Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន វាយប្រហារទ្រង់ទ្រាយធំ សងសឹករុស្ស៊ី, មូស្គូ ក៏ជាគោលដៅ ខណៈជើងហោះហើរ ត្រូវផ្អាក

បានផុស

នៅ

ទោះតំបន់មជ្ឈិមបូព៌ា ទទួលបានសន្តិភាព ប៉ុន្តែសង្គ្រាមនៅអឺរ៉ុបខាងកើត អត់ថមថយទេ ដោយអ៊ុយក្រែននិងរុស្ស៊ី បានបាញ់ស្រោចដាក់គ្នាឥតឈប់ ពិសេសចុងក្រោយបំផុតនេះ កងទ័ពរបស់លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបើកការវាយប្រហារទ្រង់ទ្រាយធំ ទូទាំងប្រទេសរុស្ស៊ីទៀត ដោយបាញ់ដ្រូនរាប់រយគ្រឿង ខណៈរដ្ឋធានី មូស្គូ ក៏ជាគោលដៅដែរ ឈានដល់ការផ្អាកជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ ចំនួន៤។

(រូប៖ Reuters)

តាមការផ្សាយរបស់ RT, នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ទូទាំងប្រទេសរុស្ស៊ី បានក្លាយជាគោលដៅ របស់ដ្រូនអ៊ុយក្រែនជាង ៥៥០គ្រឿង ប៉ុន្តែមិនមានរបាយការណ៍អំពី អ្នករងគ្រោះទេ។

នៅមូស្គូ បើតាមសម្តីអភិបាលក្រុង លោក Sergey Sobyanin, ខែលការពារដែនអាកាស បានស្ទាក់ចាប់ និងបាញ់ទម្លាក់ដ្រូន រហូតដល់ទៅ ១៩៤គ្រឿង។ យ៉ាងណា បំណែកនៃដ្រូនខ្លះ បានធ្លាក់ចំរោងចក្រចម្រាញ់ប្រេងមួយ បង្កជាអគ្គិភ័យឆាបឆេះ ហើយក៏បង្កការខូចខាតដល់ផ្សារទំនើប Sadovod ផងដែរ។

(រូប៖ Reuters)

អាកាសយានដ្ឋានអន្តរជាតិទាំង៤ ដែលត្រូវផ្អាកជើងហោះហើរជាបណ្តោះអាសន្ន មានដូចជា៖ Sheremetyevo (SVO), Domodedovo (DME), Vnukovo (VKO) និង Zhukovsky (ZIA)។ 

រឿងនេះគឺដើម្បីសងសឹក ចំពោះការដែលរុស្ស៊ី បាញ់មីស៊ីលបាលិស្ទីក ​ចូល​​ទីក្រុងកៀវ​យ៉ាងគំហុក ទាំងព្រលឹមស្រាងៗថ្ងៃ​ព្រហស្បតិ៍ ខណៈលោក ហ្សេលេនស្គី ទើបតែបានបញ្ចប់កិច្ចភាក្សាយ៉ាងសំខាន់ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំអឺរ៉ុប បានប៉ុន្មានម៉ោងប៉ុណ្ណោះ។

(រូប៖ Reuters)

យោងតាម​ការផ្សាយរបស់ Reuters, សំឡេងផ្ទុះអាវុធយ៉ាងកម្រោល បានលាន់ឮរំពង ពេញរដ្ឋធានី ដែលធ្វើឲ្យអាជ្ញាធរយោធាក្រុងកៀវ​ ត្រូវចេញ​អំពាវនាវបន្ទាន់ ឲ្យប្រជាពលរដ្ឋទាំងអស់ ប្រញាប់រត់រកកន្លែងសុវត្ថិភាព ដើម្បីជ្រកកោន។

ស្របពេលជាមួយគ្នានោះ សញ្ញាព្រមានពីការវាយប្រហារតាមអាកាស ក៏លាន់ឡើងពាសពេញផ្ទៃប្រទេសផងដែរ ហើយនៅឯទីក្រុង Sumy ភាគឦសានអ៊ុយក្រែន ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី បានផ្តាច់ជីវិតមនុស្សម្នាក់ បាត់ទៅហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម