Connect with us

ព័ត៌មានអន្ដរជាតិ

រឿងអាស្រូវនៅថៃ! លួច​កែពិន្ទុប្រឡងចូលក្របខ័ណ្ឌរដ្ឋ ក្នុងម្នាក់ៗអស់ជិត ២៤ ០០០ដុល្លារ

បានផុស

នៅ

អាជ្ញាធរប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃ ទើបតែបានវែកមុខរកឃើញរឿងអាស្រូវដ៏ធំមួយ ពាក់ព័ន្ធនឹងការបន្លំកែពិន្ទុប្រឡងចូលបម្រើការងារនៅក្នុងរដ្ឋបាលមូលដ្ឋាន។ នេះ​បើយោងតាម​សារព័ត៌មាន South China Morning Post ចុះផ្សាយ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបណ្តាញទុច្ចរិតនេះ បេក្ខជនម្នាក់ៗ ត្រូវបង់ប្រាក់ចាប់ពី ៣៥០ ០០០ ដល់ ៨០០ ០០០បាត ស្មើនឹងប្រមាណ ១០ ៥០០ ទៅ ២៤ ០០០ដុល្លារអាមេរិក ជាថ្នូរនឹងការលួចកែប្រែពិន្ទុនៅលើក្រដាសកិច្ចការ ដើម្បីធានាឲ្យពួកគេបានជាប់ឈ្មោះចូលធ្វើជាមន្ត្រីរាជការ។

បើតាម​ការ​ផ្សាយរបស់សារព័ត៌មាន​ក្នុង​ស្រុក Thai Enquirer សកម្មភាពបង្ក្រាបនេះ បានធ្វើឡើងបន្ទាប់ពីមន្ត្រីមកពីគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) រួមសហការជាមួយប៉ូលិសផ្នែកប្រឆាំងអំពើពុករលួយ បានឆ្មក់ចូលឆែកឆេរផ្ទះមួយខ្នងនៅក្នុងស្រុក Bang Yai ខេត្ត Nonthaburi។ សមត្ថកិច្ច បានឃាត់ខ្លួនមន្ត្រីរដ្ឋយ៉ាងហោចណាស់ ១០នាក់ភ្លាមៗនៅនឹងកន្លែង ខណៈដែលពួកគេកំពុងតែញាប់ដៃញាប់​ជើង​ប្រើប្រាស់កម្មវិធីកុំព្យូទ័រ ដើម្បីលួចកែប្រែសន្លឹកចម្លើយរបស់បេក្ខជន ឲ្យត្រូវទៅនឹងពិន្ទុជាប់ដែលបានកំណត់ទុកជាមុន។

ការបន្លំនេះ មានទ្រង់ទ្រាយធំណាស់ ដោយវាបានកំណត់គោលដៅលើការប្រឡងជ្រើសរើសមន្ត្រីរាជការប្រចាំឆ្នាំ២០២៥ ដែលមានតំណែងទំនេរចំនួន ៦ ៦៦៩កន្លែង ក្នុងចំណោមប្រភេទការងារចំនួន ៨៧ផ្នែក និងមានបេក្ខជនចូលរួមប្រឡងរហូតដល់ទៅជាង ១០ម៉ឺននាក់។ ក្រុមអ្នកស៊ើបអង្កេត បានរឹបអូសកុំព្យូទ័រចំនួន ១៨គ្រឿង និងបានរកឃើញថា មានសន្លឹកចម្លើយប្រហែល ២ ០០០សន្លឹកទៅហើយដែលត្រូវបានគេកែបន្លំ។ លើសពីនេះ ភស្តុតាងផ្នែកហិរញ្ញវត្ថុ បានបង្ហាញពីទំនាក់ទំនងរវាងបេក្ខជនច្រើនជាង ៣ ០០០នាក់ ជាមួយនឹងបណ្តាញស៊ីសំណូកនេះ ដែលធ្វើឲ្យទំហំនៃការខូចខាត និងលុយកាក់ខុសច្បាប់ហក់ឡើងរហូតដល់ទៅ ៤,៥ពាន់លាន​បាត។

ក្រោយពីធ្លាយរឿងអាស្រូវដ៏ស្អុយរលួយនេះ ក្រសួងមហាផ្ទៃថៃ បានសម្រេចដកតំណែង និងផ្ទេរអគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន លោក Teeruth Supawiboonpol ជាបន្ទាន់ ក្នុងពេលដែលការស៊ើបអង្កេតកំពុងបន្តធ្វើឡើង។ ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Anutin Charnvirakul បានចេញបញ្ជាជាសាធារណៈឲ្យលុបចោលលទ្ធផលនៃការប្រឡងជាប់ក្របខ័ណ្ឌរដ្ឋបាលមូលដ្ឋាន ដែលមានការលួចបន្លំនេះទាំងស្រុង ដោយលោកបានប្ដេជ្ញាចិត្តថានឹងចាត់វិធានការច្បាប់ និងវិន័យឲ្យធ្ងន់ធ្ងរបំផុតចំពោះមន្ត្រីណាដែលមានការពាក់ព័ន្ធ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម