Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិដាំក្បាលចុះ ខណៈអាមេរិក និងអ៊ីរ៉ង់ សម្រេចកិច្ចព្រមព្រៀងសន្ដិភាពបឋម

បានផុស

នៅ

តម្លៃប្រេងបាន​ធ្លាក់ចុះ​ដល់​​កម្រិតទាបបំផុតរាប់តាំងពីខែមីនា សម្រាប់ការ​ជួញ​ដូរ​លើ​ទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាន​ឱ្យដឹងថា ប្រទេសទាំង២បានឈានដល់កិច្ចព្រមព្រៀង​បឋមមួយ ដើម្បីបញ្ចប់សង្គ្រាម និង​បើកនាវាចរណ៍ច្រកសមុទ្រហ័រមូហ្សឡើងវិញ។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​ប្រេងឆៅ ម៉ាក​ Brent ​បាន​ធ្លាក់ចុះ ៣,៥៨ ដុល្លារ ឬ ៤,១០% មកនៅត្រឹម ៨៣,៧៥ ដុល្លារ/បារ៉ែល ​គិតត្រឹម​ម៉ោង ៨ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI បាន​ធ្លាក់ចុះ ៤,០១ ដុល្លារ ឬ ៤,៧២% មកនៅត្រឹម ៨០,៨៧ ដុល្លារ/បារ៉ែល។ ស្ថិតនៅក្នុងដំណាក់កាលដាំក្បាលចុះ តម្លៃប្រេងទាំង២ បានធ្លាក់ចុះប្រមាណជាង ៣% ពេលបិទការជួញដូរកាលពីថ្ងៃសុក្រ។ ​

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែល​ជាអ្នកសម្របសម្រួលការចរចាសន្ដិភាព​ បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយនៅប្រទេសស្វីស នាថ្ងៃសុក្រនេះ​។ លោក ត្រាំ ឯណោះវិញ​ បានថ្លែង​កាលពីថ្ងៃអាទិត្យថា ច្រកសមុទ្រហ័រមូហ្ស នឹងបើក «ដោយឥតគិតថ្លៃ» ហើយការបិទផ្លូវកងទ័ពជើងទឹកអាមេរិកលើកំពង់ផែអ៊ីរ៉ង់ ក៏នឹងបញ្ចប់ផងដែរ។

សារព័ត៌មានពាក់កណ្ដាលផ្លូវការរបស់អ៊ីរ៉ង់ ​Mehr បាន​ផ្សាយថា ​សេចក្តីព្រាងកិច្ចព្រមព្រៀង​សន្ដិភាពអាមេរិក និងអ៊ីរ៉ង់ បាន​ស្នើការបើកច្រកសមុទ្រហ័រមូហ្សឡើងវិញក្នុងរយៈពេល ៣០ ថ្ងៃ ក្រោមការរៀបចំរបស់អ៊ីរ៉ង់។

អ្នកជំនាញទីផ្សារបាន​លើកឡើងថា តម្លៃប្រេងកើនឡើងនាពេលកន្លងមក ដោយសារតែជម្លោះអាមេរិក-អ៊ីរ៉ង់បាន​រំខានដល់ផ្នែកផ្គត់ផ្គង់ ប៉ុន្តែឥឡូវនេះ នៅពេលជម្លោះធូរស្រាលឆ្ពោះទៅរកការបើកច្រកហ័រមូហ្សឡើងវិញ តម្លៃប្រេងក៏ធ្លាក់ចុះ ដោយ​កង្វល់ពីការរំខានផ្នែកផ្គត់ផ្គង់ថយចុះ។ ​

សន្ទស្សន៍តម្លៃប្រេងចន្លោះពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៦។ រៀបរៀងដោយ រ៉យទ័រ។

គួរគូសបញ្ជាក់ថា ការបិទច្រកសមុទ្រហ័រមូហ្ស​ក្នុងអំឡុងសង្គ្រាម បានរំខានដល់ការផ្គត់ផ្គង់ប្រេងរាប់លានបារ៉ែល/ថ្ងៃអស់រយៈពេល​ជាងបីខែមកហើយ​។ ឥឡូវនេះ វិនិយោគិនកំពុងតាមដានថាតើ​ក្រុមប្រទេសផលិតនៅមជ្ឈិមបូព៌ា អាចស្តារ​ផលិតកម្ម​ ការនាំចេញ និងការដឹកជញ្ជូនរបស់ខ្លួន បាន​លឿន​ប៉ុណ្ណា​។

អ្នកជំនាញមកពីធនាគារ Commonwealth របស់អូស្រ្តាលី បាននិយាយថា ប្រេង​ម៉ាក​ Brent នៅតែអាចឡើងដល់ ៨០ ដុល្លារ/បារ៉ែលនៅចុងឆ្នាំនេះ​ ប៉ុន្តែប្រសិនបើប្រេងហូរកាត់ច្រកសមុទ្រហ័រមូហ្ស ងើបឡើងវិញដល់ ៦០-៧០% នៃកម្រិតមុនសង្គ្រាម ទីផ្សារអាចវិលត្រឡប់ទៅរកការផ្គត់ផ្គង់ច្រើនជាងតម្រូវការ។

ជុំវិញការវិវត្តចុងក្រោយ អ៊ីរ៉ង់និយាយថា ការចរចា​ជាមួយអាមេរិក​ទូលំទូលាយនឹងធ្វើឡើងក្នុងអំឡុងពេលឈប់បាញ់រយៈពេល ៦០ ថ្ងៃ ខណៈ​ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានបង្ហាញថា ពួកគេអាចលើកទណ្ឌកម្ម ប្រសិនបើអ៊ីរ៉ង់មានវឌ្ឍនភាពលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជាលើកិច្ចចរចានាពេលខាងមុខ ទំនងជានឹងរារាំងតម្លៃប្រេងពីការធ្លាក់ចុះបន្ថែមទៀត ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម