៃ​សមត្ថភាពចម្រាញ់ប្រេងរបស់​ចិន ហើយការកាត់បន្ថយរបស់ពួកគេ បានធ្វើឱ្យតម្រូវការប្រេងឆៅ​របស់ចិន​ថយចុះ និងអាចកាត់បន្ថយការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅក្នុងប្រទេស​នេះ​។

​ក្រុមហ៊ុនប្រឹក្សាយោបល់ Energy Aspects បាន​ឱ្យដឹងថា ក្រុមហ៊ុនចម្រាញ់ប្រេងរដ្ឋចិន ​បានចម្រាញ់ប្រេងឆៅចំនួន ៨,៤ លានបារ៉ែល/ថ្ងៃ នៅខែឧសភា​នេះ ដោយ​ធ្លាក់ចុះពី ៨,៦ លានបារ៉ែល/ថ្ងៃ​នៅ​ខែមេសា និង ៩,៥ លានបារ៉ែល/ថ្ងៃ នៅ​ខែមីនា បើប្រៀបធៀបទៅនឹងប្រហែល ១០ លានបារ៉ែល​/ថ្ងៃនៅខែកុម្ភៈ ពោលគឺមុនពេលសហរដ្ឋអាមេរិក​ និងអ៊ីស្រាអែល ត្រួតគ្នាវាយប្រហារអ៊ីរ៉ង់។ ​

ដោយឡែកទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវចិន Horizon Insights ឯណោះវិញ បង្ហាញថា ​បរិមាណប្រេងឆៅចម្រាញ់របស់ក្រុមហ៊ុន​រដ្ឋនឹងធ្លាក់ចុះមកត្រឹម ៨,៣៥ លានបារ៉ែល/ថ្ងៃក្នុងខែឧសភា ​ពី ៨,៦១ លានបារ៉ែល/ថ្ងៃ​នៅ​ខែមេសា និងពី​ ១០,១៧ លានបារ៉ែល​/ថ្ងៃ​នៅខែកុម្ភៈ។

រោងចក្រចម្រាញ់ប្រេងរដ្ឋ​ចិន ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងនាំចូល​ពីមជ្ឈិមបូព៌ា បានចាប់ផ្តើមកាត់បន្ថយប្រតិបត្តិការនៅ​ខែមីនា ខណៈ​រោងចក្រចម្រាញ់ប្រេងឯករាជ្យតូចៗនៅខេត្តសានតុង (Shandong) ទើបតែចាប់ផ្តើមកាត់បន្ថយផលិតកម្មនៅខែនេះ ដោយសារតែប្រាក់ចំណេញកាន់តែចុះខ្សោយ។

យោងតាមក្រុមហ៊ុន Horizon Insights តម្លៃប្រេងខ្ពស់ និងតម្រូវការប្រេងឥន្ធនៈទាប បានបណ្តាលឱ្យប្រាក់ចំណេញពីការចម្រាញ់ប្រេងនៅរោងចក្រចម្រាញ់ប្រេង​រដ្ឋ ធ្លាក់ចុះយ៉ាងខ្លាំងនៅចុងខែមេសា ដោយឈានដល់ការខាតបង់ប្រហែល ៣ ២០០ យន់ ឬ ៤៧១ ដុល្លារ/តោន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម