Connect with us

សេដ្ឋកិច្ច

ធនាគារABA ឈ្នះពានរង្វាន់ពីរពីកម្មវិធីAsian Banking and Finance Awards 2026

បានផុស

នៅ

ភ្នំពេញ ថ្ងៃទី3 ខែកក្កដា ឆ្នាំ 2026 – ធនាគារ ABA មានមោទនភាពដែលបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពចំនួនពីរ ពីកម្មវិធី Asian Banking and Finance Awards (ប្រទេសសិង្ហបុរី) រួមមាន ធនាគារបម្រើសេវារូបវន្តបុគ្គលដ៏ឆ្នើមប្រចាំឆ្នាំ និងធនាគារបម្រើសេវា សាជីវកម្ម និងវិនិយោគដ៏ឆ្នើមប្រចាំឆ្នាំ។ ពានរង្វាន់ទាំងនេះ បញ្ជាក់ជាថ្មីលើភាពនាំមុខរបស់ ABA ក្នុងវិស័យធនាគារនៅកម្ពុជា និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនវានុវត្តន៍ ឧត្តមភាពសេវាកម្ម និងដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយសម្រាប់អតិថិជនជារូបវន្តបុគ្គល និងអាជីវកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមភាព​សេវារូបវន្តបុគ្គល

ការទទួលស្គាល់ ABA ជា ធនាគារបម្រើសេវារូបវន្តបុគ្គលឆ្នើមប្រចាំឆ្នាំ រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា បញ្ជាក់ជាថ្មីនូវភាពនាំមុខយូរអង្វែងក្នុងវិស័យធនាគារលើផ្នែករូបវន្តបុគ្គល និងសមត្ថភាពជាបន្ដបន្ទាប់ ក្នុងការផ្តល់នូវបទពិសោធសេវាធនាគារដ៏ទំនើប ដែលផ្តោតលើអតិថិជនជាចម្បង។

ភាពជោគជ័យនេះ កើតចេញពីអេកូស៊ីស្ទែមរូបវន្តបុគ្គលដ៏រឹងមាំ រួមមានជាអាទី៍ បណ្តាញសាខាទូទាំង ប្រទេស ហេដ្ឋារចនាសម្ពន្ធស្វ័យសេវា ភាពជាដៃគូយុទ្ធសាស្រ្ត និងផ្លែតហ្វមធនាគារឌីជីថលដ៏ទំនើប។ តួឯកដ៏សំខាន់នៃអេកូស៊ីស្ទែមនេះ គឺ ABA Mobile ជាកម្មវិធីធនាគារលើទូរស័ព្ទដៃឈានមុខរបស់កម្ពុជា ដែលបន្តពង្រឹងសមត្ថភាពជាមួយនវានុវត្តន៍ដូចជា មុខងារណាវី ដែលជាជំនួយការនិម្មិត ដំណើរការដោយបច្ចេកវិទ្យាបញ្ញានិម្មិត (AI), មុខងារវិភាគ ដែលជាជំនួយការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងមុខងារផ្តោតលើអតិថិជនផ្សេងទៀត  សម្រាប់តម្រូវការប្រើប្រាស់ដ៏សម្បូរបែប។

ភាពនាំមុខលើផ្នែកសាជីវកម្ម

ABA ទទួលបានពាន ធនាគារបម្រើសេវាសាជីវកម្ម និងវិនិយោគឆ្នើមប្រចាំឆ្នាំ ជាលើកដំបូង ពី Asian Banking and Finance ​ដើម្បីជាការទទួលស្គាល់ចំពោះការពង្រីកសេវាធនាគារសាជីវកម្មដ៏រឹងមាំ និងសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដល់អាជីវកម្មតូចធំគ្រប់ប្រភេទ។

បច្ចុប្បន្ន ABA មានផ្តល់សេវាកម្មដូចជា កម្ចីសាជីវកម្ម ហិរញ្ញប្បទានពាណិជ្ជកម្ម ការគ្រប់គ្រងសាច់ប្រាក់ សេវាកម្ម Escrow និងសេវាធនាគារឌីជីថលតាមរយៈផ្លែតហ្វម ABA Business ដោយជួយដល់ក្រុមហ៊ុនបង្កើនប្រសិទ្ធភាព គ្រប់គ្រងហានិភ័យ និងគាំទ្រដល់ការរីកចម្រើនយូរអង្វែង។

លើសពីការផ្ដល់សេវាធនាគារស្ដង់ដារ ABA បន្តគាំទ្រដល់ការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជា តាមរយៈ ការវិនិយោគ និងហិរញ្ញប្បទានយុទ្ធសាស្រ្ត។ ក្នុងឆ្នាំនោះផងដែរ ធនាគារបានក្លាយជាអ្នកវិនិយោគធំជាងគេ នៃសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណកសិកម្មដំបូងគេបង្អស់របស់កម្ពុជា ព្រមទាំងគាំទ្រហេដ្ឋារចនាសម្ពន្ធធំៗ និងគម្រោងថាមពលកកើតឡើងវិញ (renewable energy) តាមរយៈហិរញ្ញប្បទានគម្រោង។

គំនិតផ្តួចផ្តើមទាំងនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ABA ចំពោះហិរញ្ញវត្ថុប្រកបដោយចីរភាព និងតួនាទីរបស់ខ្លួនក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងការអភិឌ្ឍប្រទេសជាតិយូរអង្វែង។

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា “ពានរង្វាន់ទាំងពីរនេះ ទទួលស្គាល់នូវសមត្ថភាពរបស់យើងខ្ញុំ ក្នុងការផ្តល់នូវបទពិសោធធនាគារល្អឯកសម្រាប់អតិថិជនជារូបវន្តបុគ្គលរាប់លាននាក់ ខណៈផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែបជូនអាជីវកម្មតូចធំប្រភេទដែលគាំទ្រដល់ការវិនិយោគ ការរីកចម្រើន និងវឌ្ឍនភាពសេដ្ឋកិច្ចយូរអង្វែង របស់កម្ពុជា”។

“យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនគ្រប់រូបសម្រាប់ទំនុកចិត្ត និងសូមអរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់សម្រាប់ការបំពេញការងារបានយ៉ាងល្អប្រសើរ។ ការទទួលស្គាល់ទាំងនេះ គឺជាកម្លាំងបន្ថែម ដែលជំរុញយើងខ្ញុំបន្តវិនិយោគទៅលើធនធានមនុស្ស បច្ចេកវិទ្យា និងអេកូស៊ីស្ទែម ដើម្បីឲ្យយើងខ្ញុំផ្តល់គុណតម្លៃកាន់តែប្រសើរ ព្រមទាំងរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា”។

ឆ្ពោះទៅមុខ

ដោយផ្អែកលើភាពនាំមុខលើសេវារូបវន្តបុគ្គល និងការបន្ដពង្រីកសមត្ថភាពសេវាធនាគារសាជីវកម្ម ABA បន្តប្តេជ្ញាផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្ត ដើម្បីបន្ត​ផ្តល់​នូវ​សេវាកម្ម​តាម​តម្រូវការ​អតិថិជន​គ្រប់ៗ​រូប។

តាមរយៈការបន្តវិនិយោគលើបច្ចេកវិទ្យា និងពង្រឹងសមត្ថភាពបម្រើសេវាធនាគារទាំងក្នុងផ្នែករូបវន្តបុគ្គល និងសាជីវកម្ម ABA នឹងបន្តក្លាយជាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នក ដែលពង្រឹងសមត្ថភាពអតិថិជន គាំទ្រអាជីវកម្ម និងរួមចំណែកដល់វិបុលភាពយូរអង្វែងរបស់កម្ពុជា។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម