ព័ត៌មានជាតិ
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងដៃគូរៀបចំទិវាអន្តរជាតិនៃយោគៈ ដើម្បីលើកកម្ពស់សុខុមាលភាព
ពិធីអបអរសាទរទិវាយោគៈអន្តរជាតិលើកទី១២ ត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅសួនច្បារតេជោមាស តេជោយ៉ត ក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ រួមជាមួយក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់អ្នកស្ម័គ្រចិត្ត និងអ្នកស្រឡាញ់ការហាត់យោគៈ។

ដោយផ្អែកលើប្រធានបទនៃទិវាយោគៈអន្តរជាតិលើកទី១២ គឺ «យោគៈដើម្បីអាយុយឺនយូរ» (Yoga for Healthy Ageing) លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មានប្រសាសន៍ថា ប្រធានបទនេះគឺជាការដាស់តឿនដ៏ទាន់ពេលវេលាមួយដល់សង្គមនានានៅទូទាំងពិភពលោក អំពីតម្រូវការក្នុងការលើកកម្ពស់សុខុមាលភាពបែបបរិយាប័ន្ន និងការយកចិត្តទុកដាក់លើការហាត់យោគៈ ដើម្បីជាមធ្យោបាយឈានទៅសម្រេចបាននូវការកែលម្អគុណភាពជីវិតសម្រាប់មនុស្សគ្រប់វ័យ។
លោកឯកអគ្គរដ្ឋទូតបានបន្តថា វាក៏បានឆ្លុះបញ្ចាំងពីការទទួលស្គាល់ជាសកលដែលកំពុងមានការកើនឡើង អំពីសក្តានុពលនៃការផ្លាស់ប្តូររបស់យោគៈ ក្នុងការផ្តល់នូវសុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី។ លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ទោះបីជាយោគៈមានប្រភពដើមមកពីប្រទេសឥណ្ឌាបុរាណ ក្នុងនាមជាវិទ្យាសាស្ត្របែបបរិយាប័ន្នដែលផ្សារភ្ជាប់រវាងរាងកាយ និងចិត្ត មនុស្ស និងធម្មជាតិក៏ដោយ ក៏នាពេលបច្ចុប្បន្ននេះ យោគៈបានឈានរំលងព្រំដែនសង្គម និងភូមិសាស្ត្រ ហើយបានក្លាយជាចលនាសកលមួយ ដោយត្រូវបានទទួលយកនៅតាមបណ្តាប្រទេសនានា ក្នុងនាមជាវិថីដ៏គួរឱ្យទុកចិត្តមួយឆ្ពោះទៅរកការរស់នៅប្រកបដោយសុខភាពល្អ និងសកម្ម។
ព្រឹត្តិការណ៍នេះ មានការចូលរួមពីសំណាក់យុវជន និងអ្នកស្រឡាញ់ការហាត់យោគៈ រួមមានសិស្សានុសិស្ស អ្នកហាត់យោគៈ មន្ត្រីរាជការ និងសាធារណជនទូទៅ ព្រមទាំងមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងមកពីបណ្តាក្រសួង ស្ថាប័នរដ្ឋ និងអង្គការយោគៈឯកជននានាផងដែរ។ គួររំលឹកផងដែរថា ព្រឹត្តិការណ៍ដ៏ធំមួយដើម្បីអបអរសាទរទិវាយោគៈអន្តរជាតិលើកទី១២ នេះ ក៏ត្រូវបានប្រារព្ធឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនាមជាប្រធានកិត្តិយស។
នៅក្នុងឆ្នាំនេះ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល សាកលវិទ្យាល័យ និងស្ថាប័នយោគៈនានា បានរៀបចំព្រឹត្តិការណ៍យោគៈជាង ១២ លើក នៅតាមទីតាំងផ្សេងៗគ្នាទូទាំងប្រទេសកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ការប្រារព្ធទិវាយោគៈអន្តរជាតិលើកទី១២ នេះ។ ការចូលរួមយ៉ាងសកម្មរបស់កីឡាករ និងអ្នកហាត់យោគៈនៅក្នុងព្រឹត្តិការណ៍ទាំងនេះ បានបង្ហាញឱ្យឃើញពីប្រជាប្រិយភាពដែលកំពុងកើនឡើងនៃលំហាត់ប្រាណយោគៈនៅក្នុងប្រទេសកម្ពុជា ដែលជាមធ្យោបាយមួយដើម្បីសម្រេចបាននូវការរស់នៅប្រកបដោយសុខភាពល្អ និងតុល្យភាពក្នុងជីវិត។

កាលពីឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសឥណ្ឌា និងដោយមានការគាំទ្រពីប្រទេសសមាជិកចំនួន ១៧៧ អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តមួយ ដោយប្រកាសយកថ្ងៃទី២១ ខែមិថុនា ជា «ទិវាយោគៈអន្តរជាតិ»។ ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ ពិធីអបអរសាទរទិវាយោគៈអន្តរជាតិត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅទូទាំងសកលលោក រួមទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


