ព័ត៌មានជាតិ
កម្ពុជា និងកាណាដា ជំរុញសន្ទុះកិច្ចសហប្រតិបត្តិការសន្តិសុខ ក្រោយជំនួបរដ្ឋមន្ត្រីមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា
ជំនួបរវាងលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក CHRISTIAN DESROCHES ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានផ្ដល់ថាមពលថ្មីមួយបន្ថែមសម្រាប់ការជំរុញសន្ទុះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កាណាដា លើការងារសន្តិសុខ និងរដ្ឋបាលសាធារណៈ។

ក្នុងជំនួបនោះ លោក ស សុខា បានរំលេចអំពីលទ្ធផលកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខកន្លងមក និងបានបំផុសភាគីកាណាដា ពិចារណាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយផ្ដោតលើការងារបណ្ដុះបណ្ដាលជំនាញសន្តិសុខបច្ចេកវិទ្យាដល់នគរបាលជាតិកម្ពុជា ពិសេសពង្រឹងសមត្ថភាពស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ដោយឡែកក្នុងវិស័យរដ្ឋបាលសាធារណៈ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដែនដីនៅប្រទេសកាណាដា ដែលលោក មានបំណងជំរុញ និងស្នើឱ្យភាគីទាំងពីរបង្កលក្ខណៈឈានទៅចាប់ផ្ដើមកិច្ចពិភាក្សាលម្អិត រកលទ្ធភាពជំរុញការផ្លាស់ប្ដូរបទពិសោធក្នុងវិស័យគ្រប់គ្រងរដ្ឋបាលដែនដី។
ជាការឆ្លើយតបនឹងប្រមុខក្រសួងមហាផ្ទៃកម្ពុជា លោក CHRISTIAN DESROCHES ឯកអគ្គរដ្ឋទូតកាណាដា បានបង្ហាញពីការស្វាគមន៍ និងបញ្ជាក់ពីការត្រៀមខ្លួន ដើម្បីជំរុញការងារនេះឱ្យទទួលបានលទ្ធផលជាផ្លែផ្កា។ លោកគូសបញ្ជាក់ថា ប្រទេសកាណាដាមានការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីពង្រីក និងជំរុញបង្កើតកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតជាមួយប្រទេសកម្ពុជា។

លោកឯកអគ្គរដ្ឋទូត ក៏បានអរគុណដល់លោក ស សុខា ដែលក្នុងនាមក្រសួងមហាផ្ទៃ បានបង្កលក្ខណៈ និងផ្ដល់ការគាំទ្រលើកិច្ចការជាច្រើនជាមួយស្ថានទូតកាណាដា និងពាក់ព័ន្ធអំពីការកាត់បន្ថយនីតិវិធី និងពេលវេលាលើករណីស្នើសុំចូលជួបជនជាប់ឃុំជាជនជាតិកាណាដា ព្រមទាំងការឆ្លើយតបបានឆាប់រហ័សលើសំណើស្រាវជ្រាវជនពាក់ព័ន្ធបទល្មើសមួយចំនួន។
បន្ថែមពីការជជែកជុំវិញកិច្ចសហប្រតិបត្តិការខាងលើ លោក ស សុខា និងលោកឯកអគ្គរដ្ឋទូតក៏បានផ្លាស់ប្ដូរយោបល់អំពីការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការរៀបចំនូវកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង នាពេលខាងមុខ ដែលក្នុងនោះតាមគម្រោង ក៏មានការអញ្ជើញចូលរួមពីលោកនាយករដ្ឋមន្ត្រីកាណាដាដែរ។

ជាការកត់សម្គាល់ ក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានពិភាក្សាបន្ថែមលើបរិយាកាសសន្តិសុខសម្រាប់ធុរជនកាណាដា ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


