Connect with us

ព័ត៌មានជាតិ

កម្ពុជាប្រាប់រដ្ឋភាគី UNCLOS ពីមូលហេតុដែលខ្លួនរើសយកការផ្សះផ្សារដោយបង្ខំ ក្នុងដំណោះស្រាយជម្លោះដែនសមុទ្រជាមួយថៃ

បានផុស

នៅ

ថ្លែងក្នុងកិច្ចប្រជុំលើកទី៣៦ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានរាយការណ៍ប្រាប់រដ្ឋភាគី UNCLOS អំពីមូលហេតុដែលកម្ពុជាជ្រើសរើសយន្តការផ្សះផ្សារដោយបង្ខំ ក្នុងការដោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ ឈា បាននិយាយថា ដោយសារប្រទេសថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ដែលជាឧបករណ៍គតិយុត្តិទ្វេភាគីតែមួយគត់សម្រាប់ប្រើជាមូលដ្ឋាននៃការដោះស្រាយតំបន់ត្រួតស៊ីគ្នាលើព្រំដែនសមុទ្ររបស់ប្រទេសកម្ពុជា និងប្រទេសថៃ ទើបកម្ពុជាមិនមានជម្រើសណា ក្រៅពីចាប់ផ្តើមដំណើរការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

ដោយឡែក ក្នុងការឆ្លើយតបទៅនឹងការលើកឡើងរបស់តំណាងថៃ ដែលថា កម្ពុជាមិនចាប់យកនូវការចរចាទ្វេភាគី ហើយបែរជាធ្វើអន្តរជាតិវូបនីយកម្មនៃជម្លោះទ្វេភាគី លោក យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងរបស់កម្ពុជា បានបញ្ជាក់នៅក្នុងកិច្ចប្រជុំដដែលនោះថា ថៃមិនបានធ្វើនូវអ្វីដូចដែលខ្លួនបានលើកឡើងនោះទេ។

តំណាងអចិន្ត្រៃយ៍រង បានប្រាប់ទៅអង្គប្រជុំថា ថៃបានលើកពីលេសរាប់សិប ដើម្បីបដិសេធការស្នើកោះប្រជុំចរចាទ្វេភាគីក្រោមក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់គ្នា។ ផ្ទុយទៅវិញថៃលុបចោលអនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគី ហើយថែមទាំងប្រើកម្លាំងទ័ពរំលោភលើដែនអធិបតេយ្យភាពកម្ពុជាតែម្តង។

លោក យោង ចាន់សុភារ បានបញ្ជាក់ថា ខណៈកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាងទាំងអស់ កម្ពុជាជ្រើសរើសដំណើរការផ្សះផ្សារដោយបង្ខំនេះ គឺដើម្បីធានានូវការការពារ និងការគោរពអធិបតេយ្យ និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា។

គួរជម្រាបថា កិច្ចប្រជុំខាងលើ បានប្រព្រឹត្តទៅពីថ្ងៃ១៥ ដល់ថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក ដោយមានការចូលរួមពី១៧១ប្រទេស និងអង្គការតំបន់មួយ ដែលជាសមាជិកនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រ UNCLOS៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម