Connect with us

ព័ត៌មានជាតិ

ត្រៀមប្រព្រឹត្តបទល្មើសONLINE SCAMS ជនសង្ស័យ​៣នាក់ត្រូវបានឃាត់ខ្លួននៅទីតាំងអាជីវកម្មលក់ទូរស័ព្ទយីហោ «ឡឹ ចា ឌីជីថល»

បានផុស

នៅ

ត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បង្ក្រាបបាន១ករណីឃាត់ខ្លួនជនសង្ស័យបាន៣នាក់ និងសម្ភារៈមួយចំនួន ខណៈក្រុមការងារបានចុះពិនិត្យ ៩៨ទីតាំង រកឃើញជនបរទេសស្នាក់នៅ២៨៤នាក់ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី១៨ខែ មិថុនានេះថា ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានធ្វើការត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ តាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៩៨ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន២៨៤នាក់ (ស្រី ៨១នាក់) និងមានលិខិតឆ្លងដែនត្រឹមត្រូវ។

លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនេះដែរ ក្រុមការងារបានរកឃើញបទល្មើស១ករណីនៅទីតាំងអាជីវកម្មលក់ទូរស័ព្ទឈ្មោះ ឡឹ ចា ឌីជីថល ស្ថិតក្នុងបុរីជីបម៉ុង២៧១ ផ្ទះលេខ២២៥ ផ្លូវ Commercial ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងនោះជនជាតិ ចិន ១នាក់ និងជនជាតិខ្មែរ ២នាក់ (ស្រី ១នាក់) ព្រមទាំងសម្ភាររួមមាន៖ កុំព្យូទ័រ All in one ចំនួន ៦២គ្រឿង CPU ៩គ្រឿង ម៉ូនីទ័រ ២៦គ្រឿង ទូរស័ព្ទដៃ ៦៨២គ្រឿង Laptop ៥គ្រឿង។

ក្រោយការត្រួតពិនិត្យរបស់កម្លាំងជំនាញ ករណីនេះគឺស្ថិតក្រោមបទសង្ស័យត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ចំពោះសម្ភារខាងលើ ក្រុមការងារពុំបានដកហូតនោះទេ គឺសម្រេចបិទឃ្លុំទីតាំងជាបណ្ដោះអាសន្ន ដោយរក្សានៅក្នុងផ្ទះនោះតែម្តង។ ដោយឡែកជនសង្ស័យ ខាងលើ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម