Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ស្នើ​អឺរ៉ុប​ផ្តល់​សមាជិកភាព​​លឿនបំផុត​​​​ដល់​អ៊ុយក្រែន​ដើម្បីធានាសន្តិសុខ​អឺរ៉ុប​

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ថា អនាគតរបស់អឺរ៉ុបកំពុងត្រូវបានកំណត់ដោយការការពារជាតិរបស់អ៊ុយក្រែន ហើយការធានាសន្តិសុខដ៏ល្អបំផុតសម្រាប់អនាគតរបស់ប្លុកនេះ គឺការផ្តល់សមាជិកភាពតាមផ្លូវកាត់ ឬឆាប់រហ័សបំផុតដល់ទីក្រុងកៀវ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters, មេដឹកនាំរូបនេះបាននិយាយថា លោកបានប្រាប់បណ្តាប្រទេសជាសមាជិកថា អ៊ុយក្រែនចង់ឲ្យសង្គ្រាមជាមូយរុស្ស៊ីត្រូវបញ្ចប់ត្រឹមចុងឆ្នាំនេះ ហើយបានជម្រុញឲ្យពួកគេជួយទីក្រុងកៀវក្នុងការរៀបចំខ្លួនសម្រាប់រដូវរងាមួយទៀត តាមរយៈការផ្តល់មីស៊ីលការពារដែនអាកាស និងប្រេងឥន្ធនៈ។

នៅក្នុងសម្រង់សុន្ទរកថារបស់លោកដែលបានបង្ហោះលើបណ្តាញសង្គម X មេដឹកនាំអ៊ុយក្រែនបានថ្លែងថា គ្រប់ប្រជាជាតិប្រជាធិបតេយ្យទាំងអស់នៅអឺរ៉ុប គឺសមនឹងស្ថិតនៅក្នុង EU ហើយអ៊ុយក្រែនពិតជាសមនឹងទទួលបានរឿងនេះ ព្រោះខ្លួនបានលះបង់និងបង់ថ្លៃច្រើនជាងប្រទេសណាៗទាំងអស់ សម្រាប់សិទ្ធិទទួលបានសេរីភាព ឯករាជ្យភាព និង ភាពជាអឺរ៉ុប។

លោកក៏បានបញ្ជាក់បន្ថែមថា «អនាគតរបស់អឺរ៉ុប ដែលមានសេរីភាព រួបរួមគ្នា និងពិតណាស់មានសន្តិភាព កំពុងត្រូវបានសម្រេចនៅក្នុងការការពារជាតិរបស់យើង។ នេះបង្ហាញឲ្យឃើញថា ស្ថានភាពរបស់យើងគឺមានលក្ខណៈវិសេសវិសាលកម្រមានណាស់»។

ប៉ុន្មានម៉ោងមុនការថ្លែងសុន្ទរកថានេះ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែនបានវាយប្រហារចំគោលដៅនានានៅជ្រៅក្នុងទឹកដីរុស្ស៊ី រួមទាំងរោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅក្នុងទីក្រុងម៉ូស្គូផងដែរ។ ការវាយប្រហាររយៈចម្ងាយឆ្ងាយចុងក្រោយបង្អស់នេះ ត្រូវបានលោក ហ្សេលេនស្គី  លើកឡើងដើម្បីជាភស្តុតាងបង្ហាញពីសមត្ថភាពរបស់អ៊ុយក្រែន នៅក្នុងជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងថ្នាក់ដឹកនាំប្រទេស G7 ដទៃទៀត នៅក្នុងប្រទេសបារាំង នាសប្តាហ៍នេះ។

នៅក្នុងសាររបស់លោកទៅកាន់ថ្នាក់ដឹកនាំ EU លោកបានទទួលស្គាល់ការពិតថា មិនមែនសមាជិកទាំងអស់សុទ្ធតែគាំទ្រការចូលជាសមាជិកភាពតាមបែបពន្លឿននោះទេ ដោយក្នុងនោះហុងគ្រី បានទាមទារឲ្យលុបចោលនូវពាក្យពេចន៍បែបនោះ ចេញពីសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអឺរ៉ុប ដែលត្រូវបានចេញផ្សាយក្រោយកិច្ចប្រជុំកំពូល។

សូមជម្រាបជូនថា ចាប់តាំងពីរុស្ស៊ីបានបើកការវាយប្រហារពេញទំហឹងលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ មក (សង្គ្រាមបានអូសបន្លាយជាង ៤ឆ្នាំហើយ) អ៊ុយក្រែនមើលឃើញថា សមាជិកភាព EU មិនមែនគ្រាន់តែជាបញ្ហាសេដ្ឋកិច្ចទេ ប៉ុន្តែជា «ខែលការពារសន្តិសុខដ៏រឹងមាំ»។ ហេតុដូចនេះហើយ ទើបអ៊ុយក្រែនចង់បានបំផុត ដើម្បីធានាថា រុស្ស៊ីមិនអាចមកបំផ្លាញប្រទេសខ្លួនបានទៀតទេនៅថ្ងៃអនាគត៕

អត្ថបទ ៖ សាង​ ស្រីល័ក្ខ

រុស្ស៊ី បញ្ជាក់ថា គ្មាន​ការ​​​លើក​ពី​លទ្ធភាព​ជួប​​ចរចា​រវាង​ ពូទីន និង​ហ្សេលេនស្គី ​ជាមួយ ត្រាំ​នោះទេ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម