Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ​ការពារជាតិ​អ៊ីស្រាអែល ​ប្រកាស​ដាច់ខាត​មិន​ដក​ទ័ព​ចេញ​ពី​​ប្រទេស​លីបង់​ឡើយ

បានផុស

នៅ

ស្ថានការណ៍​នៅ​តំបន់​មជ្ឈិមបូព៌ា​ បាន​បន្ត​ធ្លាក់​ចូល​ក្នុង​ភាព​តានតឹង​ខ្លាំង​ឡើង​វិញ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល លោក Israel Katz បាន​ប្រកាស​យ៉ាង​ដាច់​អហង្ការ​ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២១ ខែមិថុនា ឆ្នាំ​២០២៦ ​ថា កងទ័ព​អ៊ីស្រាអែល ​នឹង​មិន​ដក​ខ្លួន​ចេញ​ពី​ទឹកដី​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​លីបង់​ឡើយ។

លោក Israel Katz (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Katz បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន The Times of Israel ថា ដ្បិត​មាន​ការ​ប្រកាស​ឈប់​បាញ់​គ្នា​ ក៏​កងទ័ព​អ៊ីស្រាអែល​នៅ​តែ​បន្ត​ឈរជើង​នៅ​គ្រប់​ទីតាំង​ទាំងអស់​ក្នុង​តំបន់​សុវត្ថិភាព ដើម្បី​ការពារ​សហគមន៍​ប្រជាជន​នៅ​ភាគ​ខាង​ជើង​របស់​ខ្លួន។

ការ​ប្រកាស​ជំហរ​ដ៏​រឹងរូស​នេះ បាន​ធ្វើ​ឡើង​ ចំ​ពេល​ដែល​សហរដ្ឋ​អាមេរិក និង​ប្រទេស​អ៊ីរ៉ង់ កំពុង​ចាប់ផ្ដើម​បើក​កិច្ច​ចរចា​គ្នា ​នៅ​ក្នុង​ប្រទេស​ស្វីស ដើម្បី​ស្វែងរក​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​ដ៏​យូរអង្វែង។ តាម​ពិត​ទៅ យោង​តាម​កិច្ច​ព្រមព្រៀង​បណ្ដោះអាសន្ន​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តេហេរ៉ង់ គឺ​តម្រូវ​ឲ្យ​មាន​ការ​បញ្ឈប់​រាល់​ការ​វាយប្រហារ​គ្នា​នៅ​គ្រប់​សមរភូមិ​ទាំងអស់ រួម​ទាំង​នៅ​ក្នុង​ប្រទេស​លីបង់​ផង​ដែរ។ ប៉ុន្តែ រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល បាន​អះអាង​ថា កងទ័ព​អ៊ីស្រាអែល​មិន​មាន​ការ​រឹតត្បិត​ណា​មួយ​ ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​បោសសម្អាត​ការ​គំរាមកំហែង​ឡើយ ហើយ​ទាំង​រូប​លោក និង​នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បាន​ព្រមព្រៀង​គ្នា​ច្បាស់លាស់​ថា អ៊ីស្រាអែល​ដាច់ខាត​មិន​ដក​ទ័ព​ថយ​ទេ។

អ៊ីស្រាអែល​ បាន​បង្កើន​ការ​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ ដោយ​បាន​ទម្លាក់​គ្រាប់បែក​ជាង ២០០​លើក នៅ​ភាគ​ខាង​ត្បូង និង​ភាគ​ខាង​កើត​នៃ​ប្រទេស​លីបង់។ កងទ័ព​អ៊ីស្រាអែល​អះអាង​ថា ខ្លួន​ដៅ​ចំ​តែ​ទីតាំង​របស់​ក្រុម​​សកម្ម​ប្រយុទ្ធ​ហេសបូឡា ប៉ុន្តែ​​បើ​តាម​សេចក្ដី​រាយការណ៍​ពី​ក្រុម​អ្នក​យក​ព័ត៌មាន​ ការ​វាយប្រហារ​ជាច្រើន ​បាន​ធ្លាក់​ចំ​ផ្ទះសម្បែង​ប្រជាជន និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល។

យោងតាម​របាយការណ៍​ពី​ក្រសួង​សុខាភិបាល​លីបង់ ការ​វាយប្រហារ​ត្រឹមតែ​ពីរ​ថ្ងៃ​នោះ បាន​សម្លាប់​មនុស្ស​អស់ ១០៥នាក់ និង​របួស​ជាង ១៥០នាក់​ផ្សេង​ទៀត។ បើ​គិត​ជា​រួម​មក ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​លើ​ទឹកដី​លីបង់ បាន​ផ្តាច់​ជីវិត​មនុស្ស​ជិត ៤ ០០០នាក់ និង​បង្ក​ឲ្យ​មាន​អ្នក​រងរបួស​ជាង ១២ ០០០នាក់​ទៅ​ហើយ គិត​ចាប់​តាំង​ពី​ដើម​ខែ​មីនា​មក។ រហូត​មក​ដល់​ពេល​នេះ អ៊ីស្រាអែល​នៅ​តែ​បន្ត​កាន់កាប់​តំបន់​មួយ​ចំនួន​នៅ​ភាគ​ខាង​ត្បូង​លីបង់ ដោយ​ក្នុង​នោះ​មាន​ទឹកដី​ខ្លះ​ពួកគេ​បាន​កាន់កាប់​រាប់​ទសវត្សរ៍​មក​ហើយ ចំណែក​ឯ​តំបន់​ខ្លះ​ទៀត​ទើប​តែ​ដណ្តើម​បាន​ ​អំឡុង​ពេល​​សង្គ្រាម​​​ថ្មីៗ​នេះ​ប៉ុណ្ណោះ៕

ការ​វាយ​ប្រហារ​អ៊ីស្រាអែល​នៅ​លីបង់​នាពេល​កន្លង​មក /រូបឯកសារ (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម