Connect with us

ព័ត៌មានអន្ដរជាតិ

ពីអ្នកសុំជំនួយ ក្លាយ​ជាអ្នកលក់៖ ហេតុអ្វីជាង ២០ប្រទេសសម្រុកទៅទិញដ្រូនពីអ៊ុយក្រែន?

បានផុស

នៅ

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦នេះ ពិភពលោក កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង លើរបត់ថ្មីមួយនៃសង្គ្រាមនៅអ៊ុយក្រែន។ ពីមុន អ៊ុយក្រែនជាប្រទេស ដែលរង់ចាំតែជំនួយអាវុធពីលោកខាងលិច ប៉ុន្តែពេលនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសបើកផ្លូវ​ឱ្យក្រុមហ៊ុនក្នុងស្រុកអាច «នាំចេញដ្រូន និងបច្ចេកវិទ្យាយោធា» ទៅលក់ឱ្យបរទេសវិញម្តង តាមរយៈយុទ្ធសាស្ត្រដែលគេហៅថា «Drone Deals»។

តើមានប្រទេសណាខ្លះ ដែលកំពុងទាក់ទងទិញអាវុធទំនើបតម្លៃធូរថ្លៃទាំងនេះ ហើយពួកគេយកទៅប្រើក្នុងគោលបំណងអ្វី?

ដ្រូនស្ទាក់ចាប់ P1-Sun FPV (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចូលរួម​ពី​​ប្រទេសប្រមាណ២០

បើតាមរបាយការណ៍ស៊ើបអង្កេតពីសារព័ត៌មានអន្តរជាតិ Euractiv និង RBC Ukraine បច្ចុប្បន្នមានប្រទេសប្រមាណ ២០ ប្រទេសហើយ ដែលបាននិងកំពុងចរចា ឬចុះកិច្ចព្រមព្រៀងទិញបច្ចេកវិទ្យាដ្រូនពីអ៊ុយក្រែន។

ក្នុងនោះ ប្រទេសលីទុយអានី បានក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងនេះ ខណៈដែលប្រទេសចំនួន ៦ទៀតនៅអឺរ៉ុប (រួមទាំងក្រុមប្រទេសសម្ព័ន្ធមិត្ត Joint Expeditionary Force ដូចជា អេស្តូនី និងឡេតូនី) កំពុងរៀបចំឯកសារច្បាប់ ដើម្បីទិញដ្រូនទាំងនេះដែរ។ ក្រៅពីនេះ អ៊ុយក្រែនក៏បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសចំនួន ៤ នៅតំបន់មជ្ឈិមបូព៌ា និងឈានទៅដល់ការចរចាគម្រោងខ្នាតយក្សតម្លៃ ៥០ពាន់លានដុល្លារជាមួយសហរដ្ឋអាមេរិកទៀតផង។

(រូបថត៖ ukrinform)

គោលបំណងធំៗ៖ ហេតុអ្វីបានជាបរទេសសម្រុកទិញដ្រូនអ៊ុយក្រែន?

ការដែលប្រទេសជាច្រើន សម្រេចចិត្តទិញដ្រូនពីអ៊ុយក្រែន មិនមែនគ្រាន់តែជាការជួយផ្នែកហិរញ្ញវត្ថុដល់ប្រទេសកំពុងមានសង្គ្រាមនោះទេ ប៉ុន្តែវាជាតម្រូវការសន្តិសុខជាតិពិតប្រាកដ ដោយសារដ្រូនអ៊ុយក្រែនមានចំណុចខ្លាំង ដែលដ្រូនប្រទេសផ្សេងគ្មាន៖

១. យកទៅស្ទាក់ចាប់ដ្រូនអ៊ីរ៉ង់ (តំបន់មជ្ឈិមបូព៌ា)
តាមសេចក្តីរាយការណ៍ពីទូរទស្សន៍ CBC News ប្រទេសអ្នកមាននៅតំបន់ឈូងសមុទ្រពែរ្ស រួមមាន កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) សុទ្ធតែបានទាក់ទងមកក្រុមហ៊ុនឯកជនអ៊ុយក្រែន ដើម្បីទិញ «ដ្រូនសម្រាប់ហោះបុកកម្ទេចដ្រូនសត្រូវ»។ ប្រទេសទាំងនេះ ត្រូវការវាជាបន្ទាន់ ដើម្បីយកទៅការពារដែនអាកាសរបស់ខ្លួនពីការវាយប្រហារដោយដ្រូនអត្តឃាត Shahed របស់អ៊ីរ៉ង់។ អ៊ុយក្រែនគឺជាប្រទេសតែមួយគត់នៅលើលោក ដែលមានបទពិសោធន៍ជាក់ស្តែង ក្នុងការបាញ់ទម្លាក់ដ្រូនប្រភេទនេះរាប់ម៉ឺនគ្រឿង។

២. ស្វែងរកជម្រើសថ្មីជំនួសដ្រូនចិន (សហរដ្ឋអាមេរិក និងអឺរ៉ុប)
បើតាមការវិភាគរបស់គេហទំព័រ DroneLife អាមេរិក និងណាតូ (NATO) កំពុងព្យាយាមកាត់ផ្តាច់ការពឹងផ្អែកលើគ្រឿងបន្លាស់ និងដ្រូនដែលផលិតដោយប្រទេសចិន ដោយសារបារម្ភពីសន្តិសុខទិន្នន័យ។ ដ្រូនអ៊ុយក្រែន បានក្លាយជា «ជម្រើសដ៏គួរឱ្យទុកចិត្តបំផុត» ព្រោះវាជាដ្រូនដែលឆ្លងកាត់សមរភូមិពិតៗ មានតម្លៃថោក (ដ្រូនខ្លះតម្លៃត្រឹមតែ ៤០០ដុល្លារប៉ុណ្ណោះ) ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។

៣. ទិញយក «រូបមន្ត» ទៅផលិតខ្លួនឯង (ការផ្ទេរបច្ចេកវិទ្យា)
យោងតាមអង្គការវិភាគច្បាប់ Just Security អ៊ុយក្រែនមិនមែនគ្រាន់តែលក់ដ្រូន ដែលផលិតស្រេចនោះទេ។ អ្វីដែលប្រទេសផ្សេងៗចង់បានខ្លាំងបំផុតគឺ រូបមន្តបច្ចេកវិទ្យា។ អ៊ុយក្រែន បានបើកការិយាល័យនាំចេញអាវុធចំនួន ១០កន្លែងនៅអឺរ៉ុប ដើម្បីចែករំលែកប្លង់មេ និងប្រព័ន្ធកម្មវិធីបញ្ជា ឱ្យប្រទេសអ្នកទិញអាចយកទៅបង្កើតរោងចក្រផលិត និងអភិវឌ្ឍនៅលើទឹកដីខ្លួនឯងបានភ្លាមៗ។

(រូបថត៖ REUTERS)

ផលចំណេញត្រឡប់ទៅអ៊ុយក្រែនវិញ

ការបើកចំហលក់អាវុធទៅក្រៅប្រទេសទាំងខ្លួន​កំពុង​វីវក់នឹង​សង្គ្រាមនេះ មើលទៅហាក់ដូចជាគ្រោះថ្នាក់ ប៉ុន្តែយោងតាមការចុះផ្សាយរបស់ Atlantic Council វាជាយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏ឆ្លាតវៃ។

បច្ចុប្បន្ន ក្រុមហ៊ុនផលិតដ្រូននៅអ៊ុយក្រែន មានសមត្ថភាពផលិតដ្រូនបានរហូតដល់ទៅ ៣លានគ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែន មិនមានកញ្ចប់ថវិកាគ្រប់គ្រាន់ ដើម្បី​ប្រមូល​ទិញ​យកទាំងអស់ទេ។ ការអនុញ្ញាតឱ្យលក់ដ្រូន «ដែលលើសពីតម្រូវការកងទ័ព» ទៅឱ្យបរទេស នឹងជួយឱ្យក្រុមហ៊ុនទាំងនោះ ទទួលបានប្រាក់ចំណេញ (រំពឹងថានឹងរកចំណូលបានដល់ ២០ពាន់លានដុល្លារ) ដើម្បីយកមកស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ និងបញ្ចុះតម្លៃដ្រូនឱ្យកាន់តែថោក សម្រាប់ផ្គត់ផ្គង់ឱ្យកងទ័ពជួរមុខរបស់ខ្លួនវិញ។

យ៉ាងណាមិញ លោកប្រធានាធិបតី Zelenskyy បានបញ្ជាក់ច្បាស់ៗថា អ៊ុយក្រែនមានលក្ខខណ្ឌតឹងរ៉ឹងបំផុត៖ ដ្រូនទាំងនេះ នឹងមិនត្រូវលក់ឱ្យប្រទេសណាដែលមានទំនាក់ទំនង ឬសហការជាមួយរុស្ស៊ីដាច់ខាត ដើម្បីការពារកុំឱ្យបច្ចេកវិទ្យាដ៏សំខាន់នេះធ្លាក់ទៅលើដៃសត្រូវ៕

អត្ថបទ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម