វប្បធម៌ ជំនឿ
ជនជាតិដើមភាគតិច ព្នង នៅអភិរក្សប្រពៃណី សែនឡើងប្រយ៉ុងស្រែ
ជនជាតិដើមភាគតិចព្នង នៅភូមិឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ បាននាំគ្នាសែនឡើងក្បាលស្រែ ដល់អ្នកតាភ្នំ ដើម្បីសុំសេចក្តីចម្រុងចម្រើន។
ពិធីនេះបានបង្ហាញពីប្រពៃណី ទំនៀមទំលាប់របស់ជនជាតិព្នង សម្រាប់ឱ្យកូនចៅជំនន់ក្រោយបានស្គាល់ និងជួយបន្តអភិរក្ស។ លោក ច្រូ ញ៉ុង ជនជាតិព្នង តំណាងឱ្យ មេកញ្ទ្រាញជនជាតិព្នង បានបញ្ជាក់ថា នេះជាពិធីសែនឡើងប្រយ៉ុងស្រែ (ហៅថា ក្បាលស្រែ)។ ពិធីនេះ បងប្អូនជនជាតិព្នង ធ្វើតាមទម្លាប់ដែលមានពីដូនមកតាមកជារៀងរាល់ឆ្នាំមិនដែលអាក់ខានទេ។
លោកបន្តថា៖ “ការធ្វើបែបនេះ គឺសុំឱ្យស្រែស្រូវដែលកូនបានដាំដុះមកហើយនេះ ទទួលបានផ្លែផ្កាល្អ និងឱ្យលោកតាព្រៃភ្នំ ដែលថែរក្សាទឹកដី ព្រៃឈើ ក្រំថ្ម អ្នកតាប្រយ៉ុងស្រែ ជួយការពារព្រៃឈើឱ្យនៅគង់វង្ស ដាំណាំដាំដុះកុំឱ្យកើតជំងឺ និងកុំឱ្យមានសត្វព្រៃ ឬសត្វល្អិតចង្រៃមកយាយីស៊ីបំផ្លាញ”។
លោកស្រី ឃ្លឿប ជា បានលើកឡើងថា តាំងពីដឹងក្តីមក បងប្អូនជនជាតិតែងបានគោរពប្រពៃណីរបស់ជនជាតិ ដូចជាជនជាតិ ព្នង ព្រៅ គួយ ទំពួន ចារាយ ស្ទៀង គ្រឹង ការវែត ជាដើម បានធ្វើពិធីនេះដូចគ្នា។
លោកស្រី បន្តថា៖ “ជាពិសេសការសែនព្រេន សុំព្រះធរណីឱ្យដាក់គ្រាប់ពូជដាំដុះ ដាក់ចុះដុះឡើង សែនប្រយ៉ុងស្រែ សុំឱ្យបានភោគផលច្រើន សែនស្រូវឡើងជង្រុកទុកដាក់ឱ្យគង់គវង្ស និងសែនដឹងគុណព្រះម៉ែ ដែលចិញ្ចឹមកូនចៅបានធំធាត់”។
លោកតា គ្រុយូ ជនជាតិព្នង រស់នៅភូមិក្បាលរមាស បានលើកឡើងថា ពិធីនេះមិនខុសពីបងប្អូនខ្មែរធ្វើពិធីសែនព្រេននៅវត្តអារាមនោះទេ គ្រាន់បងប្អូនជនជាតិបាននាំគ្នាធ្វើនៅតាមរោងអ្នកតា និងទីកន្លែងធ្លាប់គោរពបូជាផ្សេងៗ ដូចដែលចាសទុំជនជាតិមានទំលាប់ធ្វើជាយូរយាមក។
លោកតាបន្តថា៖ “លើកនេះក៏ដូចសព្វដងដែរ មេកន្ទ្រាញតែងកោះហៅទាំងក្មេងចាស់ប្រុសស្រី មកជួបជុំសែនព្រេន ប្រមូលគ្នាយកអាហារ នំចំណី មានមាន់ អង្ករ បង្អែម អន្សម ស្រាពាង មកសែនព្រេន សុំឱ្យអ្នកតា ប្រយ៉ុងស្រែជួយឱ្យស្រែស្រូវបានផលច្រើនទាំងអស់គ្នា”។
សូមបញ្ជាក់ថា នៅស្រុកសេសាន មានអំបូរជនជាតិព្នងនៅឃុំក្បាលរមាស ជនជាតិព្រៅនៅឃុំកំភុន និងជនជាតិគ្រឹងនៅឃុំតាឡាត ដែលបាន និងកំពុងអភិរក្សប្រពៃណីនេះដូចគ្នា៕
អត្ថបទ៖ ងិន លីម
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ