Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចេញមុខបញ្ជាក់! ច្រក Hormuz មិនបានបិទ ដូចមាត់អ៊ីរ៉ង់ ថាទេ

បានផុស

នៅ

សហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា ច្រកសមុទ្រ Hormuz មិនបានបិទដូចមាត់អ៊ីរ៉ង់ ទេ ដោយអះអាងថា ផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ នៅតែបើកចំហជានិច្ច ទោះមានការប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាជាថ្មី នៅតំបន់មជ្ឈិមបូព៌ា ក៏ដោយ។

(រូប៖ Reuters)

បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ប្រកាសនៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ថា៖ «ច្រក Hormuz គឺបើកជានិច្ច សម្រាប់រាល់កប៉ាល់ទាំងឡាយណា ដែលចង់ធ្វើដំណើរឆ្លងកាត់ផ្លូវទឹកអន្តរជាតិមួយនេះ ដោយស្របច្បាប់។ អ៊ីរ៉ង់ គ្មានសិទ្ធិគ្រប់គ្រងលើច្រកសមុទ្រអន្តរជាតិ មួយនេះឡើយ ហើយកងកម្លាំងអាមេរិក ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានូវសេរីភាព នៃការធ្វើនាវាចរណ៍»។

ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បញ្ជាក់ពីជំហរនេះផងដែរ ដោយថ្លែងថា ច្រក Hormuz នៅតែបើកចំហ ដរាបណា វាស្ថិតក្រោមការយកចិត្តទុកដាក់របស់អាមេរិក។

(រូប៖ Reuters)

មុននេះ កងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ប្រកាសក្តែងៗថា ច្រកសមុទ្រហ័រមូសនឹងត្រូវបិទរហូតដល់មានការជូនដំណឹងថ្មី និងលុះត្រាអាមេរិក ឈប់យកខ្លួនមកបៀតនៅក្នុងតំបន់។

មុននេះដែរ អ៊ីរ៉ង់ បានបាញ់ប្រហារលើកប៉ាល់ដឹកកុងតឺន័រ ដោតទង់ជាតិស៊ីបមួយគ្រឿង ដោយចោទថា ​បានបើកចូលផ្លូវខុសច្បាប់។ កប៉ាល់នោះ ត្រូវឆាបឆេះ ហើយនាវិក ត្រូវបង្ខំចិត្តបោះបង់ចោលកប៉ាល់។

(រូប៖ Reuters)

ជាការឆ្លើយតប ភ្លាមៗនោះ អាមេរិក ក៏បើកការវាយប្រហារតាមអាកាសជុំទី៣ ត្រឹមមួយសប្តាហ៍ ទៅលើគោលដៅយោធាអ៊ីរ៉ង់ចំនួន ១៤០ កន្លែង រួម​ទាំង​​​ ទីតាំង​​​មីស៊ីលនិងដ្រូន,​ សមត្ថភាព​​​នាវាជើងទឹក, ​កន្លែង​សន្និធិ​​គ្រាប់​​​រំសេវ, ​បណ្តាញ​ទូរគមនាគមន៍ និង ទីតាំង​​ចាំឃ្លាំមើល​​​តំបន់​​សមុទ្រ​។​

យ៉ាងណា ទីក្រុងតេហេរ៉ង់ ក៏សងសឹកវិញយ៉ាងខ្លាំងក្លាដែរ ដោយ​វាយ​ប្រហារ​ លើ​ច្រើន​គោល​ដៅ ​ទូទាំងតំបន់មជ្ឈិម​បូព៌ា សំដៅ​មូលដ្ឋាន​ទ័ព​អាមេរិក នៅ​ប្រទេសកាតា ​បារ៉ែន កូវ៉េត ​និង អារ៉ាប់រួម​៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម