Connect with us

អត្ថាធិប្បាយ

បទវិចារណកថា៖ «លាងអំបោសជាមុន ទើបសម្អាតផ្ទះស្អាត»៖ វិធានការក្ដៅកាត់ឫសគល់មន្ត្រីអសមត្ថភាព ដើម្បីឆ្លើយតបនឹងការមើលងាយពីបរទេសនិងស្តារជំនឿទុកចិត្តពីពលរដ្ឋ

បានផុស

នៅ

ដើម្បីដឹកនាំនាវាកម្ពុជាទៅកាន់ត្រើយនៃវឌ្ឍនភាព និងយុត្តិធម៌សង្គម រាជរដ្ឋាភិបាលតែងតែដាក់ចេញនូវច្បាប់ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដ៏មានឧត្តមភាព និងសុច្ឆន្ទៈខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ក៏ភាពជោគជ័យនៃគោលនយោបាយដ៏ល្អឆ្នើមទាំងនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើ «យន្តការអនុវត្ត» នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន នៅតែមានភាពស្រពិស្រពិល ខ្វះការសហការ ឬរងការរំខានដោយសារតែភាពខិលខូច និងអំពើពុករលួយរបស់មន្ត្រីមួយចំនួនតូចនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអ្នកប្រាកដជាធ្លាប់បានឮពាក្យស្លោកបុរាណមួយឃ្លាថា «បើអំបោសមិនស្អាត មិនអាចបោសផ្ទះឱ្យស្អាតបានឡើយ»។ ក្នុងបរិបទគ្រប់គ្រងរដ្ឋបាលសាធារណៈនាពេលបច្ចុប្បន្ន នេះគឺជាសច្ចធម៌ដែលមិនអាចប្រកែកបាន។ ប្រសិនបើមន្ត្រីដែលទទួលបន្ទុកអនុវត្តច្បាប់ និងប្រឆាំងបទល្មើស បែរជាមានប្រឡាក់ប្រឡូកនឹងអំពើពុករលួយ ឬខ្វះភាពស្មោះត្រង់ចំពោះជាតិ និងថ្នាក់ដឹកនាំ នោះការបង្ក្រាបបទល្មើសនានានឹងក្លាយទៅជា «រូបភាពបង្កាត់ភ្លើងចំបើង» តែប៉ុណ្ណោះ។

បញ្ហាប្រឈម៖ គម្លាតរវាង «នយោបាយថ្នាក់លើ» និង «ការអនុវត្តថ្នាក់ក្រោម»

បច្ចុប្បន្ន រាជរដ្ឋាភិបាលបាននិងកំពុងប្រឈមមុខនឹងសមរភូមិជាច្រើន ទាំងការបង្ក្រាបគ្រឿងញៀន ការបង្រ្កាបការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់ ជាដើម។ បញ្ហាប្រឈមធំៗដែលនាំឱ្យរដ្ឋាភិបាលមិនអាច​ប្រយុទ្ធប្រឆាំងនឹងសមរភូមិទាំងនោះបានជោគជ័យ រួមមាន៖

  • ទី១. កង្វះសហការអន្តរស្ថាប័ន៖ យន្តការបង្ក្រាបបទល្មើសធំៗ ដូចជាគ្រឿងញៀន ឬល្បែងស៊ីសងអនឡាញនៅថ្នាក់ខេត្តឬមូលដ្ឋាន ជារឿយៗហាក់បីដូចជានៅមានគម្លាត មិនទាន់សហការបានស៊ីចង្វាក់គ្នាពេញលេញជាមួយថ្នាក់កណ្តាល ឬថ្នាក់ក្រសួង ដែលធ្វើឱ្យការបង្ក្រាបមិនទាន់មានប្រសិទ្ធភាពដល់ឫសគល់។
  • ទី២. ការលេចធ្លាយនៅតាមច្រកព្រំដែន៖ ទោះបីជាមានការណែនាំយ៉ាងម៉ឺងម៉ាត់ពីរាជរដ្ឋាភិបាល និងមានចលនាពហិការទំនិញពីប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងការមើលងាយពីក្រុមជ្រុលនិយមនៃប្រទេសថៃក៏ដោយ ក៏ទំនិញខុសច្បាប់ និងអន់គុណភាពនៅតែបន្តហូរចូលតាមច្រកព្រំដែន។ សកម្មភាពនេះសបញ្ជាក់ឱ្យឃើញថា មានការគប់គិតគ្នារវាងឈ្មួយខិលខូច និងមន្ត្រីខ្វមនសិការជាតិ និងមន្ត្រីពុករលួយមួយចំនួននៅតាមច្រកទ្វារ។

ផលវិបាក៖ នៅពេលដែលមន្ត្រីថ្នាក់ក្រោមបំពេញការងារខ្វះតម្លាភាព មិនស្មោះត្រង់ និងខ្វះការទទួលខុសត្រូវ ផលវិបាក និងការរិះគន់ទាំងឡាយមិនមែនធ្លាក់តែទៅលើមន្ត្រីទាំងនោះទេ ប៉ុន្តែវាបានក្លាយជាស្រមោលអវិជ្ជមានដែលធ្លាក់មកលើរាជរដ្ឋាភិបាលទាំងមូល និងធ្វើឱ្យបាត់បង់ជំនឿចិត្តពីប្រជាពលរដ្ឋ។


ដំណោះស្រាយជាក់ស្ដែង៖ យុទ្ធសាស្ត្រពង្រឹងការអនុវត្តច្បាប់ប្រកបដោយគតិបណ្ឌិត

ដើម្បីលុបបំបាត់ចន្លោះប្រហោង និងបង្កើនប្រសិទ្ធភាពការងារ មិនមែនផ្អែកតែលើការ ​«ព្រមានដោយពាក្យសម្តី» នោះទេ គឺទាមទារនូវ «វិធានការក្តៅជាក់ស្តែង» តាមរយៈអភិក្រម «ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដូចខាងក្រោម៖

១. យុទ្ធសាស្ត្រ «ការស៊ើបអង្កេតខ្សែច្រវាក់ផ្គត់ផ្គង់» «ការស្រាវជ្រាវស្វែងរកខ្សែបណ្ដាញបទល្មើស» មិនត្រូវបង្ក្រាបត្រឹមតែអ្នកលក់រាយឬអ្នកអនុវត្តចុងក្រោយនោះទេ។ សមត្ថកិច្ចថ្នាក់ជាតិត្រូវសហការជាមួយអគ្គាធិការដ្ឋាន និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបអង្កេតរកឱ្យឃើញ៖

  • អ្នកកាងនៅពីក្រោយខ្នងនៃនាំការនាំចូល និងអ្នកផ្ដាច់មុខចែកចាយធំៗ។
  • មន្ត្រីទទួលខុសត្រូវតាមច្រកព្រំដែន និងមន្ត្រីផ្ទៃក្នុងដែលបើកដៃឱ្យមានបទល្មើស។
  • វិធានការ៖ ដកហូតតំណែង បញ្ជូនទៅតុលាការ និងរឹបអូសទ្រព្យសម្បត្តិដែលបានមកពីអំពើខុសច្បាប់ជាធរមាន។

២. បង្កើតប្រព័ន្ធត្រួតពិនិត្យចម្រុះ និងប្រព័ន្ធឌីជីថលឆ្លងដែន

  • កាត់បន្ថយការប្រើប្រាស់ឆន្ទានុសិទ្ធិផ្ទាល់ខ្លួនរបស់មន្ត្រីនៅតាមច្រកព្រំដែន ដោយជំនួសមកវិញនូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងទិន្នន័យទំនិញចូល។
  • បង្កើត «ក្រុមការងារចម្រុះពិសេស» ដែលមានសមាសភាពពីថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យឡើងវិញនូវសកម្មភាពរបស់មន្ត្រីថ្នាក់ក្រោមជាតិ ដោយមិនឱ្យដឹងខ្លួនជាមុន។

៣. យន្តការ «វាយតម្លៃភាពស្មោះត្រង់» និងគណនេយ្យភាពថ្នាក់ដឹកនាំមូលដ្ឋាន

  • អនុវត្តគោលការណ៍ «ខេត្តណា មានបទល្មើសច្រើន ថ្នាក់ដឹកនាំខេត្តនោះត្រូវតែទទួលខុសត្រូវ»។ បើអភិបាលខេត្ត ឬស្នងការខេត្តណាមិនអាចគ្រប់គ្រងបទល្មើសគ្រឿងញៀន ការបោក​ប្រាស់តាមប្រព័ន្ធអនឡាញ ឬការរត់ពន្ធក្នុងដែនដីរបស់ខ្លួនបានទេ ត្រូវចាត់ទុកថា «ខ្វះសមត្ថភាពឬខ្វះភាពស្មោះត្រង់» ក្នុងការអនុវត្តច្បាប់និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

៤. សម្អាតផ្ទះ៖ ពង្រឹងយន្តការផ្ទៃក្នុងនៃស្ថាប័នប្រឆាំងអំពើពុករលួយ

  • បង្កើនការតាមដាននិងការស៊ើបអង្កេតទៅលើមន្ត្រីអនុវត្តច្បាប់ និងមន្ត្រីប្រឆាំងអំពើពុករលួយខ្លួនឯងផ្ទាល់។ មន្ត្រីដែលការពារច្បាប់ ត្រូវតែជាមន្ត្រីដែលមានសីលធម៌ និងស្អាតស្អំជាដាច់ខាត។ 

​ការកែទម្រង់ផ្ទៃក្នុងនិងការប្រើវិធានការក្តៅទៅលើមន្ត្រីអសកម្ម មិនមែនជាការធ្វើឱ្យរាជរដ្ឋាភិបាលទន់ជ្រាយនោះទេ ប៉ុន្តែវាជា«ការបង្ហាញសាច់ដុំនៃយុត្តិធម៌» និងជាការការពារកេរ្តិ៍ឈ្មោះរបស់គណបក្សកាន់អំណាច និងរាជរដ្ឋាភិបាល។ នៅពេលដែលប្រជាពលរដ្ឋបានឃើញនូវសកម្មភាពវះកាត់មន្ត្រីពុករលួយយ៉ាងពិតប្រាកដ ជំនឿចិត្តលើអាជ្ញាធរនឹងត្រូវស្តារឡើងវិញយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ វាក៏ជាសារព្រមានដ៏មានឥទ្ធិពលទៅកាន់បរទេស និងក្រុមជ្រុលនិយមថា កម្ពុជាជារដ្ឋអធិបតេយ្យដែលមានច្បាប់រឹងមាំ មានមន្ត្រីមានសមត្ថភាព និងមិនអនុញ្ញាតឱ្យមានការលួចបន្លំឬការមើលងាយតាមទម្រង់ណាមួយបានឡើយ។

សន្និដ្ឋាន៖ 

​ត្រីវិស័យនៃគោលនយោបាយ និងច្បាប់ល្អៗ រួមទាំងការប្ដេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូល គឺមានរួចជាស្រេចទៅហើយ។ ប៉ុន្តែ នាវាកម្ពុជានឹងមិនអាចលឿនទៅមុខលឿនបានឡើយ ប្រសិនបើ«យន្តការអនុវត្ត»នៅថ្នាក់ក្រោមជាតិនៅតែមានភាពស្រពិចស្រពិល។ មកទល់ពេលនេះ ល្មមដល់ពេលដែលត្រូវផ្លាស់ប្តូរពី «ពាក្យព្រមាន» មកជា «វិធានការក្ដៅជាក់ស្ដែង» ដោយត្រូវ «លាងសម្អាតអំបោសឱ្យស្អាតជាមុនសិន ទើបអាចបោសសម្អាតសង្គមបានល្អ»។ ការវះកាត់មន្ត្រីខិលខូច និងការកាត់ផ្តាច់ខ្សែបណ្ដាញឈ្មួញខុសច្បាប់ មិនត្រឹមតែជាការស្តារជំនឿចិត្តរបស់ពលរដ្ឋមកលើអាជ្ញាធរវិញនោះទេ ប៉ុន្តែវាជាខែលការពារកិត្តិយសជាតិពីការមើលងាយរបស់បរទេស និងជាគ្រឹះដ៏ពិសិដ្ឋនៃសមធម៌ តម្លាភាព យុត្តិធម៌ ការអភិវឌ្ឍសេដ្ឋកិច្ច និងនិរន្តរភាពជាតិ៕

ដោយបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃ​រាជបណ្ឌិត្យ​​​សភាកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម