Connect with us

ព័ត៌មានជាតិ

យុវជនឆ្នើម ៣រូប ដណ្តើមបានពានរង្វាន់ជើងឯក JCI ASPAC Debate Championship នៅប្រទេសជប៉ុន

បានផុស

នៅ

យុវជនកម្ពុជា ៣រូប បានបង្កើតមោទនភាពជូនជាតិ ដោយដណ្តើមបានពានរង្វាន់ជើងឯកការប្រកួតជជែកដេញដោលកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក (JCI ASPAC Niigata 2026 Debating Champion) ដែលរៀបចំឡើងនៅទីក្រុង Niigata ប្រទេសជប៉ុន តាមរយៈការបង្ហាញសមត្ថភាពគិតវិភាគស៊ីជម្រៅ ការធ្វើការជាក្រុមប្រកបដោយសាមគ្គីភាព និងជំនាញតស៊ូមតិយ៉ាងមុតស្រួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងអប់រំ យុវជន និងកីឡា យុវជនឆ្នើមទាំង ៣ រូប រួមមាន កញ្ញា ស្លេះ រីយ៉ាន (Ms. Sleh Ryan) កញ្ញា អ៊ុង ខេមរា បរមីច័ន្ទ (Ms. Ung Khemara Bormeychan) និងលោក ស៊ាង ធានសឹង (Mr. Seang Theansoeng) បានដណ្តើមយកជ័យលាភីជើងឯកក្នុងការប្រកួត JCI ASPAC Debate Championship ដែលមានការចូលរួមពីបេក្ខភាពមកពីបណ្តាប្រទេសជាច្រើនក្នុងតំបន់។

សមិទ្ធផលដ៏អស្ចារ្យនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីសមត្ថភាពពិតប្រាកដ ចំណេះដឹង និងជំនាញតស៊ូមតិដ៏ប៉ិនប្រសប់របស់យុវជនកម្ពុជា ដែលអាចឈរជើងប្រកួតប្រជែង និងបង្ហាញសក្តានុពលរបស់ខ្លួននៅលើឆាកអន្តរជាតិ ព្រមទាំងនាំមកនូវកិត្តិយស និងមោទនភាពជូនជាតិមាតុភូមិយ៉ាងធំធេង។

ជាមួយគ្នានេះ លោកស្រី ជៀង មុីលី ប្រធានសាខានៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (សាខាចតុមុខ) ក៏បានបង្ហាញនូវក្តីរំភើប និងមោទនភាពចំពោះសមិទ្ធផលនេះ ដូច្នេះថា “យើងឈ្នះហើយ មោទនភាពរបស់ជាតិយើង។ សូមអបអរសាទរដល់ក្រុម Team Oh Four មកពី JCI Cambodia ដែលបានឈ្នះពានរង្វាន់ផ្នែកជជែកដេញដោល (Debating Award) ក្នុងសន្និសីទអាស៊ី-ប៉ាស៊ីហ្វិករបស់ JCI “។

លោកស្រីគូសបញ្ជាក់ទៀតថា ជ័យជំនះនេះ គឺបន្ទាប់ពីទទួលជ័យជម្នះ ក្នុងការប្រកួតប្រជែងជាមួយក្រុមមកពី JCI ថៃ, JCI ម៉ាឡេស៊ី និង JCI ម៉ុងហ្គោលី ។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីក៏ថ្លែងអំណរគុណ និងកោតសរសើរជាពិសេសផងដែរដល់ លោក ភារុន ឈឹង (VP Phearun Chheng) ក្នុងនាមជាប្រធានគម្រោង ព្រមទាំងក្រុមការងាររៀបចំទាំងមូល ដែលបានលះបង់ ការខិតខំប្រឹងប្រែង បង្ហាញភាពជាអ្នកដឹកនាំ និងការបំពេញការងារយ៉ាងសកម្ម រហូតទទួលបានជោគជ័យដ៏គួរឱ្យមោទនភាពនេះ។

ក្រោយព័ត៌មាននៃជ័យជម្នះនេះត្រូវបានផ្សព្វផ្សាយ ក្រសួងអប់រំ ក៏ដូចជាសាធារណជនជាតិ បានសម្តែងការអបអរសាទរ និងបង្ហាញនូវមោទនភាពចំពោះយុវជនខ្មែរ ដែលបានបង្ហាញឱ្យពិភពលោកមើលឃើញថា កម្ពុជាមានធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់ និងអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើឆាកអន្តរជាតិបានយ៉ាងមានប្រសិទ្ធភាព។

សមិទ្ធផលនេះ មិនត្រឹមតែជាជ័យជម្នះរបស់យុវជនទាំង ៣ រូបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពរួមរបស់ប្រជាជនកម្ពុជាទាំងមូល និងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់យុវជនជំនាន់ក្រោយ ក្នុងការបន្តអភិវឌ្ឍសមត្ថភាព និងលើកកម្ពស់កិត្យានុភាពរបស់ប្រទេសជាតិនៅលើឆាកពិភពលោកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម