Connect with us

កីឡា

កុងហ្គោ ជាក្រុមការពាររឹងមាំ អាចធ្វើឱ្យ អង់គ្លេស ជួបបញ្ហាយប់នេះ

បានផុស

នៅ

ក្រុមជម្រើសជាតិ អង់គ្លេស ទំនងនឹងមិនងាយស្រួលឡើយ ក្នុងការជួបក្រុមជម្រើសជាតិ កុងហ្គោ នៅវគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 វេលា​ម៉ោង ១១ យប់ថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៦ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមតោកំណាច អង់គ្លេស ជាក្រុមខ្លាំងមួយ ដែលមានចំណុចល្អទាំងព្រម ជាពិសេសតំបន់ប្រយុទ្ធ។ តំបន់ប្រយុទ្ធពួកគេមាន Harry Kane, Bukayo Saka, Marcus Rashford និង Anthony Godon ជាដើម។ ចំណែកនៅតំបន់បម្រើ ពួកគេមានកីឡាករឆ្នើមៗដូចជា Jude Bellingham និង​ Declan Rice ក៏មិនធម្មតាដែរ។

ទោះបីជាយ៉ាងណា ក្រុម អង់គ្លេស នឹងមិនអាចប្រហែសបានឡើយជាមួយក្រុមមកពីទ្វីប អាហ្វ្រិក គឺ កុងហ្គោ ដោយសារពួកគេ ជាក្រុមមួយ ដែលមានខ្សែការពាររឹងមាំ។ ជើងក្រោមរបស់ កុងហ្គោ តែងតែបង្ហាញខ្លួនក្នុងជម្រើសដំបូងមានដូចជា Arthur Masuaku មកពី Sunderland, Axel Tuanzebe មកពី Burnley, Chancel Mbemba មកពី Lille និង Aaron Wan-Bissaka មកពី West Ham។

ក្រៅពីការមានខ្សែការពារសុទ្ធតែលេងនៅលីគធំៗក្នុងតំបន់ អឺរ៉ុប ពួកគេក៏បានបង្ហាញរួចហើយផងដែរ អំពីស្ថិតិប្រកួតដ៏ល្អកន្លងមក។ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុនៅ World Cup 2026 នេះ ពួកគេធ្វើបានល្អគួរឱ្យកត់សម្គាល់ ដោយបានស្មើ ព័រទុយហ្គាល់ ១-១, ចាញ់ កូឡុំប៉ី ០-១ និងឈ្នះ អ៊ុយបេគីស្ថាន ៣-១។

ក្រុមមកពី អាហ្វ្រិក មួយនេះ ជាក្រុមមួយ ដែលមិនងាយមានក្រុមណា អាចយកឈ្នះបានងាយស្រួលនោះទេ។ ជាក់ស្តែង ការប្រកួតនៅ World Cup 2026 នេះ មិនទាន់មានក្រុមណាមួយ អាចស៊ុតចូលពួកគេបានលើស ១ គ្រាប់ឡើយ សូម្បីតែក្រុមខ្លាំង ព័រទុយហ្គាល់។

ការប្រកួតនៅវគ្គចាញ់ធ្លាក់នេះ ពិតជាពិបាកស្មានណាស់ ពោលគឺដូចជា អាល្លឺម៉ង់ និង ហូល្លង់ ជាដើម។ ដូចគ្នានេះដែរ ប្រសិនបើ កុងហ្គោ អាចទប់ស្មើ អង់គ្លេស បាន ហើយអូសការប្រកួតដល់វគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ នោះលទ្ធផលសម្រាប់ក្រុមទាំងសងខាងនឹងក្លាយជា ៥០/៥០។

ដូច្នេះការប្រកួតរវាងក្រុមទាំង ២ រាត្រីនេះ នឹងក្លាយជាការប្រកួតដ៏តឹងតែងមួយ ដោយសារក្រុមម្ខាង ជាក្រុមល្អប្រយុទ្ធ ហើយម្ខាងទៀតល្អការពារ។ យ៉ាងណា យើងនឹងរង់ចាំមើលការជួបគ្នាលើកដំបូងរវាងក្រុមទាំង ២ ថាតើក្រុមណា នឹងអាចទម្លាយរបាំងឡើងទៅវគ្គ​ ១៦ ក្រុមចុងក្រោយបាន៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម