Connect with us

ព័ត៌មានអន្ដរជាតិ

តើអាច​ទេ​ ដែល​​អ៊ីរ៉ង់​បោះបង់​ហេសបូឡា ក្រោម​កិច្ច​ព្រមព្រៀង​ជាមួយអាមេរិក​​?​

បានផុស

នៅ

បើអ៊ីរ៉ង់សម្រេចចិត្តដោះដូរផលប្រយោជន៍ជាតិរបស់ខ្លួន ដូចជាការដកទណ្ឌកម្មសេដ្ឋកិច្ច ឬការធានាសន្តិសុខកម្មវិធីនុយក្លេអ៊ែរ ដោយទុកឲ្យទ័ពអ៊ីស្រាអែលបន្តក្រសោបកាន់កាប់ទឹកដីលីបង់ខាងត្បូងដដែលនោះ វានឹងធ្វើឲ្យកិត្យានុភាពរបស់អ៊ីរ៉ង់ ក្នុងនាមជាមេដឹកនាំប្លុកឥស្លាមស៊ីអ៊ីត ត្រូវធ្លាក់ចុះ។ នេះបើយោងតាមការចញផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន Reuters

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង ភាពរកាំរកូសនេះ នឹងជំរុញឲ្យក្រុមហេសបូឡាចាប់ផ្តើមដើរលើផ្លូវ «ស្វ័យភាពសម្រេចចិត្តផ្ទាល់ខ្លួន» កាន់តែខ្លាំង ដោយពួកគេអាចនឹងលែងស្តាប់បញ្ជា​ ឬលែងធ្វើសកម្មភាពយោធាតាមការចង់បានរបស់អ៊ីរ៉ង់ទាំងស្រុងដូចមុនទៀតហើយ ហើយកិច្ចសហប្រតិបត្តិការមនោគមវិជ្ជានឹងត្រូវប្រែប្រួលមកជាការគិតគូរពីផលប្រយោជន៍ជាក់ស្តែងនិយមវិញ។ ជាពិសេស ក្រុមហេសបូឡានឹងត្រូវប្រឈមមុខនឹងវិបត្តិទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាអារម្មណ៍នៃការរងនូវ «ការក្បត់ ឬការបោះបង់ចោល» ពីសំណាក់មេខ្យល់ធំរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាមានស្នាមប្រេះឆា និងភាពមិនពេញចិត្តកើតឡើងក៏ដោយ ក៏សម្ព័ន្ធភាពយុទ្ធសាស្ត្ររវាងភាគីទាំងពីរ មិនអាចរលាយរលត់បានឡើយ ដោយសារតែ «ការពឹងផ្អែកគ្នាដើម្បីរស់»។

ក្រោយការរងគ្រោះ និងការខាតបង់យ៉ាងដំណំនៅក្នុងសង្គ្រាមបំផ្លិចបំផ្លាញកន្លងមក ក្រុមហេសបូឡាត្រូវការជាចាំបាច់នូវជំនួយហិរញ្ញវត្ថុ អាវុធយុទ្ធភណ្ឌ និងការគាំទ្រផ្នែកភស្តុភារដ៏មហិមាពីអ៊ីរ៉ង់ ដើម្បីយកមកកសាង និងស្តារសមត្ថភាពយោធារបស់ខ្លួនឡើងវិញ។ បើគ្មានទីក្រុងតេហេរ៉ង់ទេ ហេសបូឡានឹងត្រូវឯកោ និងទន់ខ្សោយនៅលើឆាកនយោបាយនិងយោធានៅលីបង់។

មិនតែប៉ុណ្ណោះ ក្នុងនាមជាកម្លាំងប្រដាប់អាវុធឈានមុខគេដែលធ្លាប់បានលះបង់ និងបើកការវាយប្រហារ​លើ​អ៊ីស្រាអែល ដើម្បីជួយការពារ និងជាខែលសន្តិសុខជួរមុខឲ្យអ៊ីរ៉ង់ ក្រុមហេសបូឡារំពឹងយ៉ាងមុតមាំថា ទីក្រុងតេហេរ៉ង់នឹងប្រើប្រាស់ឥទ្ធិពលការទូតរបស់ខ្លួននៅលើតុចរចាជាមួយអាមេរិក ដើម្បីបង្ខំឲ្យកងទ័ពអ៊ីស្រាអែលដកចេញពីទឹកដីលីបង់។

ស្របពេលជាមួយគ្នានេះ ខាងភាគីអ៊ីរ៉ង់ក៏មិនអាចបោះបង់ហេសបូឡាចោលដូចគ្នាដែរ ព្រោះក្រុមនេះគឺជាឧបករណ៍ទប់ស្កាត់យុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតរបស់ខ្លួននៅក្បែររបងផ្ទះរបស់អ៊ីស្រាអែល។ ដូច្នេះហើយ ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងហេសបូឡា នឹងមិនត្រូវកាត់ផ្តាច់ទេ ប៉ុន្តែវាអាចប្រែជារកាំរកូស ដោយមានការប្រុងប្រយ័ត្នខ្ពស់ និងការសង្ស័យចិត្តគ្នាទៅវិញទៅមក នៅក្នុងកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ជាការកត់សម្គាល់ដ៏ធំនោះ កិច្ចព្រមព្រៀងបណ្តោះអាសន្នរបស់អ៊ីរ៉ង់ជាមួយអាមេរិក ត្រូវបានរំពឹងថានឹងជួយពង្រឹងជំហរនយោបាយ និងហិរញ្ញវត្ថុរបស់ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ឡើងវិញ បន្ទាប់ពីទីក្រុង​តេហេរ៉ង់​បានសន្យាថា នឹងផ្តល់មូលនិធិបន្ថែមដល់ក្រុមសម្ព័ន្ធមិត្តមួយនេះភ្លាមៗ នៅពេលដែលលំហូរសាច់ប្រាក់ចាប់ផ្តើមដំណើរការ។ នេះបើយោងតាមប្រភពជិតស្និទ្ធចំនួន ៤ នាក់ដែលដឹងពីទំនាក់ទំនងរវាងអ៊ីរ៉ង់ និងក្រុមនេះ។

គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអាមេរិក និងអ៊ីរ៉ង់ ដែលនឹងត្រូវចុះហត្ថលេខានៅថ្ងៃសុក្រនេះ ត្រូវបានរំពឹងថានឹងបញ្ឈប់អរិភាពនៅលើគ្រប់រលកមុខព្រួញទាំងអស់ នេះបើតាមការបញ្ជាក់ពីប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល បើទោះបីជាលក្ខខណ្ឌជាក់លាក់មិនទាន់ត្រូវបានប្រកាសជាសាធារណៈក៏ដោយ។

ការបញ្ឈប់ការប្រយុទ្ធគ្នាដែលធ្វើឡើងតាមការទាមទាររបស់អ៊ីរ៉ង់នេះ ក៏រួមបញ្ចូលទាំងដែនដីលីបង់ផងដែរ ដែលនៅទីនោះក្រុមហេសបូឡាធ្លាប់បានបាញ់ប្រហារលើអ៊ីស្រាអែលដើម្បីបង្ហាញសាមគ្គីភាពជាមួយអ៊ីរ៉ង់កាលពីថ្ងៃទី២ ខែមីនា រហូតបង្កជាការវាយលុកពីសំណាក់អ៊ីស្រាអែល បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងឈានដល់ការវាយលុកចូលលីបង់ភាគខាងត្បូង៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម