Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ផ្តាំទៅអ៊ុយក្រែន ថា កុំហ៊ានប៉ះ បេឡារុស ឲ្យសោះ!

បានផុស

នៅ

ប្រទេសរុស្ស៊ី បានចេញមុខការពារ បេឡារុស ដោយផ្តាំទៅអ៊ុយក្រែន ថា កុំហ៊ានប៉ះសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួន មួយនេះឲ្យសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាការឆ្លើយតបទៅនឹង ពាក្យគំរាមរបស់ប្រមុខរដ្ឋាភិបាលទីក្រុង កៀវ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលប្រកាសទុកពេល ១សប្តាហ៍ ឲ្យបេឡារុស ដកចេញនូវឧបករណ៍ផ្តល់ជំនួយដល់ដ្រូនរុស្ស៊ី និងរាដាអាកាស នៅព្រំដែន, បើមិនព្រមធ្វើតាមទេនោះ អ៊ុយក្រែន នឹងចាត់វិធានការក្តៅហើយ។

យ៉ាងណា សារព័ត៌មាន RT បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ដែលថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្តីពីប្រធានបទ «តួនាទីលោកខាងលិច ក្នុងសង្គ្រាមអ៊ុយក្រែន» កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ថា បើអ៊ុយក្រែន ពិតជាហ៊ានវាយប្រហារប្រទេសនេះមែន ទីក្រុងមូស្គូ នឹងចាត់វិធានការធានាសន្តិសុខបេឡារុស ហើយ។ 

លោកផ្តាំទៅអ៊ុយក្រែនថា ត្រូវចាំថា រុស្ស៊ី-បេឡារុស មានសន្ធិសញ្ញាជាមួយគ្នា ដែលចូលជាធរមាន ចាប់តាំងពីខែមីនា ឆ្នាំ២០២៥ មកម្ល៉េះ ដែលកិច្ចព្រមព្រៀងនេះ បញ្ជាក់ថា ប្រទេសទាំងពីរ នឹងការពារគ្នាទៅវិញទៅមក បើមានភាគីណាមួយ រងការវាយប្រហារពីអមិត្ត ហើយបើចាំបាច់ អាចនឹងឈានដល់ការប្រើអាវុធ នុយក្លេអ៊ែរទៀតផង។

លោក  Sergey Lavrov (រូប៖ Reuters)

តាមការអះអាងរបស់លោក Lavrov, ការព្រមានទុកឱសានវាទនោះ គឺជាការគំរាមកំហែង ប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ ហើយរឿងនេះ ច្បាស់ណាស់ថា មានគោលបំណងទាញ បេឡារុស ឲ្យធ្លាក់ចូលទៅក្នុងជម្លោះដោយផ្ទាល់ និងពង្រីកសមរភូមិប្រយុទ្ធ។

រម្លឹកទៅ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា លោកហ្សេលេនស្គី បានប្រកាសពីឱសានវាទ ដោយចោទប្រកាន់ចំៗថា បេឡារុស កំពុងចូលដៃជួយរុស្ស៊ី ឲ្យប្រើប្រាស់ដ្រូន ហោះមកវាយប្រហារក្នុងទឹកដីអ៊ុយក្រែន និងថែមទាំងគំរាមថា ទីក្រុងកៀវ នឹងកំណត់គោលដៅកម្ទេចឧបករណ៍ ទាំងនោះ បើមិនព្រមរុះរើចេញទេ។

តាមសម្តីលោក ហ្សេលេនស្គី, បេឡារុស កំពុងផ្តល់ទីតាំងសម្រាប់ដាក់ឧបករណ៍បញ្ជូនសញ្ញាបន្ត នៅលើអង់តែនទូរគមនាគមន៍នានា ខ្វាត់ខ្វែងពាសពេញខេត្តចំនួនពីរ ដែលជាប់ព្រំដែនជាមួយអ៊ុយក្រែន ហើយកងកម្លាំងរុស្ស៊ី កំពុងប្រើប្រាស់ឧបករណ៍ទាំងនេះយ៉ាងសកម្ម ដើម្បីតម្រង់ទិសដៅ និងកែតម្រូវការបាញ់អាវុធ ដោយដៅចំជាពិសេសលើប្រជាពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។

លោកហ្សេលេនស្គី (រូប៖ Reuters)

ប្រទេសបេឡារូស គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៊ី ដែលតែងផ្តល់ការគាំទ្រយ៉ាងសំខាន់ ផ្នែកភស្តុភារ ទឹកដី និងយោធា ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ទីក្រុងមីនស្កិ៍ អនុញ្ញាតឲ្យកងទ័ពរុស្ស៊ី ប្រើប្រាស់ទឹកដីរបស់ខ្លួនជាមូលដ្ឋានសម្រាប់ការចល័តទ័ព និងបើកការវាយលុក ចូលទៅភាគខាងជើងអ៊ុយក្រែន។

មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រនៅបេឡារូស ក៏ត្រូវបានប្រើប្រាស់ សម្រាប់សង្គ្រោះ និងព្យាបាលទាហានរុស្ស៊ី ដែលរងរបួសពីសមរភូមិ ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម