Connect with us

សេដ្ឋកិច្ច

ទិន្នផលចង្រិតរបស់កសិករនៅឃុំកំពែងធ្លាក់ចុះបន្ដិច ដោយសារបញ្ហាអាកាសធាតុ

បានផុស

នៅ

កត្តាអាកាសធាតុក្តៅខ្លាំងបានកំពុងធ្វើឱ្យប៉ះពាល់ដល់ទិន្នផលចង្រិតរបស់កសិករចិញ្ចឹម​ជិត៤០០គ្រួសារ ស្ថិតនៅឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ​ធ្លាក់ចុះទិន្នផលបន្ដិចនាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ រុន មន្ត្រីកសិកម្មឃុំកំពែង ប្រាប់ កម្ពុជាថ្មី ថា ទិន្នផល «ចង្រិតស» របស់កសិករចំនួន ៣៧២គ្រួសារដែលស្ថិតនៅឃុំកំពែងរបស់លោកធ្លាក់ចុះបន្ដិច ខណៈគេសង្កេតឃើញថានៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាហាក់ជួបនូវបញ្ហាអាកាសធាតុក្ដៅខ្លាំង បើទោះបីជាមានភ្លៀងធ្លាក់ខ្លះក៏ដោយ។

មន្ត្រីកសិកម្មឃុំរូបនេះ បានបញ្ជាក់ដែរថា ជាទូទៅរយៈពេលចិញ្ចឹមចង្រិតសនេះ កសិករត្រូវចំណាយពេលចន្លោះពី ៥៥ថ្ងៃ ទៅដល់ ៦០ថ្ងៃ ទើបអាចប្រមូលផលសម្រាប់លក់ទៅឱ្យឈ្មួញដែលមានមូលដ្ឋាននៅស្រុកគិរីវង់នេះស្រាប់ ដ្បិតអីកសិករមិនចាំបាច់ពិបាកដើររកទីផ្សារខ្លួនឯង។

យ៉ាងណាមិញ ចំពោះទីផ្សារចង្រិតរបស់កសិករនៅឃុំកំពែង បច្ចុប្បន្នចង្រិត១គីឡូ អាចលក់ចេញទៅឱ្យឈ្មួញបានចន្លោះពី ១ម៉ឺន ៥ពាន់រៀល ទៅ ១ម៉ឺន ៦ពាន់រៀល ក៏អាស្រ័យទៅលើតម្រូវការជាក់ស្ដែងផងដែរ។

កសិករឈ្មោះ អូន ហៅអ៊ី ប្រុក ធ្លាប់ប្រាប់ កម្ពុជាថ្មី ថា មុខរបរចិញ្ចឹមចង្រិតសនេះ អ្នកស្រី និងគ្រួសារបានសម្រេចចិត្តចិញ្ចឹមវានៅពេលដែលទំនេរការងារស្រែចម្ការ។ ថ្វីដ្បិតតែបច្ចុប្បន្នចង្រិតមានទីផ្សារល្អក៏ពិតមែន ប៉ុន្តែស្របជាមួយនឹងអាកាសធាតុក្តៅខ្លាំង ការប្រមូលផលចង្រិតក៏ហាក់ពុំសូវបានច្រើននោះឡើយ។

កសិករូបនេះ បានបញ្ជាក់ដែរថា ក្នុងរយៈពេល១សប្ដាហ៍ អ្នកស្រីអាចប្រមូលផលចង្រិតបាន៣ដង សម្រាប់លក់ទៅឱ្យឈ្មួញយកទៅលក់បន្តមកកាន់បណ្ដាទីរួមខេត្តមួយចំនួន និងរាជធានីភ្នំពេញជាដើម។

អ្នកស្រី សៀន អូន អ្នកប្រមូលទិញចង្រិតប្រចាំស្រុកគិរីវង់ ប្រាប់ កម្ពុជាថ្មី ដែរថា រយៈពេល១សប្ដាហ៍ អ្នកស្រី និងស្វាមី បានចុះជួយទិញចង្រិតពីកសិករបានប្រហែល៣ដង ក៏ស្រ័យលើកសិករអាចប្រមូលផលបានតិច ឬច្រើនផងដែរ។

ទោះជាយ៉ាងណា អ្នកស្រី សៀន អូន ក្នុងនាមជាឈ្មួញទិញចង្រិត មកទល់ពេលនេះ នៅទទូចស្នើសុំចិត្តប្រជាជនខ្មែរបន្តជួយគាំទ្រផលិតផលខ្មែរ ពិសេសគឺការចិញ្ចឹមសត្វ និងដាំដុះបន្លែរបស់កសិករក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីធ្វើយ៉ាងណាឱ្យកសិករទាំងអស់ស្វែងរកប្រាក់ចំណូលបន្ថែមក្រៅអំពីការងារស្រែចម្ការផងដែរ៕

អត្ថបទ ៖​ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម