Connect with us

សេដ្ឋកិច្ច

ធនាគារពិភពលោក ​អនុម័តឥណទាន ​១៣ ​លានដុល្លារថ្មី ​បន្ថែម ដើម្បី​បណ្ដុះបណ្ដាលកម្លាំង​ពលកម្ម​សុខាភិបាល​ នៅកម្ពុជា​

បានផុស

នៅ

ធនាគារពិភពលោក ​នៅថ្ងៃទី ១៥ មិថុនា ២០២៦ បានប្រកាសផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន ១៣ លានដុល្លារ សម្រាប់​លើកកម្ពស់ស្តង់ដានៃសេវាសុខភាព​នៅកម្ពុជា ​តាមរយៈការ​ធ្វើឱ្យប្រសើរ​ឡើងនូវការបណ្តុះបណ្តាលអ្នកជំនាញផ្នែកសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលនិធិនេះនឹងគាំទ្រដល់គម្រោងរបស់​កម្ពុជា​ស្តីពី ការពង្រឹងប្រព័ន្ធអប់រំអ្នកជំនាញសុខាភិបាល​​មុនចូលបម្រើការងារ ដែលបង្កើនទឹកប្រាក់វិនិយោគសរុបដល់ទៅ ៣៤,៥ លានដុល្លារ។

ការផ្តល់ហិរញ្ញប្បទានបន្ថែមនឹងពន្លឿនអន្តរកាល​របស់ប្រទេសទៅធ្វើ​ការអប់រំដោយផ្អែក​លើ​សមត្ថភាព​សម្រាប់គ្រូពេទ្យ និងជួយបង្រួញគម្លាតរវាងចំណេះដឹងផ្នែកវេជ្ជសាស្រ្ត និងការអនុវត្តផ្នែក​ព្យាបាល ដែលជាជំហានសំខាន់ឆ្ពោះទៅកសាងកម្លាំងពលកម្មសុខាភិបាល​កាន់តែរឹងមាំ និងកាន់តែ​មានសមត្ថភាពជាងមុន។ 

ការផ្តល់សេវាសុខាភិបាល​នៅក្នុងប្រទេសកម្ពុជា​ត្រូវ​បាន​ពង្រីកក៏ពិតមែន ប៉ុន្តការទទួលបាន និងគុណភាពនៃការថែទាំនៅតែជួបបញ្ហាប្រឈមសំខាន់ៗ។

គម្រោងនេះព្យាយាមដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការកែទម្រង់ពីរបៀបដែលគ្រូពេទ្យ​ទទួល​បានការ​បណ្តុះបណ្តាល ពោលគឺការងាកចេញ​ពីការបង្រៀនដែលផ្អែកលើការទន្ទេញ​មេរៀនស្ទាត់មាត់ ទៅ​រៀនតាមគំរូដែលសង្កត់ធ្ងន់លើជំនាញអនុវត្តជាក់ស្តែង និងសមត្ថភាពព្យាបាលក្នុងពិភពពិតវិញ​។

ចាប់តាំងពីឆ្នាំ២០២០ មក គម្រោងនេះសម្រេច​បានលទ្ធផលគួរឱ្យ​កត់​សម្គាល់​ ដោយបង្កើតបានកម្មវិធីសិក្សាផ្អែកលើសមត្ថភាពថ្នាក់ជាតិចំនួន ១១កម្មវិធី, វគ្គបណ្តុះបណ្តាលបាន​ ៨៥% នៃសមាជិកមហា​វិទ្យាល័យសុខាភិបាល, បំពាក់បន្ទប់ពិសោធន៍ជំនាញ និងកន្លែងពិនិត្យតាមកុំព្យូទ័រ និងកន្លែងអនុវត្តគ្លីនិកដែលមានស្តង់ដាចំនួន ៥០កន្លែង។

ការដាក់អនុវត្តការអប់រំផ្អែកលើសមត្ថភាពទូទាំងស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាលទូទាំងប្រទេស បានជួយពង្រឹងគុណភាពនៃការអប់រំសម្រាប់បុគ្គលិកវិជ្ជាជីវៈសុខាភិបាល។ 

ការផ្តល់ហិរញ្ញប្បទានបន្ថែមនឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅគ្រឹះស្ថានបណ្តុះបណ្តាលសុខាភិបាលសំខាន់ៗមួយចំនួន រួមទាំងការសាងសង់ និងការជួសជុលថ្មីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលតំបន់ខេត្ត​បាត់ដំបង និងនៅ​សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, បំពាក់គ្រឿងបរិក្ខារជាមួយឧបករណ៍ធ្វើត្រាប់តាមទំនើប, និងការពន្លឿនការចាប់យក​ប្រព័ន្ធអប់រំឌីជីថល។

ហិរញ្ញប្បទាននេះ​ក៏នឹងជួយ​ផង​ដែរដល់ការពង្រឹងកម្មវិធីបណ្តុះបណ្តាលសុខាភិបាល​ថ្នាក់ជាតិ, ស្តង់ដា និងការប្រឡងចេញផ្អែកលើសមត្ថភាព ដើម្បីធានាថា អ្នកជំនាញសុខាភិបាលដែលបានបញ្ចប់ការសិក្សា បំពេញតាមស្តង់ដាបាន​យ៉ាងម៉ត់ចត់។ អាយុកាលរបស់គម្រោងត្រូវបានពង្រីកដល់ពាក់កណ្តាលឆ្នាំ២០២៩។ 

លោកស្រី Tania Meyer នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាមានប្រសាសន៍ថា៖ “កម្ពុជា​បានធ្វើឲ្យមានការរីកចម្រើនសំខាន់ៗ ​ក្នុងការពង្រឹងការបណ្តុះបណ្តាលអ្នកជំនាញសុខាភិបាល​របស់ខ្លួន ហើយ​ហិរញ្ញប្បទានបន្ថែមនេះ​នឹងជួយបន្តកិច្ចខិតខំនោះ”។

លោកស្រីបន្ថែមថា៖ “បុគ្គលិកសុខាភិបាលដែលមានការអប់រំល្អ និងផ្អែកលើសមត្ថភាព គឺជាចំណុចសំខាន់សម្រាប់ការកែលម្អការផ្តល់សេវា និងការពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីអាចបម្រើប្រជាជនកម្ពុជាគ្រប់រូប នៅគ្រប់ទីកន្លែងទូទាំងប្រទេសបានកាន់តែប្រសើរ”។ 

ហិរញ្ញប្បទាននេះត្រូវបានផ្តល់តាមរយៈឥណទាននៃសមាគមអភិវឌ្ឍន៍អន្តរជាតិចំនួន ១១,៥ លានដុល្លារ និងជំនួយមូលនិធិត្រាស់​ចំនួន ១,៥ លានដុល្លារ​ (ពីធនាគារអភិវឌ្ឍន៍ KfW របស់ប្រទេសអាល្លឺម៉ង់ ដែលបំពេញបន្ថែមលើ​ថវិការួមចំណែករបស់រដ្ឋាភិបាលកម្ពុជា។ ក្រសួងសុខាភិបាលមានតួនាទីជាទីភ្នាក់ងារអនុវត្តគម្រោងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម