Connect with us

កីឡា

Ronaldo បំបែកកំណត់ត្រាធំ ៣ នៅ World Cup ក្រោយស៊ុត ២ គ្រាប់យប់មិញ

បានផុស

នៅ

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានបំបែកកំណត់ត្រាធំ ៣ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ក្រោយស៊ុតបញ្ចូលទី ២ គ្រាប់ទល់នឹងក្រុមជម្រើសជាតិ អ៊ុយបេគីស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីខកចិត្តនៅក្នុងការប្រកួតដំបូងទល់នឹងក្រុម កុងហ្គោ គឺនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៦ នេះ Ronaldo បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ ដោយបានស៊ុត ២ គ្រាប់ ជួយឱ្យក្រុម ព័រទុយហ្គាល់ លត់ក្រុមជម្រើសជាតិ អ៊ុយបេគីស្ថាន ក្នុងលទ្ធផល ៥-០។

លទ្ធផលដ៏ត្រចះត្រចង់នេះ បានធ្វើឱ្យ ព័រទុយហ្គាល់ ហក់ឡើងមកឈរកំពូលតារាងពូល K បណ្តោះអាសន្ន ដោយមាន ៤ ពិន្ទុក្នុងដៃ។ យ៉ាងណា លំដាប់ចំណាត់ថ្នាក់នៅក្នុងពូល K នេះ នឹងមានការប្រែប្រួល បន្ទាប់ពី កូឡុំប៉ី បញ្ចប់ការប្រកួតទល់នឹងក្រុម កុងហ្គោ។

ងាកមកកាន់ប្រធានក្រុម Ronaldo វិញ ក៏ត្រូវបានគេកត់ត្រាកំណត់ត្រាថ្មី ៣ បន្ថែមទៀតផងដែរ ក្រោយស៊ុតបញ្ចូលទី ២ គ្រាប់នេះ។ កំណត់ត្រាទី ១ ខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះ បានក្លាយជាកីឡាករវ័យចំណាស់ជាងគេបំផុត ដែលអាចរកបានគ្រាប់បាល់ ២ គ្រាប់ក្នុងមួយប្រកួតនៅ World Cup។

កំណត់ត្រាទី ២ ខ្សែប្រយុទ្ធរបស់ក្រុម Al-Nassr បានក្លាយជាកីឡាករដំបូងគេបង្អស់ ដែលអាចស៊ុតបញ្ចូលទីបាននៅ World Cup ៦ លើកផ្សេងគ្នា ពោលគឺនៅឆ្នាំ ២០០៦, ២០១០, ២០១៤, ២០១៨, ២០២២ និង ២០២៦។

កំណត់ត្រាចុងក្រោយ គឺ Ronaldo បានក្លាយជាកីឡាករ ដែលស៊ុតបញ្ចូលទីឱ្យក្រុមបញ្ចខែល ព័រទុយហ្គាល់ ច្រើនបំផុតនៅ World Cup ពោលគឺចំនួន ១០ គ្រាប់។ ពីមុនកំណត់ត្រានេះ ត្រូវបានកាន់កាប់ដោយអតីតខ្សែប្រយុទ្ធលោក Eusébio ដែលមាន ៩ គ្រាប់ ប៉ុន្តែបន្ទាប់ពី Ronaldo ស៊ុត ២ គ្រាប់យប់មិញ គឺបានបំបែកជាផ្លូវការហើយ។

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម