Connect with us

ព័ត៌មានជាតិ

ការវិវត្តយ៉ាងឆាប់រហ័ស នៃព័ត៌មានក្លែងក្លាយបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ទាមទារឲ្យមន្ត្រីព័ត៌មានពង្រឹងសមត្ថភាពក្នុងការឆ្លើយតប

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា លើកឡើងថា ការវិវត្តយ៉ាងឆាប់រហ័ស នៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ទាមទារឲ្យមន្ត្រីព័ត៌មាន និង សាធារណមតិ ត្រូវតែពង្រឹងសមត្ថភាពក្នុងការឆ្លើយតប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ក្នុងឱកាស លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និង សាធារណមតិ (គ.ស.ព.ស) បានធ្វើជាអធិបតីបើក និង ដឹកនាំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិ និង ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅខេត្តព្រះសីហនុ ដោយមានវត្តមានចូលរួមពី លោក​ ម៉ាង ស៊ីណេត អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ មន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់ នៅខេត្តព្រះសីហនុ រួមនឹងក្រុមការងារព័ត៌មាន និង សាធារណមតិមកពីខេត្តកោះកុង ជាពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និង កោះកុង ដែលមានសរុបចំនួនជាង ៥០០ នាក់ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៦ នេះ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តការងារព័ត៌មាន និង សាធារណមតិ ក៏ដូចជាបង្កើនជំនាញប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI តាមរយៈការចែករំលែកបទពិសោធជាក់ស្តែង ដែលបានជួបប្រទះ នៅពេលកន្លងមក សំដៅធ្វើយ៉ាងណាឲ្យមន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់ នៅក្នុងខេត្តព្រះសីហនុ និង ខេត្តកោះកុង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតប ដើម្បីបកស្រាយបំភ្លឺបានទាន់ពេលវេលា និង មានប្រសិទ្ធភាព។

វាគ្មិនចំនួន ២​ រូប ដែលមានបទពិសោធន និង ការអនុវត្តជាក់ស្តែងលើការងារព័ត៌មាន និង សាធារ​ណ​មតិ បានធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ស.ព.ស និង កញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារបញ្ញាសិប្បនិម្មិតរបស់លេខាធិការដ្ឋាន គ.ស.ព.ស។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ស្វាយ ស៊ីថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់ការរៀបចំវគ្គបណ្តុះបណ្តាលនេះ និងបានថ្លែងអំណរគុណ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានសហការ និង សម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងការរៀបចំការជួបជុំគ្នានេះ។

លោក ស្វាយ ស៊ីថា បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា «ធាតុចូលសំខាន់ៗ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្មារតី ការយកចិត្តទុកដាក់ និង ការទទួលខុសត្រូវកាន់តែខ្ពស់របស់សិក្ខាកាមទាំងអស់ ក្នុងការអនុវត្តការងារព័ត៌មាន និង សាធារណមតិ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា ការពារសន្តិភាព ស្ថិរភាព និង សណ្តាប់ធ្នាប់ សង្គមជាតិ ជាពិសេសនៅពេលតំបន់ និង ពិភពលោក កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម