Connect with us

នយោបាយ

​ប្រធានាធិបតី​ចិន​ចាត់​​រដ្ឋមន្ត្រី​ការបរទេស​ចូល​ទៅ​ថ្វាយ​ព្រះ​ពរ​ជូន​សម្ដេច​ម៉ែ​នៅ​រាជដំណាក់​ក្រុង​ប៉េកាំង

បានផុស

នៅ

ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង បាន​ចាត់​រដ្ឋមន្ត្រីការបរទេស​​លោក វ៉ាង ​យី ចូល​ទៅ​ថ្វាយ​ព្រះ​ពរ​ថ្វាយ​ជូន​សម្ដេច​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុង​ឱកាស​​ខួប​ចម្រើនព្រះជន្មវស្សាហ្លួងម៉ែ គម្រប់ ៩០ព្រះវស្សា ដល់​ព្រះរាជដំណាក់​ក្នុង​រដ្ឋធានី​​ប៉េកាំង ប្រទេស​ចិន​ ព្រម​ទាំង​បញ្ជាក់​ពី​មិត្តភាព​ដ៏​រឹង​មាំ​រវាង​ចិន និង​កម្ពុជា ដែល​មាន​ភាព​ស្មោះ​ត្រង់ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​​ក្នុង​ឱកាស​ចូល​សវនការ​ជាមួយ​ព្រះមហាក្សត្រ​កម្ពុជា​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា​ ក្រៅ​ពី​ពាំនាំ​នូវ​ការ​សួរ​សុខ​ទុក្ខ និង​ថ្វាយ​ព្រះ​ពរ​ជូន​សម្ដេច​ម៉ែ និង​ព្រះមហាក្សត្រ​កម្ពុជា​​ពី​ប្រធានាធិបតី និង​ភរិយា ​លោក វ៉ាង យី បាន​បញ្ជាក់ថា​៖ «អស់រយៈពេល ៧០ ឆ្នាំមកហើយ ដោយ​មិនគិត​ពីការ​វិវត្ត​នៃ​សភាពការណ៍អន្តរជាតិ ប្រទេសចិន និងកម្ពុជា​តែងតែ​ប្រព្រឹត្ត​ចំពោះគ្នា​ទៅវិញទៅ​មក​ដោយ​ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដោយបានបង្កើតគំរូសម្រាប់ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ»។

​លោក​ក៏​បាន​បន្ថែម​ដែរ​ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសកម្ពុជា ដើម្បី​បន្ត​ពង្រឹង​មិត្តភាព​ប្រពៃណី ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ បង្កើនកិច្ច​សហ​ប្រតិបត្តិការ​ជាក់ស្តែង បង្កើតអត្ថប្រយោជន៍បន្ថែមទៀតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ និង​ធ្វើការ​ចូលរួមចំណែកថ្មីៗដល់សន្តិភាពក្នុងតំបន់ និងពិភពលោក។ 


ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ​សព្វ​ព្រះហឫទ័យ​ប្រទាន​សារ​ជូនពរ​​ដល់​ប្រធានាធិបតី និង​លោកជំទាវ​ទី​១​របស់​ប្រទេស​ចិន ព្រម​ទាំង​បាន​សម្តែង​ការ​ដឹង​គុណ​ចំពោះ​ប្រទេស​ចិន​ចំពោះ​ការ​គាំទ្ររយៈពេលវែង និងការរៀបចំដ៏ឈ្លាសវៃរបស់ខ្លួនសម្រាប់ការព្យាបាល និងពិនិត្យ​ព្រះរាជសុខភាពរបស់គ្រួសាររាជវង្សកម្ពុជា ក៏ដូចជាជំនួយ​ដ៏ស្មោះស្ម័គ្រ​របស់​ខ្លួន​ចំពោះការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។ 

ព្រះករុណា គូសបញ្ជាក់ថា ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន។ មិនថាស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងណាទេ កម្ពុជា​នឹង​តែងតែ​ជា​មិត្ត​ល្អ​បំផុត​របស់​ប្រទេស​ចិន។

សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ​ប្រសូត​នៅ​ថ្ងៃ​ទី ១៨ ខែ​មិថុនា ឆ្នាំ​១៩៣៦ ដោយ​មាន​ព្រះនាម​ដើម ប៉ូល ម៉ូ​និក អ៊ី​ហ្ស​ហ្ស៊ី (Paule Monique Izzi)​។ ព្រះបិតា​ ព្រះនាម ហ្ស​ង់ ហ្វ្រង់​ស្វ័រ អ៊ី​ហ្ស​ហ្ស៊ី (Jean François Izzi) ជា​ជនជាតិ​បារាំង កាត់​​អ៊ីតាលី និង​ព្រះ​មាតា​ព្រះនាម ប៉ុម ពាង។ សម្ដេច​ម៉ែ បាន​រៀប​អភិសេក​ជាមួយ​សម្ដេច​ព្រះ​នរោត្តម សីហនុ នៅ​ខែ​មេសា ឆ្នាំ​១៩៥២ ហើយ​បាន​ទទួល​បរម​ងារ​ជា​អ្នក​ម្នាង។ នៅ​ឆ្នាំ​១៩៩២ ព្រះករុណា​សម្ដេច នរោត្តម សីហនុ បាន​ប្រទាន​គោរមងារ​ដល់​អ្នក​ម្នាង ប៉ូល ម៉ូ​និក អ៊ី​ស៊ី ជា​សម្ដេច​ព្រះ​ជាយា​។


ក្នុង​ឆ្នាំ​១៩៩៣ សម្ដេចព្រះ​ជាយា ទ្រង់​បាន​ទទួល​គោរមងារ​ជា​សម្ដេចព្រះ​មហេសី នរោត្តម មុនីនាថ សីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នៅ​ឆ្នាំ​១៩៩៦ ព្រះ​មហេសី​បាន​ទទួលបរម​ងារ​ជា​សម្ដេច​ព្រះរាជអគ្គមហេសី។ បច្ចុប្បន្ន សម្ដេច​ព្រះរាជអគ្គមហេសី មាន​ព្រះ​គោរមងារ​ជា សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល៕

អត្ថបទដោយ ហ៊ុន ​សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម