Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី ហេង សួរ គូសបញ្ជាក់ពីការធ្វើទំនើបកម្មជំនាញ TVET ដោយផ្ដោតលើគុណភាពជាចម្បង

បានផុស

នៅ

ពីពិធីបិទជាផ្លូវការនូវទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET) ដោយផ្ដោតលើការធ្វើទំនើបកម្មជំនាញ និងគុណភាពជាចម្បង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់ថា ស្របតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា TVET មិនមែនជាការសិក្សាកម្រិតទី២ ឬទាបជាងថ្នាក់បាក់ឌុបនោះឡើយ ប៉ុន្តែជំនាញ TVET គឺជាជំនាញត្រឹមត្រូវ ស្មោះត្រង់ និងមានតម្លៃ ដែលទីផ្សារការងារ ទាំងក្នុង និងក្រៅប្រទេស ត្រូវការបំផុត ខណៈក្រសួងកំពុងជំរុញវឌ្ឍនភាពថ្មីៗធ្វើយ៉ាងណាឱ្យវិស័យ TVET ក្លាយជាថ្នាលបណ្ដុះបណ្ដាល ឬជាកន្លែងបង្រៀនឱ្យចេះស្ទូចត្រី និងស្គាល់បឹងពិតប្រាកដ។

ដើម្បីឆ្លើយតបនឹងការណែនាំរបស់សម្តេចធិបតី ដែលផ្ដោតលើគុណភាពជាចម្បង និងចៀសវាងករណីរៀនលេងៗ លោករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំកែទម្រង់ និងអនុវត្តទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ដោយក្នុងនោះ សម្រាប់គ្រឹះស្ថាន TVET ត្រូវបន្តធ្វើបដិវត្តកម្មការបណ្ដុះបណ្ដាល ដោយបញ្ជ្រាបបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងធ្វើឯកទេសកម្មជំនាញតាមសក្ដានុពលមូលដ្ឋាន ជំរុញយុទ្ធសាស្ត្រនាំជំនាញទៅរកអ្នកសិក្សា និងផ្ដល់ការបណ្ដុះបណ្ដាល ព្រមទាំងការវាយតម្លៃសមត្ថភាពទទួលស្គាល់ការសិក្សាពីមុន (RPL) ដោយឥតគិតថ្លៃដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។

ទន្ទឹមនឹងនេះ សម្រាប់អគ្គនាយកដ្ឋាន TVET ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្ត«គន្លងវិជ្ជាជីវៈ» ឱ្យទទួលបានជោគជ័យ ចាប់ពីឆ្នាំសិក្សា២០២៥-២០២៦តទៅ ព្រមទាំងបន្តចងក្រងសន្និធិជំនាញកម្ពុជា និងជំរុញការបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យសម្រេចបានគ្រប់ចំនួន ១,៥ លាននាក់ ដោយផ្អែកលើគុណភាពជាចម្បង។

ដោយឡែកសម្រាប់វិស័យឯកជន រដ្ឋមន្ត្រី បានស្នើឱ្យបន្តដើរតួនាទីជាដៃគូយុទ្ធសាស្ត្រ ដែលមិនអាចខ្វះបាន តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយបង្កើនការផ្ដល់ឱកាសចុះកម្មសិក្សា និងហ្វឹកហ្វឺនកូនជាង ដើម្បីផ្សារភ្ជាប់ការបណ្ដុះបណ្ដាលទៅនឹងខ្សែច្រវាក់ផលិតកម្មជាក់ស្ដែង។

គួរកត់សម្គាល់ថា យោងតាមរបាយការណ៍របស់លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានបង្ហាញពីភាពជោគជ័យនៃការរៀបចំទិវាជាតិ TVET ឆ្នាំនេះ ដែលមានអ្នកចូលរួមជិត ១០ម៉ឺននាក់នៅទូទាំងប្រទេស។ អ្វីដែលជាមោទនភាពជាតិ នោះគឺកូនខ្មែរដែលជាសិស្ស-និស្សិត TVET បានបង្ហាញសមត្ថភាពខ្ពស់ក្នុងការបង្កើតនូវរ៉ូបូតទំនើបៗ និងបានចូលរួមនៅក្នុងខ្សែច្រវាក់ផលិតកម្មកម្រិតខ្ពស់រួចជាស្រេច៕











Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម