Connect with us

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី-ដាក់ឡាក់ (វៀតណាម) ឯកភាពរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការពណិជ្ជកម្ម និងឱកាសវិនិយោគតាមព្រំដែន

បានផុស

នៅ

រដ្ឋបាលខេត្តមណ្ឌលគិរី នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តដាក់ឡាក់ (Dak Lak) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានរួមគ្នារៀបចំ «សន្និសីទជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម» ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងខេត្តជាប់ព្រំដែនទាំងពីរ ឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្និសីទនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មខេត្ត និងគណៈប្រតិភូវៀតណាម ដឹកនាំដោយលោក លឿង ង្វៀន មិញទៀត លេខាបក្សខេត្តដាក់ឡាក់ នៅសាលាខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះ លោក គង់ គឹមនី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងវិនិយោគិនមកពីខេត្តដាក់ឡាក់ ព្រមទាំងលើកឡើងពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តមណ្ឌលគិរី ជាពិសេសលើវិស័យកសិ-ឧស្សាហកម្ម កសិកម្មទំនើប និងទេសចរណ៍ធម្មជាតិ ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោកបានបន្ថែមថា សន្និសីទនេះគឺជាស្ពានចម្លងដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរជននៃខេត្តទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ស្វែងយល់ពីនីតិវិធីច្បាប់ និងស្វែងរកឱកាសចាប់​ដៃគូវិនិយោគ​លើគម្រោងនានារួមគ្នា។

លោក គង់ គឹមនី

លោកអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ បានរក្សាកិច្ចសហប្រតិបត្តិការល្អប្រសើរជាបន្តបន្ទាប់ ក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងព្រំដែន ពាណិជ្ជកម្ម និងការវិនិយោគជូនប្រជាពលរដ្ឋ ព្រមទាំងរួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានសហការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនៃខេត្តទាំងពីរ។

ជាមួយគ្នានេះ លោក លឿង ង្វៀន មិញទៀត សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងលេខាបក្សខេត្តដាក់ឡាក់ បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើន និងសក្តានុពលវិនិយោគនៅខេត្តមណ្ឌលគិរី។ លោកបានបង្ហាញពីបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការនាំចេញ-នាំចូលកសិផល ការចែករំលែកបច្ចេកវិទ្យាកសិកម្ម និងការជំរុញលំហូរភ្ញៀវទេសចរឆ្លងដែនរវាងខេត្តទាំងពីរ ឱ្យកាន់តែសកម្មថែមទៀត។

ជាលទ្ធផលនៃសន្និសីទ ភាគីទាំងពីរបានឯកភាពបន្តបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែន សម្របសម្រួលផ្នែកគតិយុត្ត និងរក្សាទំនាក់ទំនងសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ ដើម្បីធានាថា វិនិយោគិន និងសហគ្រាសនៃខេត្តទាំងពីរ អាចដំណើរការអាជីវកម្មបានដោយរលូន និងទទួលបានផលប្រយោជន៍រួម ស្របតាមគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងវៀតណាម។

គួរបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ បានរក្សាទំនាក់ទំនងជិតស្និទ្ធ និងសហការលើវិស័យជាច្រើន។ ការរៀបចំសន្និសីទលើកនេះ ត្រូវបានរំពឹងថានឹងបង្កើតឱកាសថ្មីៗសម្រាប់ធុរកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ព្រំដែន ឱ្យក្លាយជាតំបន់ពាណិជ្ជកម្ម និងវិនិយោគដ៏មានសក្តានុពលនាពេលអនាគត៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម