សេដ្ឋកិច្ច
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ឈ្មោះជាអាកាសយានដ្ឋានស្រស់ស្អាតបំផុតលើពិភពលោក
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានទទួលស្គាល់ក្នុងចំណោមអាកាសយានដ្ឋានស្រស់ស្អាតបំផុតលើពិភពលោកឆ្នាំ ២០២៦ ក្នុងការជ្រើសរើសថ្នាក់ពិភពលោក (World Selection) របស់ Prix Versailles។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានចុះបញ្ជីរួមជាមួយគម្រោងអន្តរជាតិពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ចិន និងឥណ្ឌា ដោយបង្ហាញពីគុណភាពស្ថាបត្យកម្ម អត្តសញ្ញាណរចនាបថខ្មែរ និងការរួមបញ្ចូលវប្បធម៌ខ្មែរយ៉ាងសម្បូរបែប។
ចាប់តាំងពីឆ្នាំ ២០១៥ ជារៀងរាល់ឆ្នាំពានរង្វាន់ Prix Versailles មានការប្រកាសជ័យលាភីនៅស្នាក់ការអង្គការយូណេស្កូ ដើម្បីអបអរសាទរគម្រោងដែលរួមបញ្ចូលគ្នានូវឧត្តមភាពស្ថាបត្យកម្មជាមួយនឹងនវានុវត្តន៍ ភាពច្នៃប្រឌិត បេតិកភណ្ឌក្នុងស្រុក ប្រសិទ្ធភាពអេកូឡូស៊ី និងឥទ្ធិពលជាវិជ្ជមានចំពោះសង្គម។
ក្នុងការជ្រើសរើសប្រចាំឆ្នាំនេះ លោក Jérôme Gouadain អគ្គលេខាធិការនៃពានរង្វាន់ Prix Versailles បានកត់សម្គាល់ថា អាកាសយានដ្ឋានសម័យទំនើប «មិនអាចត្រូវបានពិពណ៌នាថាជាទីកន្លែងសម្រាប់តែការផ្ទេរដំណើរទៅមកប៉ុណ្ណោះទៀតទេ» តែកំពុងក្លាយជា «និមិត្តរូបនៃសក្ដានុពលសេដ្ឋកិច្ច វប្បធម៌ និងសង្គម»។

ជ័យលាភីនៃការជ្រើសរើសថ្នាក់ពិភពលោក (World Selection) របស់ Prix Versailles ក្នុងប្រភេទអាកាសយានដ្ឋានកាលពីឆ្នាំមុនៗ រួមមាន ស្ថានីយទី២ (Terminal 2) នៃអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី និងស្ថានីយ B (Terminal B) នៃអាកាសយានដ្ឋាន LaGuardia ក្នុងទីក្រុងញូវយ៉ក (New York)។
គណៈកម្មការវិនិច្ឆ័យក្នុងពេលកន្លងមកប្រមូលផ្តុំដោយបុគ្គលល្បីៗមកពីវិស័យស្ថាបត្យកម្ម ការរចនា វប្បធម៌ និងសិល្បៈ រួមមាន Emma Watson, Lang Lang និង Philippe Starck ផងដែរ។
ក្នុងនាមជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) អាកាសយានដ្ឋានអន្តរជាតិតេជោ បានរួមផ្សំជំនាញរបស់ស្ថាបត្យករអន្តរជាតិទៅនឹងអត្តសញ្ញាណ និងបេតិកភណ្ឌវប្បធម៌កម្ពុជាទៅកាន់វេទិកាស្ថាបត្យកម្មពិភពលោក។

អាកាសយានដ្ឋាននេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន «Foster+Partners» ពីចក្រភពអង់គ្លេសដោយប្រើដំបូលធំទូលាយជា ពិសេស ដែលទទួលបានការបំផុសគំនិតពីផ្ការំដួលជាផ្កាតំណាងជាតិកម្ពុជា។ ដំបូលនេះលាតសន្ធឹងឡើងខ្ពស់ទៅកាន់ចំណុចកណ្ដាលនៃអគារ និងឆ្លុះបញ្ចាំងពីស្ថាបត្យកម្មព្រះបរមរាជវាំង និងប្រាសាទនានារបស់កម្ពុជា។
រចនាសម្ព័ន្ធអគារលម្អិតត្រូវបានបំផុសគំនិតពីសិល្បៈតម្បាញខ្មែរ ជាមួយនឹងធាតុផ្សំផ្សេងទៀតដែលធ្វើឱ្យមើលទៅដូចគ្រោងអគារត្បាញឡើងពីឫស្សី និងផ្តៅ។
វិធីសាស្រ្តរចនារបស់អាកាសយានដ្ឋានរួមចំណែកជួយឱ្យមានពន្លឺ ខ្យល់ចេញចូលធម្មជាតិ និងកាត់បន្ថយការប្រើប្រាស់ភ្លើងបំភ្លឺសិប្បនិម្មិតនៅពេលថ្ងៃ។
រុក្ខជាតិបៃតងនៅពាសពេញតំបន់ស្ថានីយអ្នកដំណើរ ដោយមានដើមផ្ការំដួល និងរុក្ខជាតិបន្សុទ្ធខ្យល់ជាច្រើន ដុះលូតលាស់នៅទីតាំងដ៏ធំទូលាយក្នុងចន្លោះកណ្ដាលរបស់ស្ថានីយ។

ការរួមបញ្ចូលគ្នានៃពន្លឺធម្មជាតិ រុក្ខជាតិបៃតង សម្ភារៈតុបតែងដែលផ្តល់អារម្មណ៍កក់ក្តៅ និងចម្លាក់បុរាណ សិល្បៈវប្បធម៌ខ្មែរបង្កើតបរិយាកាសស្ងប់ស្ងាត់ និងស្វាគមន៍អ្នកដំណើរគ្រប់រូបដែលបានមកដល់ទីនេះ។
ការទទួលស្គាល់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិតេជោនេះ ជំរុញការលេចមុខរបស់ប្រទេសកម្ពុជានៅលើឆាកស្ថាបត្យកម្មអន្តរជាតិបន្ថែមទៀត ហើយក៏ជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន OCIC ដែលរួមចំណែកក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់បំផុតមួយរបស់កម្ពុជា ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់ដើម្បីគាំទ្រដល់ការតភ្ជាប់របស់ប្រទេសសម្រាប់អនាគត៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


