ព័ត៌មានជាតិ
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាសាកលវិទ្យាល័យដ៏ល្បីនៅកម្ពុជាមានអាយុ៧៥ ឆ្នាំហើយ
ភ្នំពេញ ៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាគ្រឹះស្ថានបណ្តុះបណ្តាលផ្នែកសុខាភិបាលដ៏ល្បីល្បាញនៅកម្ពុជាដែលមានទីតាំងស្ថិតនៅជាប់រដ្ឋករទឹកស្វ័យត ភ្នំពេញមានអាយុកាល៧៥ឆ្នាំហើយ។
បើតាមសាកលវិទ្យាល័យបានឱ្យដឹងថា ចាប់ផ្តើមពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ១៩៤៦ ដែលកាលនោះ មានឈ្មោះថា “សាលាមន្ត្រីសុខាភិបាល” សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានអាយុ ៧៥ ឆ្នាំ ហើយ គិតមកដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។
ចេញពីបាតដៃទទេ និងសំណង់អគារវាលរហោស្ថានបោះបង់យូរឆ្នាំ ព្រមទាំងធនធានមនុស្សក្នុងវិស័យសុខាភិបាល ចំនួនតិចជាង ៣០ នាក់ ដែលនៅសេសសល់មានជីវិត ពីរបបប្រល័យពូជសាសន៍ សាកលវិទ្យាល័យ បានបន្តអភិវឌ្ឍឡើងវិញឥតឈប់ឈរពីថ្ងៃទៅមួយថ្ងៃ។

ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់ និងជាស្ថាបនិកនៃសន្តិភាព សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានបន្តអភិវឌ្ឍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាប្រចាំ ដោយបំពាក់សម្ភារៈទំនើបៗ បន្ថែមទីតាំង សាងសង់អគារបន្ថែម ពង្រឹងគុណភាពនៃការបង្រៀន និងរៀន ការងារស្រាវជ្រាវ និងការផ្តល់សេវា ដើម្បីធានាបានថា ធនធានមនុស្ស ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកបដោយគុណវុឌ្ឍខ្ពស់ មានសីលធម៌វិជ្ជាជីវៈល្អ អាចផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព និង វិជ្ជាជីវៈខ្ពស់។
តាមប្រភពពីគ្រូពេទ្យក្មេង បានឱ្យដឹងថាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានអក្សរកាត់ថា “ស.វ.ស” ដែលហៅជាភាសាអង់គ្លេស University of Health Sciences (UHS) និង ហៅជាភាសាបារាំង Université des Sciences de la Santé (USS)។ មហាជនទូទៅតែងតែហៅឈ្មោះក្រៅថាសាលាក្រហម ដោយហេតុថាកាលពីមុន អគារទាំងអស់របស់ សាកលវិទ្យាល័យនេះមានពណ៌ក្រហម។

នាពេលបង្កើតដំបូងក្នុងជំនាន់អាណានិគមបារាំងនាឆ្នាំ ១៩៤៦ គ្រឹះស្ថានឧត្តមសិក្សានេះដាក់ឈ្មោះថា សាលាមន្ត្រីសុខាភិបាល។ ក្នុងជំនាន់សង្គមរាស្ត្រនិយម នាឆ្នាំ ១៩៥៣ បានប្តូរឈ្មោះជា សាលាភូមិទ្ទពេទ្យកម្ពុជា និង នាឆ្នាំ ១៩៦២ បានប្តូរឈ្មោះជា មហាវិទ្យាល័យវេជ្ជសាស្ត្រ ឱសថសាស្ត្រ។
កាលឆ្នាំ ១៩៦៧ មហាវិទ្យាល័យឱសថសាស្ត្របានផ្លាស់ប្ដូរទីតាំងទៅក្នុងបរិវេណ សាកលវិទ្យាល័យភ្នំពេញ។ ក្រោយមកទៀត នាឆ្នាំ ១៩៧១ បានផ្តូរឈ្មោះជា មហាវិទ្យាល័យវេជ្ជសាស្ត្រ និង វេជ្ជប្រតិព័ន្ឋ ដោយកាលនោះផ្នែកទន្តសាស្ត្រត្រូវបានបង្កើតឡើង។
ជាអកុសល ក្នុងជំនាន់ប្រល័យពូជសាសន៍ប៉ុលពតគ្រឹះស្ថានឧត្តមសិក្សាផ្នែកសុខាភិបាលមួយនេះត្រូវបានរងការបំផ្លាញ យ៉ាងធ្ងន់ធ្ងរ និង ត្រូវបោះបង់ចោល ទាំងស្រុង។ ក្រោយថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ ១៩៧៩ ដោយមានការខ្នះខ្នែងពីសំណាក់ព្រឹទ្ធសាស្ត្រាចារ្យនានា សាកលវិទ្យាល័យនេះបានបើកដំណើរការឡើងវិញនាខែ មករា ឆ្នាំ ១៩៨០ ដោយដាក់ឈ្មោះថា មហាវិទ្យាល័យចំរុះវេជ្ជសាស្ត្រ ឱសថសាស្ត្រ និង ទន្តវេជ្ជសាស្ត្រ។
១៧ឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៩៧ ក៏បានប្តូឈ្មោះជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រហូតមកដល់ពេលបច្ចុប្បន្ននេះ។ នាចុងឆ្នាំ ២០០១ សាកលវិទ្យាល័យចំណាស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជានេះ បានក្លាយជាគ្រឹះស្ថាន សាធារណៈរដ្ឋបាលដែលក្នុងនោះរួមមាន មហាវិទ្យាល័យវេជ្ជសាស្ត្រ មហាវិទ្យាល័យឱសថសាស្ត្រ មហាវិទ្យាល័យទន្តវេជ្ជសាស្ត្រ និង សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ។
បច្ចុប្បន្ន សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានទីតាំងចំនួន ២ ធំៗ គឺ៖ទីតាំងទី១៖ #៧៣ មហាវិថីព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ទីតាំងទី២៖ #៣០១ មហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

គួរបញ្ជាក់ដែរថា ចាប់ពីឆ្នាំ១៩៨០ មកដល់ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យ បានបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ចំនួន ជាង ២៧,០០០ នាក់ រួចហើយ ដែលធនធានសុខាភិបាលទាំងនេះ មួយចំនួនធំ កំពុងបំពេញការងាររបស់ខ្លួន ក្នុងវិស័យសុខាភិបាល ទាំងឯកជន និងរដ្ឋ៕
ដោយ ៖ សំអឿន

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


