Connect with us

ព័ត៌មានជាតិ

អ្នកជំនាញសុខាភិបាល ណែនាំឱ្យថែទាំសុខភាពកំឡុងអាកាសធាតុចុះត្រជាក់ ពិសេសអ្នកងាយប្រឈមជំងឺផ្លូវដង្ហើម

បានផុស

នៅ

អ្នកជំនាញសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ពិសេសកុមារ និងមនុស្សវ័យចំណាស់ដែលមានសុខភាពទន់ខ្សោយ ត្រូវថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីចៀសផុតពីជំងឺតម្កាត់ផ្សេងៗ ក្នុងកំឡុងពេលអាកាសធាតុចុះត្រជាក់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍នៅរសៀលថ្ងៃទី២២ វិច្ឆិកានេះថាអាកាសធាតុត្រជាក់ខ្លាំង អាចធ្វើឱ្យកុមារប្រឈមនឹងជំងឺមួយចំនួនដូចជាជំងឺផ្លូវដង្ហើម ផ្ដាសាយ រលាកបំពង់ក រលាកសួត រលាកទងសួតជាដើម ។ ដូចនេះធ្វើយ៉ាងណាកុំឲ្យកុមារទទួលរងអាកាសធាតុត្រជាក់ខ្លាំង និងយូរ ដើម្បីការពារកុំឲ្យកុមារកើតជំងឺទាំងនេះ។

លោកវេជ្ជបណ្ឌិត បានណែនាំដល់អាណាព្យាបាល ឬឪពុកម្តាយ ត្រូវស្លៀកពាក់ខោអាវដៃវែង ជើងវែង និងពាក់មួកដល់កុមារឲ្យបានជិត ដើម្បីរក្សាកម្ដៅក្នុងខ្លួនប្រាណឲ្យបានល្អ ហើយប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬការឆ្លងជំងឺដទៃទៀត សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះជំងឺនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះរបស់លោកអ្នក ព្រោះថាការទៅស្វែងរកគ្រូពេទ្យមានជំនាញច្បាស់លាស់ នឹងជួយធ្វើឲ្យសុខភាពកុមារបានល្អប្រសើរ និងរឹងមាំ។ ប៉ុន្តែបើសិនជាទៅស្វែងរកការផ្សំថ្នាំលេបព្យាបាលដោយខ្លួនឯង អាចធ្វើឲ្យកុមារគ្រោះថ្នាក់ដល់អាយុជីវិតបាន។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ចំណែកមនុស្សវ័យចំណាស់ក៏មិនខុសពីកុមារដែរ ជាពិសេសអ្នកមានជំងឺប្រចាំកាយ ដូចជា ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងជាដើម ដោយសារតែសកម្មភាពរាងកាយមានតិច ឬចុះថយ ដែលអាចធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយថយចុះជាងធម្មតា អាចធ្វើឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារតែការឆ្លើយតបរបស់រាងកាយជាមួយភាពត្រជាក់។

ដូចនេះមនុស្សវ័យចំណាស់គួរតែស្លៀកសម្លៀកបំពាក់ច្រើនជាន់ពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាភាពកក់ក្ដៅក្នុងខ្លួនគាត់។ ចៀសវាងសម្លៀកបំពាក់តឹង ពីព្រោះវាអាចរំខានដល់ចរាចរឈាមក្នុងរាងកាយ និងបណ្តាលឲ្យបាត់បង់កម្ដៅរាងកាយទៅវិញ។ គូរពាក់មួក និងស្រោមជើងនៅពេលចេញទៅខាងក្រៅ ក្នុងពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាកម្ដៅក្នុងរាងកាយ ដែលអាចបាត់បង់តាមរយៈដៃ ក្បាល និងជើង ហើយត្រូវពិសាទឹកឲ្យបានញឹកញាប់ ដើម្បីចៀសវាងការបាត់បង់ជាតិទឹកនៅពេលសរីរាង្គខិតខំទប់ទល់ទៅនឹងភាពត្រជាក់។

ជាមួយគ្នានេះដែរ មនុស្សពេញវ័យ ក៏ត្រូវមានការប្រុងប្រយ័ត្នដែរ នៅក្នុងពេលដែលមានអាកាសធាតុចុះត្រជាក់នេះ គ្រាន់តែថាមនុស្សពេញវ័យមានសុខភាពរឹងមាំជាងកុមារ និងមនុស្សចាស់ប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ជាមធ្យមនៅមន្ទីរពេទ្យកុមារជាតិក្នុងមួយថ្ងៃៗ មានកុមារមកពិគ្រោះជំងឺក្រៅប្រមាណ១២០០ នាក់ ភាគច្រើនមានជំងឺផ្លូវដង្ហើម ជំងឺរាករូស និងជំងឺគ្រុនឈាម។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ កម្ពុជា នឹងមានអាកាសធាតុចុះត្រជាក់ពី២១ ទៅ ៣១ អង្សាសេ នៅតំបន់វាលទំនាប២០ទៅ២៩អង្សាសេនៅតំបន់ខ្ពង់រាបនិង២១-៣១ អង្សាសេនៅតំបន់មាត់សមុទ្រ៕ អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម