Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិហក់ឡើងជាថ្មី ក្រោយអ៊ីរ៉ង់បិទច្រកហ័រមូហ្សទាំងស្រុង ដោយសារអាមេរិកវាយប្រហារ

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ស្ទុះងើបឡើងជាង ២ ដុល្លារ សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយ​អ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រហ័រមូហ្សទាំងស្រុង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក​មកលើខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងអន្តរជាតិម៉ាក Brent បាន​កើនឡើង ២,៣០ ដុល្លារ ឬ ២,៤៧% ដល់ ៩៥,៤០ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក​ West Texas Intermediate (WTI) បាន​កើនឡើង ២,៦០ ដុល្លារ ឬ ២,៨៩% ដល់ ៩២,៦៣ ដុល្លារ/បារ៉ែល។

អ្នកជំនាញទីផ្សារបាន​ផ្សារភ្ជាប់កំណើនតម្លៃប្រេងនេះ ទៅនឹងការវិវត្តប្រចាំថ្ងៃនៃជម្លោះមជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ បញ្ជាការយោធារួមកំពូលរបស់អ៊ីរ៉ង់ បានប្រកាសបិទច្រកសមុទ្រហ័រមូហ្សនៅថ្ងៃព្រហស្បតិ៍នេះ រួមទាំង​នាវាចរណ៍របស់​នាវាដឹកប្រេង និងនាវាពាណិជ្ជកម្ម ដោយនិយាយថា នាវាណាហ៊ានឆ្លងកាត់ នឹងរងការបាញ់ប្រហារ។ យ៉ាងណាមិញ យោធាអាមេរិកបាននិយាយនៅលើ X កាលពីថ្ងៃពុធថា នាវាពាណិជ្ជកម្មនៅតែអាចបន្តឆ្លងកាត់ចេញ-ចូលកាត់តាមច្រកហ័រមូហ្ស។

គួររំឭកថា អ៊ីរ៉ង់បិទច្រកហ័រមូហ្សក្រោយជម្លោះផ្ទុះឡើង ប៉ុន្តែក្រោយមកបាន​កែសម្រួលវិធានការបិទ ដោយអនុញ្ញាតឱ្យនាវាមិនពាក់ព័ន្ធសត្រូវ អាចឆ្លងកាត់ច្រកហ័រមូហ្ស តាមផ្លូវកំណត់របស់ខ្លួន ប៉ុន្តែត្រូវបង់លុយ។ យ៉ាងណាមិញ ស្ថានភាពបែបនេះ នៅតែធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ ដោយសារតែកម្សោយខ្លាំងនៃលំហូរប្រេងចេញពីមជ្ឈិមបូព៌ា។

ការប្រកាសបិទទាំងស្រុងជាថ្មីយ៉ាងដូច្នេះ បង្ហាញពីការដើរថយក្រោយនៃកិច្ចប្រឹងប្រែងចរចារកដំណោះស្រាយសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ ដែលអាចឱ្យតម្លៃប្រេងស្ទុះងើបឡើងវិញ ក្រោយធ្លាក់ចុះមួយរយៈចុងក្រោយដោយសារក្ដីសង្ឃឹមពីការបញ្ចប់សង្រ្គាម។

កងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារថ្មីលើគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយធ្វើឱ្យភាពតានតឹងកើនឡើង ​ហើយអាចបំផ្ទុះសង្គ្រាមទ្រង់ទ្រាយធំឡើងវិញ។ ការប្រយុទ្ធគ្នាបានផ្អាកនៅដើមខែមេសា បន្ទាប់ពីភាគីទាំង២ បានយល់ព្រមលើបទឈប់បាញ់ដ៏ផុយស្រួយមួយ។

កំណើនតម្រូវប្រេង ក៏រួមចំណែកផងដែរដោយតម្រូវការរឹងមាំនៅសហរដ្ឋអាមេរិក ដែលបង្ហាញតាមរយៈការធ្លាក់ចុះនៃប្រេងក្នុងស្ដុកប្រមាណប្រមាណ ៧,២ លានបារ៉ែល កាលពីសប្ដាហ៍មុន មកត្រឹម ៤២៦ លានបារ៉ែល។ នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម