Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញកំពុងចុះពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់​សិបតោន នៅខណ្ឌសែនសុខ សង្ស័យលួចនាំចូលពីប្រទេសថៃ

បានផុស

នៅ

សមត្ថកិច្ច និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បន្ទាប់ពីមានការសង្ស័យថា អាចពាក់ព័ន្ធនឹងការនាំចូលសាច់បង្កកពីប្រទេសថៃ ដើម្បីយកមកស្តុកទុក និងចែកចាយនៅលើទីផ្សារកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងអ្នកនៅជិតទីតាំងបានឱ្យដឹងថា ឃ្លាំងខាងលើត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណច្រើន ដោយមានម្ចាស់អាជីវកម្មច្រើននាក់រួមគ្នាជួលកន្លែងនេះសម្រាប់រក្សាទុកទំនិញរបស់ខ្លួន។ សាច់បង្កកទាំងនោះ ត្រូវបានគេអះអាងថា នាំចូលពីប្រទេសជិតខាង មុនយកមករក្សាទុកនៅក្នុងឃ្លាំងត្រជាក់ និងបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញបានធ្វើការពិនិត្យឯកសារពាក់ព័ន្ធ ប្រភពដើមទំនិញ លិខិតអនុញ្ញាតនាំចូល ព្រមទាំងស្ថានភាពអនាម័យ និងលក្ខខណ្ឌនៃការរក្សាទុកសាច់បង្កក ដើម្បីធានាថា ទំនិញទាំងនោះមានប្រភពច្បាស់លាស់ និងអនុលោមតាមបទបញ្ញត្តិច្បាប់ជាធរមាន។

យ៉ាងណាក៏ដោយ គិតត្រឹមរសៀលថ្ងៃដដែលនេះ មន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងខាងលើ ពិតជាត្រូវបាននាំចូលពីប្រទេសថៃ ឬពីប្រភពណាមួយផ្សេងទៀតនោះទេ។ ជាមួយគ្នានេះ ក៏មិនទាន់មានការបញ្ជាក់ថា ការនាំចូល និងការស្តុកទុកសាច់បង្កកទាំងនោះមានឯកសារច្បាប់ត្រឹមត្រូវ ឬមានភាពមិនប្រក្រតីណាមួយដែរ ខណៈការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារកំពុងបន្តធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ច។

តាមការបញ្ជាក់បឋមពីមន្ត្រីជំនាញដែលកំពុងប្រតិបត្តិការ ក្រោយពិនិត្យជាជំហ៊ានដំបូង កម្លាំងជំនាញបានរកឃើញសាច់បង្កកកំពុងស្តុកនៅក្នុងទីតាំងនេះរាប់សិបតោន ហើយក៏មានរថយន្ដកុងតឺន័រដឹកចូលជាបន្តបន្ទាប់ផងដែរ។

ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់កំពុងរង់ចាំលទ្ធផលនៃការត្រួតពិនិត្យនេះ ដើម្បីដឹងច្បាស់អំពីប្រភព និងគុណភាពសាច់បង្កកដែលកំពុងចរាចរនៅលើទីផ្សារ ស្របពេលដែលអាជ្ញាធរបានបង្កើនការត្រួតពិនិត្យលើផលិតផលម្ហូបអាហារ និងទំនិញនាំចូល ដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម