Connect with us

កីឡា

វិទ្យាល័យ ជា ស៊ីម តាកែវ ឈ្នះ​មេដាយ​មាស ៣ គ្រឿង ពី​ការ​ប្រកួត​កីឡា​ប៉េតង់​ថ្នាក់​ខេត្តតាកែវ ឆ្នាំ ២០២៦

បានផុស

នៅ

កីឡាករ កីឡាការិនី​ប៊ូល និង​ប៉េតង់​នៃ​វិទ្យាល័យ ជា ស៊ីម តាកែវ បានឈ្នះ​មេដាយមាស​ ៣ គ្រឿង​ពី​ការ​ប្រកួតកីឡាប៊ូល និងប៉េតង់មហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តតាកែវ ឆ្នាំ២០២៦ ដែល​បានបិទបញ្ចប់​កាល​ពី​រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅកីឡដ្ឋាន​គិរីវង់សុខសែនជ័យ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ក្រោមអធិបតីភាពលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ មន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ អាជ្ញាកណ្តាល និងកីឡាករ កីឡាការិនីជាច្រើនរូប ដើម្បីស្វែងរកម្ចាស់ជើងឯកប្រចាំខេត្ត។

ការប្រកួតឆ្នាំនេះ​មាន​ ៦ វិញ្ញាសាគឺ វិញ្ញាសា​ឯកត្តជនបុរស និង​នារី​ ១នាក់ទល់១នាក់ វិញ្ញាសា​គូ​បុរស និង​នារី​ ២នាក់​ទល់​២ និងវិញ្ញាសា​ក្រុមបុរស និង​ នារី ៣នាក់ទល់៣នាក់។ លទ្ធផលចុងក្រោយបានបង្ហាញពីសមត្ថភាព និងការត្រៀមខ្លួនយ៉ាងល្អរបស់ក្រុមកីឡាករមកពីបណ្តាក្លឹបនានាក្នុងខេត្ត។

វិញ្ញាសា​ឯកត្តជន​បុរស និង​នារី

ក្រុម​កីឡាករ កីឡាការិនី​ប៊ូល និង​ប៉េតង់​នៃ​វិទ្យាល័យ​ ជា ស៊ីម តាកែវ បាន​ឈ្នះ​មេដាយ​មាស ១ គ្រឿង​លើ វិញ្ញាសា​​នារីឯកត្តជន ខណៈ​វិញ្ញាសា​បុរស​ឯកត្តជន​បាន​ទៅ​កីឡាករ​របស់​ស្នងការដ្ឋាននគរបាលខេត្តតាកែវ។

វិញ្ញាគូ​បុរស និង​គូ​នារី

ជា​ថ្មី​ម្តង​ទៀត ក្រុម​ប៊ូល និង​ប៉េតង់ វិទ្យាល័យ​ ជា​ ស៊ីម តាកែវ បាន​ឈ្នះ​មេដាយ​មាស ១ គ្រឿង​ទៀត​សម្រាប់វិញ្ញាសា​គូ​នារី ខណៈវិញ្ញាសា​គូ​បុរស មេដាយ​មាស​បាន​ទៅ​​ក្រុម​ប៊ូល និង​ប៉េតង់ រដ្ឋបាលស្រុកអង្គរបូរី។

វិញ្ញាសា​ក្រុម​បុរស និង​ក្រុម​នារី​

សម្រាប់​វិញ្ញាសាក្រុមនារី​ ៣នាក់ទល់៣នាក់​ មេដាយ​មាស បាន​ទៅក្រុម​វិទ្យាល័យ ជា ស៊ីម តាកែវ ខណៈ​​​វិញ្ញាសា​ក្រុម​បុរស បានទៅលើក្រុម​សាលាក្រុងដូនកែវ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់ ក្រុម​កីឡា​ប៊ូល និង​ប៉េតង់​នៃវិទ្យាល័យ ជា ស៊ីម តាកែវ បាន​ឈ្នះ​មេដាយ​មាស ៣ ឆ្នាំ​ជាប់​គ្នា​សម្រាប់​វិញ្ញាសា ក្រុម​នារី ដែល​ជា​កំណត់កំណត់​ត្រា​ថ្មីក្នុ​ង​ចំណោមវិញ្ញាសា​ក្រុម​នារី​ទាំង​អស់។

ក្រៅពីការប្រគល់ពានរង្វាន់ និង​មេដាយ​មាស​ដល់​ជ័យលាភី​ចំណាត់​ថ្នាក់​លេខ១ គណៈអធិបតីក៏បានប្រគល់មេដាយ​ប្រាក់ សំរិទ្ធ និងរង្វាន់លើកទឹកចិត្តជូនដល់ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ២ និងលេខ៣ផងដែរ ដើម្បីជាការលើកស្ទួយស្មារតីប្រកួតប្រជែង និងជំរុញការអភិវឌ្ឍវិស័យកីឡាប៉េតង់នៅក្នុងខេត្តតាកែវឱ្យកាន់តែរីកចម្រើន។

ក្រោយ​ចប់​ការ​ប្រកួត មន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានវាយតម្លៃ​ខ្ពស់​ចំពោះ​ ការប្រកួតនេះមិនត្រឹមតែជាវេទិកាបង្ហាញសមត្ថភាពរបស់កីឡាករ កីឡាការិនីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ស្វែងរក និងបណ្តុះធនធាន​អត្តពលិក​ល្អ​ ដើម្បីត្រៀមចូលរួមប្រកួតក្នុងកម្រិតខ្ពស់ជាងនេះនាពេលអនាគតផងដែរ៕

វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម