Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អប់រំ ៖ សហភាពអឺរ៉ុបជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ សម្រាប់វិស័យអប់រំនៅកម្ពុជា

បានផុស

នៅ

លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា សហភាពអឺរ៉ុប (EU) គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់វិស័យអប់រំនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ជាច្រើន ដើម្បីជួយឱ្យនិស្សិតកម្ពុជាអភិវឌ្ឍសមត្ថភាព និងក្លាយជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

ការលើកឡើងនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានស្តីពីអាហារូបករណ៍អឺរ៉ុប និងកម្មវិធី Erasmus+ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យសម្តេចមហាសង្ឃរាជ បួរ គ្រី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត សោម រតនា បានថ្លែងអំណរគុណដល់លោក Bryan Fornari តំណាងសហភាពអឺរ៉ុប ព្រមទាំងបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ ដែលបានសហការជាមួយសម្តេចព្រះវង្ស អានេត្តា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសម្តេចមហាសង្ឃរាជ បួរ គ្រី ក្នុងការរៀបចំយុទ្ធនាការផ្សព្វផ្សាយអាហារូបករណ៍អឺរ៉ុបនេះ។

លោកបណ្ឌិតបានបញ្ជាក់ថា កម្មវិធីអាហារូបករណ៍ Erasmus+ គឺជាផ្នែកមួយនៃការគាំទ្ររបស់សហភាពអឺរ៉ុប ដើម្បីផ្តល់ឱកាសដល់និស្សិតកម្ពុជាក្នុងការបង្កើនចំណេះដឹង ជំនាញ និងបទពិសោធន៍អន្តរជាតិ ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

សិក្ខាសាលានេះមានគោលបំណងបង្កើនការយល់ដឹងរបស់សិស្ស-និស្សិតកម្ពុជាអំពីឱកាសទទួលបានអាហារូបករណ៍តាមរយៈកម្មវិធី Erasmus+ និងបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីការប្តេជ្ញាចិត្តរបស់អឺរ៉ុបក្នុងការគាំទ្រការអប់រំជាសកល ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ជាមួយគ្នានេះ សិក្ខាសាលាក៏មានគោលបំណងជំរុញសមធម៌ និងបរិយាបន្នក្នុងការទទួលបានព័ត៌មាន និងអាហារូបករណ៍ ដោយធានាថា សិស្ស-និស្សិតនៅតាមបណ្តាខេត្តមានឱកាសស្មើគ្នាជាមួយសិស្ស-និស្សិតនៅរាជធានីភ្នំពេញ។ លើសពីនេះ កម្មវិធីក៏បានរួមចំណែកពង្រឹងភាពជាដៃគូរវាងគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា និងបណ្តាញគ្រឹះស្ថានអប់រំនៅអឺរ៉ុប ដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍នាពេលអនាគត៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម