Connect with us

ព័ត៌មានអន្ដរជាតិ

មិនទាន់ជ្រះទឹកប៊ិចផង! អ៊ីស្រាអែល វាយប្រហារលីបង់ទៀតហើយ ដោយមិនខ្វល់ពីកិច្ចព្រមព្រៀង​សន្តិភាព

បានផុស

នៅ

ទោះបីជាទើបតែមានកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកក៏ដោយ ក៏ភាពតានតឹងរវាងអ៊ីស្រាអែល និងលីបង់ នៅតែមិនទាន់ថមថយឡើយ។ កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារថ្មីមួយទៀត ទៅលើតំបន់ភាគខាងត្បូងនៃប្រទេសលីបង់ ដែលធ្វើឱ្យក្តីសង្ឃឹមនៃសន្តិភាពរបស់ប្រជាជននៅក្នុងតំបន់ ហាក់បីដូចជារលាយបាត់ទៅវិញភ្លាមៗ។

(រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ បានរាយការណ៍ថា កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស ចំតំបន់ទីប្រជុំជន Qantara និង Deir Siryan នៅក្នុងខេត្ត Nabatieh។ មិនត្រឹមតែប៉ុណ្ណោះ កងទ័ពអ៊ីស្រាអែល ក៏បានប្រើប្រាស់កាំភ្លើងធំបាញ់ប្រហារយ៉ាងខ្លាំងក្លាទៅលើតំបន់ជាយក្រុង Deir Siryan សំដៅទៅរកខ្សែទឹកនៃទន្លេ Litani ព្រមទាំងបានបាញ់កាំភ្លើងធំទៅលើទីក្រុង Hadatha នៅក្នុងស្រុក Bint Jbeil ផងដែរ។ គិតមកទល់ពេលនេះ គេនៅមិនទាន់ទទួលបានព័ត៌មានលម្អិតអំពីចំនួនអ្នករងរបួស ឬបាត់បង់ជីវិតពីការវាយប្រហារចុងក្រោយ​នេះនៅឡើយទេ។

ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងបន្ទាប់ពីភាគីទាំងពីរ ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោម​ការ​​សម្របសម្រួល​ដោយសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនោះ ធ្វើឡើង ក្នុងគោលបំណងជួយសម្រួលដល់ការដកទ័ពអ៊ីស្រាអែលចេញពីទឹកដីលីបង់ជាជំហានៗ និងកាត់បន្ថយការប៉ះទង្គិចគ្នាយ៉ាងក្តៅគគុកនៅតាមព្រំដែន។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយលុកយោធាយ៉ាងខ្លាំងក្លាទៅលើប្រទេសលីបង់កាលពីថ្ងៃទី២ ខែមីនាមក សង្រ្គាមដ៏រ៉ាំរ៉ៃនេះ បានឆក់យក​ជីវិត​មនុស្សយ៉ាងហោចណាស់ ៤ ២៤៧​នាក់ ធ្វើឱ្យរបួស ១២ ១៩៥​នាក់ និងបានបង្ខំឱ្យប្រជាជនលីបង់ស្លូតត្រង់ជាង ១លាននាក់ត្រូវរត់ភៀសខ្លួនចោលផ្ទះសម្បែង និងរស់នៅក្នុងភាពភ័យខ្លាចជារៀងរាល់ថ្ងៃ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម