Connect with us

ព័ត៌មានជាតិ

ជួបអាជ្ញាធរក្នុងខេត្តក្រចេះ សម្ដេច ហ៊ុន សែន ជំរុញឱ្យមានការពង្រឹងកិច្ចការពារព្រៃឡង់

បានផុស

នៅ

ពីទឹកដីខេត្តក្រចេះ ដែលគ្រប់ដណ្ដប់មួយផ្នែកទៅលើតំបន់ព្រៃឡង់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានជំរុញឱ្យអាជ្ញាធរខេត្តក្នុងភូមិសាស្ត្រតំបន់នេះរួមគ្នាការពារព្រៃឡង់កុំឱ្យមានការកាប់បំផ្លាញ ដោយទប់ស្កាត់ និងបង្ក្រាបឱ្យបាននូវបទល្មើស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងពិធីសំណេះសំណាលក្រុមប្រឹក្សានិងអង្គភាពនានាជុំវិញខេត្តក្រចេះ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះដោយអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស តាមរយៈការពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិ ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

សម្ដេចតេជោ បានសង្កត់ធ្ងន់ដល់កិច្ចការពារនៅក្នុងតំបន់ព្រៃឡង់ ដែលស្ថិតក្នុងភូមិសាស្ត្រនៃខេត្តចំនួន៤ រួមមានខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ ធ្វើយ៉ាងណាអាជ្ញាធរខេត្តទាំងនេះ ត្រូវយកចិត្តទុកដាក់លើ​ការគ្រប់គ្រង និងការពារព្រៃឈើឱ្យបានកុំ​ឱ្យ​មាន​ការកាប់ព្រៃឈើដោយខុសច្បាប់។

គួរកត់សម្គាល់ថា កន្លងទៅ អាជ្ញាធរខេត្តទាំង៤ ដែលស្ថិតនៅក្នុងតំបន់ព្រៃឡង់ បានសហការជាមួយនឹងសហគមន៍ រួមគ្នាទប់ស្កាត់បទល្មើសព្រៃឈើ និងការអភិរក្សធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។

ទោះជាមានការទប់ស្កាត់ពីអាជ្ញាធរក៏ដោយ ក៏សកម្មភាពនៃការកាប់បំផ្លាញព្រៃឡង់នៅតែកើតមានឡើង។ ជាក់ស្ដែងយោងតាមរបាយការណ៍ក្រសួងបរិស្ថាន ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦ កម្លាំងចម្រុះដែលរួមមានមន្ត្រីឧទ្យានុរក្ស អាជ្ញាធរខេត្ត និងសហគមន៍មូលដ្ឋាន បានចុះល្បាតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ចំនួន ៨៥៣លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១៧៨ករណី ភាគច្រើនជាករណីទន្ទ្រានដីព្រៃ និងការកាប់ឈើខុសច្បាប់។

រយៈពេលដូចគ្នានេះ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងចំនួន៨៣ករណីទៅកាន់តុលាការ និងឃាត់ខ្លួនជនសង្ស័យបាន១៣នាក់ ហើយប្រតិបត្តិការកន្លងមកនេះ សមត្ថកិច្ចក៏បានរឹបអូសសម្ភារៈបទល្មើសដូចជា ម៉ាស៊ីនអារឈើ យានយន្ត និងកម្ទេចអន្ទាក់សត្វជាច្រើន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម